កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី Ash Barty នឹង​ផ្តល់ប្រាក់​ពី​ការប្រកួត​ដល់​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី
07, Jan 2020 , 7:59 am        
រូបភាព
​​កំពូល​តារា​វាយ​កូន​បាល់​អូស្ត្រាលី Ash Barty នឹង​បរិច្ចាគ​ប្រាក់​ចំនួន ៣៦ ម៉ឺន​ដុល្លារ​ដល់​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ ប្រសិនបើ​នាង​ឈ្នះ​ការប្រកួត​កម្រិត​អន្តរជាតិ​។ កីឡាការិនី​លំដាប់​ទីមួយ​ពិភពលោក​រូបនេះ បានប្រកាស​ដូច្នេះ​នៅឯ​កម្មវិធី​ប្រកួត​វាយ​កូន​បាល់ Brisbane International នៅ​ថ្ងៃទី​៥ ខែមករា​។​

 
​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី​បានសម្លាប់​មនុស្ស ២៤​នាក់ ព្រមទាំង​បំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជាង ១៥០០​ខ្នង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​ដី​ជាង ៣,៦ លាន​ហិកតា​ផង​។ រីឯ​សត្វ​ចំនួន​៥០០​លាន​ក្បាល​ក៏ត្រូវ​ឆេះ​ងាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះដែរ​។​
 
«​សត្វព្រៃ​ត្រូវ​បាត់បង់​ទៅហើយ ប៉ុន្តែ​ទាំងនេះ​ក៏បាន​ជះឥទ្ធិពល​ដល់​ការរស់នៅ និង​ផ្ទះសម្បែង​ផងដែរ ដូច្នេះ​ខ្ញុំ​បានគិត​ជាមួយ​ក្រុម​កីឡាករ និង​ក្រុមគ្រួសារ​តាម​មធ្យោបាយ​ដែល​យើង​អាចជួយ​ពួកគេ​បាន​»​។ នេះ​ជាការ​លើកឡើង​របស់​នា​ង Barty​។ 
 
​ទាំងនេះ​ជាមាន​ការផ្តួចផ្តើម​គំនិត​ដ៏​អស្ចារ្យ​ពី​សំណាក់​កីឡាករ កីឡាការិនី​វាយ​កូន​បាល់ អ្នក​វាយកូនគោល និង​កីឡាករ​បាល់ទាត់​ជាដើម​នៅ​ទូទាំងប្រទេស ដែល​ព្យាយាម​ជួយ​ដល់​ជនរងគ្រោះ​ទាំងអស់នោះ​។​


 
Barty ដែលមាន​វ័យ​២៣​ឆ្នាំ បាន​សម្រេចចិត្តថា រាល់​ប្រាក់រង្វាន់​របស់​នាង​នៅក្នុង​ការប្រកួត​វាយ​កូន​បាល់​នៅ Brisbane ប្រទេស​អូស្ត្រាលី នឹងត្រូវ​បរិច្ចាគ​ទៅ​កាកបាទក្រហម​អូស្ត្រាលី ដើម្បី​បញ្ជូន​ដល់​ក្រុមគ្រួសារ​ដែល​ខូចខាត​ផ្ទះសម្បែង​។​
 
​កីឡាការិនី​លំដាប់​ទី​១​ពិភពលោក សញ្ជាតិ​អូស្ត្រាលី ក៏​ធ្លាប់បាន​បរិច្ចាគ​ថវិកា​ជាង ៣០០០០ ដុល្លារ​រួចមកហើយ​កាលពី​ចុងឆ្នាំ​កន្លង​ទៅដល់ RSPCA ដើម្បី​ជួយ​ដល់​សត្វព្រៃ ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​។​
 
Barty ជា​កីឡាការិនី​វាយ​កូន​បាល់​ដែល​រកបាន​ប្រាក់ចំណូល​ច្រើន​ជើង​គេ​នៅ​ឆ្នាំ​២០១៩ ក្នុង​ចំនួន​ទឹកប្រាក់ ១៦,៤​លាន​ដុល្លារ​អាមេរិក​។​
 
​ក្រៅពី Barty ក៏មាន​កីឡាករ​វាយ​កូន​បាល់​ជាច្រើន​ទៀត​ដូចជា Nick Kyrgios, Sam Stosur និង Alex de Minaur ជាដើម​ក៏បាន​បរិច្ចាគ​ប្រាក់​ពី​ការប្រកួត​របស់ខ្លួន​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដែល​អូសបន្លាយ​រយៈពេល​ជាង​៣​ខែ​មកហើយ​នោះ​៕



Tag:
 Ash Barty
  ភ្លើង​ឆេះ​ព្រៃ​
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com