រថយន្ត
អន្តរជាតិ
ឆ្នាំ​២០១៩ មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្លាប់​ដោយ​គ្រោះ​ចរាចរណ៍​នៅ​ក្រុង Oslo
06, Jan 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្រុង​អូ​ស្លូ ប្រទេស​ន័​រវេ​ស ពិតជា​គំរូ​ដ៏​ល្អ​បំផុត​របស់​ពិភពលោក​។ នា​រយៈពេល​ពេញ​មួយឆ្នាំ​២០១៩ គ្មាន​ថ្មើរជើង​ណា​ម្នាក់ អ្នកជិះ​កង់​ណា​ម្នាក់ ឬ​កុមា​រណា​ម្នាក់ ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរណ៍​នៅ​អូ​ស្លូ​ឡើយ ពោលគឺ​មានតែ​១​ករណី​ប៉ុណ្ណោះ​។​

 
​សារព័ត៌មាន​ន័​រវេ​ស Aftenposten បាន​រាយការណ៍​ថា មាន​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​មិថុនា នៅពេលដែល​រថយន្តរ​បស់​គាត់​បើក​បុក​របង​មួយ​នៅ​សង្កាត់ Skillebekk​។​
 
​កាលពី​ឆ្នាំ​១៩៧៥ ករណី​គ្រោះថ្នាក់​ចរណ៍​នានា បានសម្លាប់​មនុស្ស​៤១​នាក់ នៅ​អូ​ស្លូ ហើយ​ក្រោយមក​រដ្ឋាភិបាល បានចាប់ផ្តើម​វិនិយោគ​ដើម្បី​រឹតបន្តឹង​សុវត្ថិភាព​ចរាចរណ៍​។ យានយន្ត​ត្រូវបាន​ហាមឃាត់​នៅ​បណ្តា​ផ្លូវ​ជាច្រើន​ក្នុង​ទីប្រជុំជន តាមរយៈ​ការដាក់​ដំណើរការ​កម្មវិធី «Vision Zero»​។​
 
​លោក Chirstoffer Solstad Steen មន្ត្រី​ក្រុមប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍​ន័​រវេ​ស បានបញ្ជាក់​ប្រាប់ Aftenposten ថា​៖ «​ការបែងចែក​ប្រភេទ​យានយន្ត​ឲ្យ​បានច្បាស់លាស់​នៅលើ​ផ្លូវថ្នល់ ពិតជា​រួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់ ជាពិសេស​ការលើកទឹកចិត្ត​ការ​ជិះ​កង់​»​។​
 
​ន័​វេស​អនុវត្តបាន​យ៉ាង​ល្អ​ចំពោះ​វិធានការ​កាត់បន្ថយ​ល្បឿន ពិសេស​នៅក្បែរ​បណ្តា​សាលារៀន ហើយ​ផ្តល់​អាទិភាព​ខ្ពស់​សម្រាប់​ថ្មើរជើង និង​អ្នកជិះ​កង់​។ ជាមួយគ្នានេះ គុណភាព​នៃ​បណ្តាញ​ផ្លូវថ្នល់ និង​ការបំពាក់​ឧបករណ៍​ផ្សេងៗ​ក្នុង​យានយន្ត ក៏មាន​ការរីកចម្រើន​ផងដែរ​។​
​នៅ​ថ្នាក់ជាតិ ន័​រវេ​សមាន​មនុស្ស​១១០​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៩ ខណៈ​ឆ្នាំ​២០១៨ មាន​១០៨​នាក់​។ ទោះបីជា​យ៉ាងណាក៏ដោយ គេ​ជឿជាក់ថា អត្រា​គ្រោះថ្នាក់​នឹង​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​។​
 
​នៅ​ឆ្នាំ​១៩៧០ មនុស្ស​៥៦០​នាក់ ក្នុងនោះ​ក្មេង​១០១​នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ន័​រវេ​ស ហើយ​ជិត​៥០​ឆ្នាំ​ក្រោយមក មាន​យុវជន​អាយុ​១៦​ឆ្នាំ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​៕



Tag:
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com