ក្លិបបាល់ទាត់បឹងកេតនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ បានបន្តកិច្ចសន្យាជាមួយកីឡាករបរទេសពីររូបរួមមាន Kenta Yamazaki និងកីឡាករ Hikaru Mizuno។ ក្លិបដែលទើបប្តូរគ្រូបង្វឹកថ្មីនេះ ក៏ទើបនាំចូលយុវជន៤រូប ដែលបានរំសាយពីសាលាបាល់ទាត់ជាតិបាទីផងដែរ។
ក្រោយចុះកិច្ចសន្យានាំចូលយុវជន៤រូបរួមមានខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា, ខ្សែការពារ សៅ វ៉ៃហ្វី, ជុង មករា និងអ្នកចាំទី ថា ច័ន្ទរិទ្ធី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបរំសាយចេញពីសាលាបាល់ទាត់ជាតិបាទី ក្លិបបឹងកេត បានបន្តកិច្ចសន្យាជាមួយកីឡាករជនជាតិជប៉ុនពីររូបនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩នេះ។ កីឡាករទាំងពីររូបរួមមានខ្សែបម្រើ Kenta Yamazaki និងខ្សែការពារ Hikaru Mizuno។
កីឡាករ Hikaru Mizuno បានចូលរួមជាមួយបឹងកេតតាំងពីឆ្នាំ២០១៧ ក្រោយរួមរស់ជាមួយព្រះខ័នរាជស្វាយរៀងបានមួយរដូវកាល។ ខ្សែការពារវ័យ២៨ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្លិបលំដាប់ទី២របស់ជប៉ុន FC Ryukyu នៅឆ្នាំ២០១៤ មុនផ្ទេរទៅលេងឲ្យក្លិបលីគកំពូលសិង្ហបុរី Albirex Niigata Singapore នៅឆ្នាំ២០១៥។ រូបគេ បង្ហាញខ្លួនជាមួយក្លិបបាន២៧ប្រកួតដោយរកបានពីរគ្រាប់។
ក្រោយចំណាយពេល៣រួមរស់ជាមួយបឹងកេត Mizuno បានជួយឲ្យក្លិបនេះឈ្នះពានលីគកំពូលឆ្នាំ២០១៧ និងជើងឯករងឆ្នាំ២០១៨។
ចំណែកខ្សែបម្រើ Kenta Yamazaki បានចូលរួមជាមួយបឹងកេតនៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៩។ មុនចូលរួមជាមួយបឹងកេតកីឡាករវ័យ៣២ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លិប Tokyo 23 FC របស់ជប៉ុននៅឆ្នាំ២០១២។ បន្ទាប់មកគេក៏បានមកប្រកបអាជីពនៅលើទឹកដីអាស៊ានជាលើកដំបូងជាមួយក្លិបរបស់ថៃ TTM Customs នៅឆ្នាំ២០១៣ មុនផ្ទេរទៅលេងឲ្យក្លិបលំដាប់ទី២របស់ ម៉ុងតេណេហ្គ្រោ Fudbalski klub Berane និង Omladinski fudbalski klub Grbalj។
បន្ទាប់មករូបគេ ក៏ត្រឡប់មកប្រកបអាជីពនៅលើទឹកដីថៃម្តងទៀត ដោយចូលរួមជាមួយក្លិប Ubon UMT United ចន្លោះពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨ មុនផ្ទេរមកកាន់ក្លិបបឹងកេតនៅពាក់កណ្តាលឆ្នាំ២០១៩។
ទន្ទឹងនឹងនេះ ក្លិបបឹងកេតបានតែងតាំងលោក Apisit Im Amphai ឲ្យធ្វើជាគ្រូបង្វឹកជំនួសលោក ហៅ សុជាតិ ដែលឡើងទៅកាន់តំណែងជានាយកបច្ចេកទេសគ្រប់គ្រងនិងអភិវឌ្ឍយុវជន។ នេះមិនមែនជាលើកទី១នោះទេ ដែលគ្រូបង្វឹករូបនេះមកកាន់ទឹកដីកម្ពុជា ដោយធ្លាប់ដឹកនាំក្លិបបាល់ទាត់ភ្នំពេញក្រោនឈ្នះពានលីគកំពូល២លើក និងពានរង្វាន់សម្តេច ហ៊ុន សែន ២លើក។
លោកមានបទពិសោធធ្លាប់ដឹកនាំក្លិបជាច្រើននៅលើទឹកដីថៃរួមមានក្លិប Rangsit FC, Chiangrai United, Chiangmai United និងគ្រូយុវជនរបស់ក្លិប Bangkok Glass ជាដើម។ កិច្ចសន្យាមានសុពលភាពរយៈពេលមួយឆ្នាំ៕