ONE Championship
កីឡាជាតិ
ជាតិ
​Puja Tomar ត្រៀម​រួចរាល់​ក្នុងការ​ប្រកួត​ធំ​បំផុត​សម្រាប់​ជីវិត​លើស​ង្វៀន ONE
07, Jan 2020 , 8:59 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
​កីឡាការិនី​ឥណ្ឌា Puja Tomar ដែលមាន​រហស្សនាម «The Cyclone» បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​ដ៏​ធំ​បំផុត​នៅក្នុង​ជីវិត​របស់​នាង​។ នៅ​ថ្ងៃទី​១០ ខែមករា Tomar នឹង​ចាប់ផ្ដើម​នៅ ONE Championship សម្រាប់​ឆ្នាំ ២០២០ នា​សង្វៀន Impact Arena នៅ​ក្រុង​បាងកក ប្រទេស​ថៃ​។


 
Puja Tomar នឹង​ប្រឈមមុខ​ដាក់ ម្ចាស់​ខ្សែក្រវាត់ ONE Atomweight Kickboxing និង Muay Thai World Champion កីឡាការិនី Stamp Fairtex ដែលជា​គូ​ឯក​រង​នៅក្នុង​កម្មវិធី ONE: A NEW TOMORROW​។ កីឡាការិនី​វ័យ ២៦ ឆ្នាំ​មកពី​តំបន់ Muzaffarnagar នៃ​ប្រទេស​ឥណ្ឌា បាន​ទទួលស្គាល់ថា​៖ «​ខ្ញុំ​មាន​សម្ពាធ​យ៉ាងខ្លាំង ព្រោះ​វា​ជាការ​ប្រកួត​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​។ Stamp Fairtex ជា​ម្ចាស់​ខ្សែក្រវាត់​ដល់​ពីរ​ខ្សែ​។ ដូច្នេះ​វា​ជាការ​ប្រកួត​ដ៏​តានតឹង​។ ពេលខ្លះ ខ្ញុំ​មើលឃើញ​រឿង​អវិជ្ជមាន​ជាច្រើន​លើ​បណ្ដាញ​សង្គម ប៉ុន្តែ ខ្ញុំ​ត្រូវតែ​ព្យាយាម​ធ្វើ​ឲ្យ​ទៅជា​ផ្លូវ​វិជ្ជមាន​មួយ​។ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នឹងធ្វើ​បានល្អ​»​។ 
 
Tomar ដែលជា​ជើងឯក​ក្នុង​កម្មវិធី​ប្រកួត Indian Wushu Champion ច្រើន​សម័យ​មាន​ទំនុកចិត្ត​ខ្ពស់​ថា​នឹងធ្វើ​បានល្អ​នៅ​រាជធានី​បាងកក​។  ក្រោយពេល​ចាប់ផ្ដើម​អាជីព​ដ៏​លំបាក  «The Cyclone» មានកំណត់​ត្រា​ជាច្រើន​នៅក្នុង​ជីវិត​។​
 
 
​កាល​ខែ មករា Tomar ប៉ះ​វីរនារី​ឥណ្ឌូណេស៊ី  Priscilla Hertati Lumban Gaol នៅ​ហ្សា​កាតា  ហើយ​ឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ​កីឡាការិនី​ម្ចាស់ផ្ទះ​។ នេះ​ជា​រឿងរ៉ាវ ស្រដៀង​គ្នា​ដែល Tomar ប៉ះ​កីឡាការិនី​ជើង​ខ្លាំង​ម្ចាស់ផ្ទះ​នៅមុខ​ទស្សនិកជន​ជាច្រើន​ពាន់​នាក់​នា​រាជធានី​បាងកក​។ កីឡាការិនី​ឥណ្ឌា​ត្រូវតែ​រៀបចំ​ផែនការ​ឲ្យ​បានល្អ​ទល់នឹង​ម្ចាស់​ខ្សែក្រវាត់​ពីរ​របស់ ONE Championship​។ 
 
«​ឆន្ទៈ​របស់ខ្ញុំ​ខ្លាំង​, ខ្ញុំ​មិនដែល​បោះបង់ និង អ្វីៗ​មិនទាន់​បញ្ចប់​នោះឡើយ​។ អ្វី​ក៏ដោយ​ដែល​ខ្ញុំ​អាចធ្វើ​បាន ខ្ញុំ​នឹងធ្វើ ១០០%​។ ខ្ញុំ​បាន​ហ្វឹកហាត់​ជាច្រើន​ចំពោះ​ក្បាច់ វូ​ស៊ូ និង ជឺ​ជិត​ស៊ូ​។ ខ្ញុំ​ល្អ​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​»​។ Tomar រៀបរាប់​បែបនេះ​។ 
 
 
​ចំណែក​កីឡាការិនី​ថៃ​មកពី​ក្លិប Fairtex កំពុងស្ថិត​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ខ្សែក្រវាត់​ទី​៣​ពី​ប្រភេទ​កីឡា​គុន​ចម្រុះ​។ បើសិនជា​អាច​បែបនេះ កីឡាការិនី​វ័យ ២២ ឆ្នាំ​នឹង​ក្លាយជា​កីឡាការិនី​ប្រវត្តិសាស្ត្រ​ដែល​អាច​គ្រង​ខ្សែក្រវាត់​ដល់​៣​ទៅ​ថ្ងៃ​អនាគត​។  Stamp ចាប់ផ្ដើម​ប្រកួត​គុន​ចម្រុះ​នៅ​ខែ កក្កដា ឆ្នាំ ២០១៨ នៅពេល​រូបគេ​ផ្ដួល​មិត្ត​រួម​ជាតិ​របស់  Tomar កីឡាការិនី Rashi Shinde ត្រឹមតែ ១៩ វិនាទី​តាមរយៈ​ក្បាច់​ទាត់​ចំក្បាល នៅក្នុង​កម្មវិធី ONE Warrior Series 2​។ 
 
​បន្ទាប់មក Stamp ក៏​ផ្អាក​សិន ប៉ុន្តែ​ងាក​មក​ប្រកួត​ក្នុង​កម្មវិធី ONE Super Series ដើម្បី​ឈ្នះ​ខ្សែក្រវាត់ ONE Atomweight Kickboxing និង Muay Thai World Championships​។ នៅ​ខែ សីហា Stamp ត្រលប់មក​ប្រកួត​គុន​ចម្រុះ​វិញ​ដោយ​ឃ្លេ​ក​យកឈ្នះ​លើ  Asha Roka​នៅ​ទឹក​ទី​៣​។ ៣​ខែ​បន្ទាប់​ពោល​ខែ វិច្ឆិកា Stamp បន្ត​គ្រប់គ្រង​ការប្រកួត​បានល្អ​លើ​កីឡាការិនី​កូនកាត់​វៀតណាម​អាមេរិក  Bi Nguyen ហើយក៏​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។​
 
​យ៉ាងណាក្ដី Tomar បាន​ស្វែងយល់​ច្រើន​អំពី​ដៃគូ​មកពី Pattaya​។ ដ្បិត Stamp ល្អ ប៉ុន្តែ​មិនមែន​ល្អ​គ្រប់​រឿង​ទាំងអស់​នោះឡើយ ហើយ​ម្ចាស់​ខ្សែក្រវាត់​ពីរ​កម្រិត ONE World Champion ក៏​អាច​ទទួលលទ្ធផល​មិនល្អ​ដែរ​។ 


 
«Stamp ពិតជា​ល្អ​លើ​ក្បាច់គុន​មួយ​ថៃ​។ ការប្រយុទ្ធ​ពិតជា​អស្ចារ្យ​ណាស់ ស្របពេល​ក្បាច់ kickboxing ក៏​មិនអាច​មើលរំលង​បាន​។ Stapm អាច​ចល័ត​គ្រប់ពេល ដូច្នេះ​ខ្ញុំ​ត្រូវ​រក​វិធី​ដើម្បី​ចាប់​ផ្ដួល​។ ហើយ​ខ្ញុំ​ក៏​អាច​ការពារ និង​ប្រើ​ក្បាច់​ប្រកួត​លើ​ក្ដារ​រេញ​បាន​ផងដែរ​»​។ កីឡាការិនី​គុន​ចម្រុះ​ឥណ្ឌា​គូសបញ្ជាក់​បែបនេះ​។ 
 
Stamp មាន​កំណត់ត្រា​ល្អឥតខ្ចោះ​ក្នុង​គុន​ចម្រុះ​លើ​ប្រភេទ​ទម្ងន់ atomweight ប៉ុន្តែ Tomar ក៏មាន​ស្នៀត​មិនធម្មតា​ដែរ​។ «The Cyclone» ដាក់​គោលដៅ​យកជ័យ​ក្នុង​ដី​របស់ Stamp ដើម្បី​ដណ្ដើមបាន​កេរ្តិ៍ឈ្មោះ​ឲ្យ​កាន់តែ​ល្បឺ​រន្ទឺ​។ 
 
Tomar ពន្យល់​បន្ត​៖ «​ពេល​ខ្ញុំ​ឈ្នះ​ការប្រកួត​ចុងក្រោយ ក្នុង​គុន​ចម្រុះ មាន​អ្នកគាំទ្រ​ជាច្រើន​បានកត់សម្គាល់​។ បើសិន​ខ្ញុំ​ឈ្នះ​ការប្រកួត​នេះ​ទៀត អ្នកគាំទ្រ​នឹង​ផ្ទុះ​ការគាំទ្រ​កាន់តែខ្លាំង​។ ខ្ញុំ​ចង់​ប្រាប់​អ្នកគាំទ្រ​នៅ​ឥណ្ឌា​ថា ខ្ញុំ​ធ្វើការ​ខ្លាំងក្លា​ណាស់​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​»​។​
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕



© រក្សាសិទ្ធិដោយ thmeythmey.com