ជាតិ
កម្ពុជា ចង់ឃើញលទ្ធផលវិជ្ជមាននៃការចរចារវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា លើបញ្ហារ៉ូហ៊ីងយ៉ា (ខាងស្តាំ)លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក មហាម៉ាត់ ហ្វារុកខាន់ (Muhammad Faruk Khan) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាបង់ក្លាដែស នៅព្រឹកថ្ងៃទី៦ មករា ២០១៩ នេះ
× ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ចង់ឃើញបង់ក្លាដែស និងមីយ៉ានម៉ា ទទួលបានលទ្ធផលវិជ្ជមាន លើបញ្ហាជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា ដែលភៀសខ្លួន ទៅរស់នៅក្នុងប្រទេសបង់ក្លាដែស។ លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក មហាម៉ាត់ ហ្វារុកខាន់ (Muhammad Faruk Khan) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាបង់ក្លាដែស នៅព្រឹកថ្ងៃទី៦ មករានេះ។
បច្ចុប្បន្នបង់ក្លាដែស កំពុងជួបបញ្ហានៃការហូរចូលនូវជនអន្តោប្រវេសន៍យ៉ាងសន្ធឹកសន្ធាប់ ដោយក្នុងនោះមានជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណចំនួន ១លាន១សែននាក់ ។ ដោយសារតែបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ានេះទើបលោកមហាម៉ាត់ ហ្វារុកខាន់ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបង់ក្លាដែស ស្នើឱ្យកម្ពុជា គាំទ្រដល់ដំណើរការចរចាទ្វេភាគីដោយសន្តិវិធី រវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា ។
ឆ្លើយតបនឹងការលើកឡើងរបស់ភាគីបង់ក្លាដែសនេះ អនុប្រធានទី១ រដ្ឋសភាកម្ពុជា លោក ងួន ញិល បាននិយាយដូច្នេះថា៖«ចំពោះបញ្ហាលំហូរជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា ទៅក្នុងប្រទេសបង់ក្លាដែស រដ្ឋសភាកម្ពុជា គាំទ្រ និងសង្ឃឹមទុកជាមុនអំពីការចរចារទ្វេភាគីដោយសន្តិវិធីរវាងបង់ក្លាដែស ជាមួយមីយ៉ាន់ម៉ា នឹងទទួលបានលទ្ធផលល្អ »។
ប្រទេសកម្ពុជា និងបង់ក្លាដែស បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៩៣ ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ កាន់តែមានភាពល្អប្រសើរជាលំដាប់ លើវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្មជាដើម។ ដោយឡែកចំពោះវិស័យការទូតសភា គឺរដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បង់ក្លាដែស ។ នេះបើតាមអនុប្រធានទី១ រដ្ឋសភាកម្ពុជា៕
Tag:
ងួន ញិល
បង់ក្លាដែស
មីយ៉ាន់ម៉ា
អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com