ជាតិ
សោកសង្រេង! ប្តីប្រពន្ធ និងកូនប្រុស២នាក់ក្នុងគ្រោះថ្នាក់រលំអគារត្រូវបានបូជាក្នុងថ្ងៃតែមួយ
× ជារឿងសោកសង្រេងដែលពិបាកព័ណ៌នា ជីវិតមនុស្សមួយគ្រួសារត្រូវបានលេបត្របាក់ក្នុងគ្រោះថ្នាក់បាក់រលំអគារនៅខេត្តកែប កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ គ្រួសារដែលមានសមាជិក៤នាក់ ស្ថិតក្នុងចំណោមមនុស្ស៣៦នាក់ដែលបានទទួលមរណភាពក្នុងឧប្បតិហេតុនោះ។
តាមរបាយការណ៍របស់មន្ទីរពេទ្យខេត្តកែប លោក ហាស់ សុគុណ អាយុ៣០ឆ្នាំ រួមជាមួយភរិយារបស់លោក ឈ្មោះ ហែម សុគុណ អាយុ២៩ឆ្នាំ និងកូនប្រុសពីរនាក់ គឺ លី គឹមឆាយ អាយុ៨ឆ្នាំ និងលី គឹមឈីង អាយុ៤ឆ្នាំ សុទ្ធតែបានស្លាប់ក្នុងគំនរបាក់បែកនៃអគារ៦ជាន់នៅខេត្តកែប។
សាកសពទាំង៤ ត្រូវបានរកឃើញជាបន្តបន្ទាប់ នាព្រឹកថ្ងៃទី៥ ខែមករា ដែលត្រូវជាថ្ងៃទីបីនៃប្រតិបត្តិការរុករក ក្រោមវត្តមានដឹកនាំផ្ទាល់ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គ្រួសារដ៏កម្សត់នេះ មានទីលំនៅនៅខេត្តព្រះសីហនុ។
ពិធីបុណ្យសពសមាជិកគ្រួសារទាំង៤ រួមជាមួយសាកសពមួយទៀត ឈ្មោះ វ៉ា ចាន់ណារិទ្ធ បានប្រព្រឹត្តទៅកាលពីល្ងាចទី៥ ខែមករា ដដែល នៅវត្តជោតញ្ញាណ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីសំណាក់លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ។
ប្រតិបត្តិរុករកជនរងគ្រោះក្នុងគ្រោះថ្នាក់បាក់រលំអគារ៦ជាន់នៅខេត្តកែប បានប្រព្រឹត្តអស់រយៈពេលជាង៤៣ម៉ោង ដោយតុល្យការផ្លូវការបង្ហាញថា មនុស្ស៣៦នាក់ស្លាប់ (ស្រី១៤នាក់) និងរបួសធ្ងន់ស្រាល២៣នាក់ (ស្រី៩នាក់)៕
តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)៕
© រក្សាសិទ្ធិដោយ thmeythmey.com