អន្តរជាតិ
តំបន់​មជ្ឈិមបូព៌ា នឹង​កាន់តែ​អស្ថិរភាព​និង​គ្រោះថ្នាក់ ក្រោយ​ការស្លាប់ Soleimani
06, Jan 2020 , 6:01 pm        
រូបភាព
ដោយ:
​ក្រោយ​ការស្លាប់​របស់​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​ម្នាក់​របស់​អ៊ីរ៉ង់ រដ្ឋាភិបាល​ក្រុង តេ​ហេ​រ៉ង់ បានប្រកាស​លែងគោ​រព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។ ជាមួយគ្នានេះ សភា​អ៊ីរ៉ាក់​បាន​បោះឆ្នោត​ស្នើ​ឲ្យ​កងទ័ព​អាមេរិក​ទាំងអស់​ដកចេញ​ពី​ទឹកដី​ខ្លួន​។ ការ​វិត្ត​ន៍​ទាំងពីរ​ដែល​បង្កឡើង​ដោយ​ទង្វើ​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ អាច​នាំ​ឲ្យ​អ៊ីរ៉ង់​ខិត​ទៅរក​ការបង្កើត​គ្រាប់បែក​បរិ​មា​ណូ ហើយ​ព្រម​គ្នា​នេះដែរ ក៏​បើកដៃ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម (ISIS) ងើបឡើង​ជាថ្មី​ក្នុងប្រទេស​អ៊ីរ៉ាក់​ផងដែរ ។ ការណ៍​នេះ នឹងធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា​ឆ្ពោះទៅរក​អស្ថិរភាព និង​គ្រោះថ្នាក់​ខ្លាំង​។ បន្ថែម​ពី​ភាព​តានតឹង​ទាំងនេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ទារ​សំណង​រាប់ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់ ឬ​ដាក់ទណ្ឌកម្ម​ខ្លាំង​បំផុត ប្រសិនបើ​ពួកគេ​សម្រេច​បណ្ដេញ​ទ័ព​អាមេរិក​ចេញ​នោះ​។

 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​៥ មករា ដែល​ចុះផ្សាយ​លើ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ រដ្ឋបាល​ប្រធានាធិបតី Hassan Rouhani គូសបញ្ជាក់ថា អ៊ីរ៉ង់ នឹង​លែង​បន្ត​គោរព​តាម​ការ​រឹតត្បិត​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​លើ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ព្រមទាំង​លើ​សកម្មភាព​អភិវឌ្ឍន៍​និង​ស្រាវជ្រាវ​របស់ខ្លួន​ទៀតហើយ​។ សេចក្តីថ្លែងការណ៍​នេះ បញ្ជាក់​ដូច្នេះ​ថា​៖«​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ លែង​ប្រឈម​នឹង​ការកំណត់​ណាមួយ​ក្នុង​ប្រតិបត្តិការ​នេះ​ទៀតហើយ​»​។ 

មេដឹកនាំកំពូលអ៊ីរ៉ង់ ចុះពិនិត្យទីតាំងចម្រាញ់ប្រេង (BBC) 
 
​ការប្រកាស​នេះ បញ្ជាក់​ពី​ជំហរ​របស់​អ៊ីរ៉ង់​ក្នុង​ការវិល​ត្រលប់​ទៅ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ ក្រោយពី​លោក ដូ​ណា​ល់ ត្រាំ បាន​ដក​អាមេរិក​ចេញ​ដោយ​ឯកតោភាគី​ពី​កិច្ច​ព្រម​ព្រៀយ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំ​២០១៨ ហើយ​បានដាក់​ទណ្ឌកម្ម​លើ​ខ្លួន​ជាថ្មី​។ ការណ៍​នេះ បាន​បង្កើន​ភាព​តានតឹង​ក្នុង​តំបន់​ម​ជ្ឈិ​បូព៌ា​កាន់តែខ្លាំង​ឡើង ខណៈ​សត្រូវ​ចាស់​របស់​អ៊ីរ៉ង់ គឺ​អ៊ីស្រាអែល ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អាមេរិក បាន​ប្តេជ្ញា​ថា​នឹងមិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ផលិត​គ្រាប់បែក​បរិ​មា​ណូ​បានឡើយ​។ 
 
​ទោះ​ពុំ​បញ្ជាក់​លម្អិត​ថា ខ្លួន​នឹង​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញូ​ម​ដល់​កម្រិតណា​ទេនោះ ក្រុង តេ​ហេ​រ៉ង់ បើតាម​របាយការណ៍​កន្លងទៅ បាន​បំពាន​ផ្នែក​ខ្លះ​នៃ​កម្រិត​កំណត់​របស់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រួចហើយ ហើយ​វា​គឺជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​ដើម្បី​រួច​ផុតពី​ការដាក់ទណ្ឌកម្ម​។ អ៊ីរ៉ង់ បាន​បង្កើន​ផលិតកម្ម​ខ្លួន ដោយ​ចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញូ​ម​ដល់ ៥ ភាគរយ  ហើយ​ចាប់ផ្តើម​ការ​ចម្រាញ់​ជាថ្មី​នៅ​ទីតាំង​ក្រោម​ដី​ខ្លួន​មួយ​។ ទោះបីជា​ខណៈ​នេះ អ៊ីរ៉ង់ ពុំទាន់​មាន​សារធាតុ​អ៊ុយ​រ៉ា​ញូ​ម​ដែល​បាន​ចម្រាញ់​ដល់​កម្រិត​ថ្នាក់​ក្លាយជា​អាវុធ ដែល​ស្មើនឹង ៩០ ភាគរយ​ក៏ដោយ​ក្តី គេ​ប៉ាន់​ស្មានថា អ៊ីរ៉ង់ ត្រូវការ​ពេល​មួយឆ្នាំ​ប៉ុណ្ណោះ​ដើម្បី​មាន​សម្ភារ​គ្រប់គ្រាន់​ក្នុងការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​ក្រុង​តេ​ហេ​រ៉ង់ ជ្រើសរើស​ធ្វើបែបនេះ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ Abbas Mousavi​បាន​លើកឡើងថា ឃាតកម្ម​លើ​លោក​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani មេបញ្ជាការ​កម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ នឹង​ជំរុញ​ឲ្យ​មន្ត្រី​អ៊ីរ៉ង់​សម្រេច​ជ្រើស​យក​ការ​ដើរចេញ​កាន់តែ​ឆ្ងាយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ 

សមាជិកសភាអ៊ីរ៉ាក់ បោះឆ្នោតលើសេចក្តីសម្រេចបញ្ចប់វត្តមានកងទ័ពបរទេស នៅថ្ងៃ ៥ មករា ២០២០ (AP)
 
​ងាក​ទៅ​និយាយ​ពី​អ៊ីរ៉ាក់ ដែល​ចាត់ទុក​ការវាយប្រហារ​តាម​ដែនអាកាស​របស់​អាមេរិក​ដែល​ឈានដល់​សម្លាប់ លោក Soleimani ជាការ​បំពាន​ដែន​អធិបតេយ្យភាព​ប្រទេស​ខ្លួន លោកនាយក​រដ្ឋមន្ត្រី Adel Abdul-Mahdi បាន​និយាយថា រដ្ឋាភិបាល​អ៊ីរ៉ាក់ មាន​ជម្រើស​ពីរ​យ៉ាង ដោយ​មួយ​គឺ​បញ្ចប់​វត្តមាន​កងទ័ព​បរទេស ឬ​ទី​២ គឺ ការ​រឹតត្បិត​បេសកកម្ម​ពួកគេ​។ ក្រោយមក លោក បាន​សម្រេចយក​ជម្រើស​ទី ១​។ 
 
​ជាក់ស្តែង នៅ​ថ្ងៃទី ៥ មករា សមាជិកសភា​អ៊ីរ៉ាក់​១៨០​នាក់ បាន​បោះឆ្នោត​លើ​សេចក្តីសម្រេច​មួយ ដោយ​ទាមទារ​ឲ្យ​បញ្ចប់​វត្តមាន​យោធា​បរទេស​ក្នុងប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ ក្នុងនោះ កងទ័ព​អាមេរិក ប្រមាណ ៥២០០​នាក់ ដែល​ឈរ​ប្រយុទ្ធ​តទល់​នឹង​ក្រុម​ឧទ្ទាម​ជ្រុលនិយម ISIS ។ សេចក្តីសម្រេច​នេះ បាន​គាំទ្រ​ដោយ​សមាជិក​មកពី​ក្រុម​ស៊ី​អ៊ី​ត ដែល​កាន់កាប់​សំឡេង​ភាគច្រើន​ក្នុង​សភា​។ 
 
​មែនទែនទៅ ការ​ដកទ័ព​អាមេរិក​ចេញពី​ទឹកដី​អ៊ីរ៉ាក់ មិន​ត្រឹមតែ​កាត់បន្ថយ​កម្លាំង​មួយផ្នែកធំ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​អាច​បើកដៃ​ឲ្យ​អ៊ីរ៉ង់​ពង្រីក​ឥទ្ធិពល​ខ្លួន​ក្នុងប្រទេស​អ៊ីរ៉ាក់​ដែលជា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​គ្រប់គ្រង​ដោយ​ក្រុម​អ្នក​កាន់សាសនា​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​ដូច​អ៊ីរ៉ង់​ដែរ​។  
 
​ទាក់ទិន​នឹង​ការបោះឆ្នោត​ដក​កងទ័ព​អាមេរិក​ចេញពី​សំណាក់​សភា​អ៊ីរ៉ាក់ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រតិកម្ម​ដោយ​យក​រឿង​លុយ​មក​និយាយ​។ ពីរ​ដ្ឋ Florida ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ ទាមទារ​ឲ្យ​អ៊ីរ៉ាក់​បង់លុយ​ដែល​អាមេរិក​ចាយ​លើ​ផ្នែក​យោធា​ក្នុងប្រទេស​អ៊ីរ៉ាក់​មុននឹង​ខ្លួន​ចាកចេញ ហើយក៏​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ប្រឆាំង​អ៊ីរ៉ាក់​ទៀតផង​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន​ពេល​ឡើង​យន្តហោះ Air Force One លោក​ប្រធានាធិបតី ត្រាំ អះអាងថា សហរដ្ឋអាមេរិក មាន​មូលដ្ឋាន​ទ័ពអាកាស​ដែល​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់ឡើង​។ លោក សង្ក់​ត​ធ្ងន់​ថា​៖«​យើង​មិន​ព្រម​ចាកចេញ​ឡើយ ប្រសិនបើ​ពួកគេ​មិន​បង់លុយ​ឲ្យ​យើង​វិញ​ទេនោះ​។ ប្រសិនបើ​ពួកគេ​រឹងទទឹង​ឲ្យ​យើង​ចេញ​ទៀត យើង​នឹងដាក់​ទណ្ឌកម្ម​លើ​ពួកគេ​ឲ្យ​ខ្លាំង​បំផុត ដែល​ពួកគេ​មិន​ធ្លាប់​បានឃើញ​ពីមុនមក​»​។ 
 
​ទុក​រឿង​ទាំងពីរ​ខាងលើ​មួយ​ឡែក ឃាតកម្ម​លើ​លោក​ឧ​ត្ត​ម​សេនីយ៍ Soleimani ដែលជា​បងធំ​ទី​២​ក្នុងប្រទេស​អ៊ីរ៉ង់ បន្ទាប់​មេដឹកនាំ​កំពូល Ali Khamenei បាន​បញ្ឆេះ​វិបត្តិ​រវាង​ក្រុង តេ​ហេ​រ៉ង់ និង វ៉ាស៊ីនតោន​កាន់តែខ្លាំង ។ អ៊ី​រង់ បាន​ប្តេជ្ញា​វាយបក​សងសឹក​ធ្ងន់ធ្ងរ​បំផុត​លើ​សហរដ្ឋអាមេរិក ខណៈ​តាមរយៈ Twitter លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា សហរដ្ឋអាមេរិក នឹង​វាយកម្ទេច​គោលដៅ ៥២ ទីតាំង ក្នុងប្រទេស​អ៊ីរ៉ង់ ដែល​លោក​អះអាងថា «​លឿន​រហ័ស​បំផុត និង​ធ្ងន់​បំផុត​»​។ 
 
​ខណៈ​មានការ​រិះគន់ថា គោលដៅ​វាយប្រហារ​នេះ​ចំ​ទីតាំង​ប្រវត្តិសាស្ត្រ ដែល​អាច​ក្លាយជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្រោម​ច្បាប់​អន្តរជាតិ​នោះ លោក ត្រាំ បាន​ច្រាល​ចោលការ​លើកឡើង​បែបនេះ​។ លោក​ប្រធានាធិបតី បញ្ជាក់​ដូច្នេះ​ថា​៖«​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្លាប់​ប្រជាជន​យើង​។ ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ទារុណកម្ម​ប្រជាជន​យើង ហើយ​ទម្លាក់​គ្រាប់បែក​លើ​ប្រជាជន​យើង តែ​យើង​បែរជា​ពុំបាន​អនុញ្ញាត​ឲ្យ​ប៉ះ​ទីតាំង​ប្រវត្តិសាស្ត្រ​ពួកគេ​ទៅវិញ​? វា​មិន​ត្រូវជា​បែបនេះ​ឡើយ »​។ 
 
​នៅ​ចំពោះមុខ​ភាព​តានតឹង​នេះ មេដឹកនាំ​នៃ​ប្រទេស​អាល្លឺម៉ង់ បារាំង និង​ចក្រភព​អង់គ្លេស បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​នៅ​ថ្ងៃទី​៥ ខែមករា ដោយ​ទទូច​ឲ្យ​អ៊ីរ៉ង់​អនុលោម​តាម​លក្ខខណ្ឌ​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​រក្សា​ភាព​អត់ធ្មត់​ពី​ការប្រព្រឹត្ត ឬ​គាំទ្រ​ទង្វើ​ហិង្សា​ណា​បន្ថែមទៀត​។ 

ពលរដ្ឋអ៊ីរ៉ង់រាប់លាននាក់ នាំគ្នាដើរតាមផ្លូវរំលែកទុក្ខលោកឧត្តមសេនីយ៍ Soleimani ថ្ងៃ ៥ មករា (AP)
 
​រឿង​មួយទៀត​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុងការ​វិត្ត​ជា​អវិជ្ជមាន​ក្នុង​សំណុំរឿង​នៅ​តំបន់​មជ្ឈិមបូព៌ា​គឺ មនុស្ស​រាប់លាន​នាក់ នៅ​ថ្ងៃអាទិត្យ បាននាំគ្នា​ដើរ​តាមផ្លូវ​ក្នុង​ទីក្រុង Ahvaz និង Mashhad ដើម្បី​កាន់ទុក្ខ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍ Soleimani  ជាមួយ​សំលៀកបំពាក់​ពណ៌​ខ្មៅ មាន​ខ្លះ យកដៃ​ទះ​ទ្រូង និង​កាន់​រូបថត​របស់ Soleimani​។ ក្នុង​កែវភ្នែក​ពលរដ្ឋ​អ៊ីរ៉ង់ លោក​ឧ​ត្ត​ម​សេនីយ៍ Spleimani គឺជា​វីរបុរស តែ​សម្រាប់​អាមេរិក​វិញ លោក គឺជា​មេខ្លោង​នៅ​ពីក្រោយ​សង្គ្រាម​ក្រៅ​ទឹកដី​របស់​អ៊ីរ៉ង់​នៅ​ជុំវិញ​តំបន់​មជ្ឈិមបូព៌ា ដូចជា ស៊ី​រី អ៊ីរ៉ាក់​និង​លី​បង់​ជាដើម ហើយ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ជនជាតិ​អាមេរិក​រាប់រយ​នាក់​ផងដែរ​៕

Tag:
 អ៊ីរ៉ង់​
  សហរដ្ឋអាមេរិក​
  អ៊ីរ៉ាក់​
  កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com