អន្តរជាតិ
ភ្លៀងផ្តើមធ្លាក់នៅអូស្ត្រាលី ដោយជួយបន្ធូរភ្លើងឆេះមួយផ្នែក ប្រភពរូប៖ សារព័ត៌មានអូស្ត្រាលី ABC
× ដំណក់ទឹកភ្លៀង ចាប់ផ្ដើមធ្លាក់ក្នុងប្រទេសអូស្ត្រាលីដែលធ្វើឲ្យសីតុណ្ហភាពបានធ្លាក់ចុះ ហើយទំនងធ្វើឲ្យធូរស្រាលមួយផ្នែកជុំវិញភ្លើងឆេះដ៏សន្ធោសន្ធៅ។ ក៏ប៉ុន្តែមន្ត្រីអូស្ត្រាលី ព្រមានថា ភ្លើងដែលកំពុងបំផ្លិចបំផ្លាញប្រទេសនេះ នឹងផ្ទុះឡើងខ្លាំងជាថ្មី។
នៅថ្ងៃអាទិត្យ ៥ ខែមករា ភ្លៀងដែលកើនដល់កម្រិត ១៥ មីលីម៉ែត្រ បានធ្លាក់ចុះ នៅឆ្នេរភាគខាងកើត ចាប់ពីទីក្រុង Sydney ដល់ ទីក្រុង Melbourne ។ តាមរបាយការណ៍ ភ្លៀងក៏ធ្លាក់ខ្លាំងក្នុងផ្នែកខ្លះនៃរដ្ឋ New South Wales ដែលរងប៉ះពាល់ច្រើនពីករណីភ្លើងឆេះនេះ។
ទោះមានភ្លៀងធ្លាក់ដែលជួយបន្ធូរបន្ថយឥទ្ធិពលភ្លើងឆេះក៏ដោយក្តី នៅយប់ថ្ងៃអាទិត្យ មន្ត្រីអូស្ត្រាលី បានព្រមានថា សីតុណ្ហភាព នឹងកើនឡើងវិញ ត្រឹមថ្ងៃព្រហស្បតិ៍ ទី៩ ខែមករាខាងមុខ។ តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ពួកគេ ក៏បានអះអាងថា អណ្ដាតភ្លើងធំសម្បើមដែលកំពុងឆេះក្នុងរដ្ឋ Victoria និង New South Wales អាចជួបប្រសព្វគ្នាហើយបង្កើតទៅជា ភ្លើងឆេះកាន់តែធំសម្បើមថែមទៀត (mega blaze) ។
តាមប្រភពដដែល អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទ ៦ មករា ថាអាជ្ញាធរអូស្ត្រាលី បានបន្តកិច្ចប្រឹងប្រែងពួកគេដើម្បីផ្ដល់ការផ្គត់ផ្គង់ដល់មនុស្សរាប់ពាន់នាក់ដែលបានជម្លៀសចេញពីផ្ទះសម្បែងព្រោះភ្លើងឆេះនេះ។ លោកស្រី និយាយបែបនេះ៖«យើងត្រូវធានាថា មនុស្សដែលបាត់បង់ទីជម្រក មានទីទួលសុវត្ថិភាពសមរម្យ»។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានបញ្ជាក់ថា លុយជាង ៦៩០០០ដុល្លារ នឹងត្រូវបញ្ចេញដើម្បីទប់ទល់នឹងគ្រោះមហន្តរាយនេះ ខណៈរដ្ឋាភិបាល ប្តេជ្ញាផ្តល់លុយបន្ថែមជាង ១,៣៨ពាន់លានដុល្លារដើម្បីធ្វើការលើរឿងនេះ ក្នុងពេល២ឆ្នាំខាងមុខ។
ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក ភ្លើងឆេះក្នុងប្រទេសអូស្ត្រាលី បានសម្លាប់មនុស្សយ៉ាងតិច ២៣ នាក់។ ផ្ទះជាង១៤០០ខ្នង ត្រូវបានបំផ្លាញ ហើយដីរាប់លានហិកតា បានឆេះខ្លោចខ្ទេចខ្ទី។ ម្យ៉ាងវិញទៀត សត្វជិត ៥០០លានក្បាល ត្រូវគេជឿជាក់ថា បាត់បង់ជីវិតក្នុងភ្លើងឆេះព្រៃដែលបន្តរាលដាលជុំវិញប្រទេសអូស្ត្រាលី ក្នុងពេល៣ខែ។ រដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី អះអាងថា សត្វខ្លាឃ្មុំអូស្ត្រាលី (Koalas) បាត់បង់៣០ភាគរយក្នុងហេតុការណ៍នេះ៕
Tag:
អូស្ត្រាលី
ភ្លើងឆេះ
© រក្សាសិទ្ធិដោយ thmeythmey.com