ជាតិ
អ្នកភូមិ​ជ្រាវ ផ្តើម​ប្រមូល​ផល​ផ្កា​ខាត់ណា តែ​រអ៊ូ​រឿង​តម្លៃថោក​
06, Jan 2020 , 11:19 pm        
រូបភាព
​សៀមរាប​៖ ប្រជាកសិករ​នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប កំពុង​ប្រមូល​ផល​ផ្កា​ខាត់ណា​។ អ្នកភូមិ​នេះ​និយម​ដាំ​បន្លែ​តាម​រដូវ និង​ប្រើប្រាស់​ដី​ក្បែរ​ផ្ទះ​ដាំ​ដុះ​បន្លែ​ផ្គត់ផ្គង់​តាម​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប​។ នៅ​ខែម​ករានេះ ផ្កា​ខាត់ណា​ចាប់ផ្តើម​ឱ្យ​ផល​បណ្ដើរៗ តែ​ឆ្នាំនេះ​តម្លៃ​ហាក់​ទាប​ជាង​ឆ្នាំមុនៗ​បន្ដិច​។​

 
​អ្នកស្រី ស្រស់ កសិករ​មួយរូប​បាន​និយាយថា អ្នកស្រី​ដាំ​ខាត់ណា​យក​ផ្កា​ច្រើន​ឆ្នាំ​មកហើយ ដែល​បន្លែ​ប្រភេទ​នេះ​ដាំ​បានតែ​នៅ​រដូវ​ត្រជាក់​ប៉ុណ្ណោះ គឺ​ចាប់ពី​ខែ កញ្ញា និង​ប្រមូល​ផល​រយៈពេល​៣​ខែ​បន្ទាប់​។ ជា​ប្រភេទ​បន្លែ​ពិបាក​ថែទាំ ខាត់ណា​ពិបាក​ដាំ​ដុះ​បន្ដិច​ពិសេស​ពេល​នៅ​តូចៗ​ដោយ​ត្រូវការ​ទឹក និង​ការថែទាំ​ច្រើន​។ អ្នកស្រី ស្រស់ ប្រាប់ថា​នៅ​ឆ្នាំនេះ អ្នកស្រី​ប្រមូល​ផល​ផ្កា​ខាត់ណា​ចាប់ពី​ដើមខែ​មករា និង​មានតម្លៃ​ជា​មធ្យម​ពី​២៥០០​រៀល ទៅ​៣០០០​រៀល ក្នុង​១​គីឡូក្រាម​។ តម្លៃ​នេះ ត្រូវបាន​កសិករ​រូបនេះ​យល់ថា ថោក​ជាង​ឆ្នាំទៅ​បន្ដិច ដែល​ពេលនោះ​លក់បាន​ពី​៥០០០​រៀល​ទៅ​៦០០០​រៀល​ឯណោះ ក្នុង​១​គីឡូក្រាម​។​
 
​ចំណែក​កសិករ​អ្នកស្រី គង់ ដែល​កំពុង​ដើរកាត់​ផ្កា​ខាត់ណា​លើ​ផ្ទៃដី​ប្រមាណ​៣០​អា (១០០​ការ៉េ​) ឯណោះ​វិញ ក៏បាន​រអ៊ូ​ពី​តម្លៃ​ធ្លាក់​ថ្លៃ​នៅពេល​នេះដែរ​។ អ្នកស្រី គង់ យល់ថា ប្រហែល​នៅ​ឆ្នាំនេះ​អ្នក​ដាំ​ច្រើនពេក​ទើប​ធ្វើឱ្យ​ខាត់ណា​អ្នកស្រី​លក់បាន​ក្នុងតម្លៃ​ត្រឹម​៣០០០​រៀល​ទៅ​៣៥០០​រៀល​។ ក្រោយពី​ប្រមូល​ផល​ផ្កា​ខាត់ណា​ហើយ អ្នកស្រី គង់ នឹង​ដាំ​ត្រកួន​បន្តទៀត ដោយ​រំពឹងថា​នឹង​បាន​តម្លៃ​ល្អ​នៅ​ឆ្នាំនេះ​។​
 
​ចៅសង្កាត់​ជ្រាវ លោក ក្ដោប រ៉​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ថា នៅ​ប្រទេស​កម្ពុជា​ទាំងមូល​នា​រដូវ​នេះ គឺ​អាកាសធាតុ​មាន​ភាព​អំណោយផល​ក្នុង​ការដាំដុះ​ដំណាំ​បន្លែ​ផ្សេងៗ ទើប​បណ្ដាលឱ្យ​កសិផល​មិនសូវមាន​តម្លៃ​ខ្ពស់​។ លោក​ចៅសង្កាត់​បន្តថា សង្កាត់​ជ្រាវ​មាន​៧​ភូមិ មាន​ប្រជាជន​សរុប​ជាង​៤​ពាន់​គ្រួសារ ស្មើនឹង​ប្រមាណ​១,៩​ម៉ឺន​នាក់ ហើយ​ភាគច្រើន​ជា​កសិករ ក្រៅពីនោះ​ជា​អ្នកលក់ដូរ​បន្ទាប់បន្សំ​។ ការដាំដុះ​បន្លែ​បាន​ផល​ច្រើន គឺ​តាម​ភូមិ​ដែលមាន​ប្រឡាយទឹក រីឯ​ភូមិ​ផ្សេង​ដែល​ប្រើ​អណ្ដូង​ក្រោម​ដី​មិនសូវ​បាន​ផល​ល្អ​ទេ​។ លោក ក្ដោប រ៉​ន ទាញ​សេចក្ដី​សន្និដ្ឋានថា ទំនង​ទឹក​នោះ​សម្បូរ​ជាតិ​រ៉ែ​ខ្ពស់​ពេក​ទើប​មិន​អំណោយផល​ដល់​ដំណាំ​ស្លឹក​៕ 













Tag:
 ខាត់ណា​
  សង្កាត់​ជ្រាវ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com