ជាតិ
សង្គមជាតិ
នាយក​រដ្ឋ​ន្ត្រី​៖ ពេល​ច្បាប់​សំណង់​អនុវត្តបាន​ពេញលេញ ការបាក់​អគារ​នឹង​ឈានទៅ​លុបបំបាត់​
06, Jan 2020 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា នៅពេលណា​ច្បាប់​ស្តីពី​សំណង់ ត្រូវបាន​អនុវត្ត​ពេញលេញ​នៅ​កម្ពុជា ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ដែល​កំពុង​ដំណើរការ​សាងសង់ នឹងត្រូវ​កាត់បន្ថយ ឬក៏ «​ឈានទៅ​លុបបំបាត់​តែម្តង​»​។


 
​ច្បាប់​ស្តីពី​សំណង់ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ សម្តេចនាយក​រដ្ឋមន្ត្រី យល់ថា ការដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​សំណង់ ទើប​តែមាន​រយៈពេល​២​ខែ​ប៉ុណ្ណោះ ដោយ​មិនទាន់​អាចអនុវត្ត​បាន​ពេញលេញ​នោះទេ​។  
 
​ប្រមុខ​រដ្ឋាភិបាល លើកឡើង​ពី​ច្បាប់​ស្តីពី​សំណង់ ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ នៅ​ទីតាំង​បាក់​អគារ​កម្ពស់​៦​ជាន់​ក្នុង​ក្រុងកែប ក្រោយពី​បញ្ចប់​ការរុករក​ជនរងគ្រោះ​ក្នុង​គំនរ​អគារ​នេះ​។ 
 
​សំឡេង​



 
​ច្បាប់​ស្តីពី​សំណង់ ដែលមាន​១១១​មាត្រា  មាន​គោលបំណង​ធានា​ពី​គុណភាព​-​សុវត្ថិភាព​សំណង់ និង​មាន​គោលដៅ​កំណត់​គោលការណ៍ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សំណង់ វិធានការ និង នីតិវិធី​ក្នុងការ​គ្រប់គ្រង​វិស័យ​សំណង់​នៅ​កម្ពុជា​។​
 
​រយៈពេល​ប្រមាណ​៧​ខែ​មកនេះ កម្ពុជា មាន​ករណី​បាក់​រលំ​អគារ​៣​លើក​។ ករណី​១​ទី បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​សម្លាប់​មនុស្ស​២៨​នាក់ និង​មាន​អ្នករបួស​២៦​នាក់​។ ករណី​ទី​២ បាក់​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​នៅ​ក្រុង​សៀមរាប កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩ ដោយ​សម្លាប់​មនុស្ស​៣​នាក់ និង​មាន​អ្នករបួស​១៣​អង្គ​/​នាក់​។ ករណី​ទី​៣ បាក់​អគារ​កម្ពស់​៦​ជាន់​នៅ​ក្រុងកែប នា​ដើមខែ​មករា ឆ្នាំ​២០២០​នេះ ដោយ​សម្លាប់​មនុស្ស​ដល់​ទៅ​៣៦​នាក់ និង​មាន​អ្នករបួស​២៣​នាក់​។ អគារ​ទាំង​៣ ដែល​បាក់​រលំ​នេះ សុទ្ធតែ​ស្ថិតក្នុង​ដំណើរការ​សាងសង់ ហើយ​អ្នកស្លាប់​និង​អ្នករបួស​ភាគច្រើន ជា​កម្មករសំណង់​៕   

Tag:
 បាក់​អគារ​នៅ​កែប​
  ហ៊ុន សែន​
  ច្បាប់​សំណង់
© រក្សាសិទ្ធិដោយ thmeythmey.com