យូណេស្កូ ប្រាប់​អាមេរិក​និង​អ៊ីរ៉ង់​ឲ្យ​ការពារ​ទីតាំង​បេតិកភណ្ឌ ក្រោយ​លោក ត្រាំ គំរាម​កម្ទេច​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យូណេស្កូ ប្រាប់​អាមេរិក​និង​អ៊ីរ៉ង់​ឲ្យ​ការពារ​ទីតាំង​បេតិកភណ្ឌ ក្រោយ​លោក ត្រាំ គំរាម​កម្ទេច​
07, Jan 2020 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
អង្គការ​យូណេស្កូ (UNESCO) នៅ​ថ្ងៃទី​៦ មករា បាន​អំពាវនាវ​ឲ្យ​អាមេរិក និង​អ៊ីរ៉ង់​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គំរាម​កម្ទេច​ទីតាំង​វប្បធម៌​ជាច្រើន​របស់​អ៊ីរ៉ង់​។ ការ​គំរាម​របស់លោក ត្រាំ ដែល​ធ្វើឡើង​ស្របពេល​សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​អ៊ីរ៉ង់​ផ្ទុះ​កាន់តែខ្លាំង បាន​រង​ការរិះគន់​ធ្ងន់ៗ ខណៈ​ទីក្រុង​តេ​ហេ​រ៉ង់​ព្រមាន​ថា សកម្មភាព​បែប​នោះ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្រោម​ច្បាប់​អន្តរជាតិ​។



​នា​ជំនួប​ជាមួយ​អគ្គរដ្ឋទូត​អ៊ីរ៉ង់​នៅ​ថ្ងៃទី​៦ ខែមករា អ្នកស្រី Audrey Azoulay អគ្គនាយិកា​អង្គការ​យូណេស្កូ ដែលជា​ស្ថាប័ន​ទទួលបន្ទុក​វប្បធម៌​របស់​អង្គការសហប្រជាជាតិ បាន​រំឭក​ពី​កាតព្វកិច្ច​ទាំង​របស់​អ៊ីរ៉ង់ ទាំង​របស់​អាមេរិក​ ក្នុងការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​បាន​ចុះបញ្ជី​។ បើតាម​លោក Azoulay អាមេរិក និង​អ៊ីរ៉ង់ បាន​ចុះហត្ថលេខា​លើ​អនុ​ស​ញ្ញា​ឆ្នាំ​១៩៧២ ដែល​ហាមឃាត់​រដ្ឋ​ទាំង​អស់ ពី​ការធ្វើសកម្មភាព​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ​ដែល​អាច​បំផ្លាញ​សម្បត្តិ​ពិ​ភ​ភព​លោក​។​

​អ្នកស្រី​អគ្គនាយិកា​យូណេស្កូ ក៏​លើកឡើង​ទៀតថា ប្រទេស​ទាំងពីរ ក៏​ជា​ហត្ថលេខី​អនុសញ្ញា​ឆ្នាំ​១៩៥៤ ដែល​ចែង​ពី​ការការពារ​សម្បត្តិ​បេតិកភណ្ឌ​ អំឡុងពេល​មាន​ជម្លោះ​ផងដែរ​។ ក្នុងន័យនេះ លោក Azoulay អះអាងថា សាកលភាព​នៃ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ ជា​វិចទ័រ​នៃ​សន្តិភាព និង​ការសន្ទនា​រវាង​មនុស្ស ហើយ​ដែល​សហគមន៍​អន្តរជាតិ​មានកា​ត្វ​កិច្ចការពារ និង​អភិរក្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​តាមរយៈ Twitter លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា សហរដ្ឋអាមេរិក នឹង​វាយកម្ទេច​គោលដៅ ៥២ ទីតាំង ក្នុងប្រទេស​អ៊ីរ៉ង់ ដែល​លោក​អះអាងថា «​លឿន​រហ័ស​បំផុត និង​ធ្ងន់​បំផុត​»​។ តម​ក លោក ត្រាំ ក៏​គំរាម​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​អ៊ីរ៉ង់​ផងដែរ​។ សព្វថ្ងៃ អ៊ីរ៉ង់​មាន​ទីតាំង​បេតិកភណ្ឌ​ដែល​បាន​ចុះបញ្ជី​នៅ​យូណេស្កូ​ចំនួន​២២​ទីតាំង​។ ទីលាន Meidan Imam ក្នុង​ទីក្រុង Isfahan ជាទី​តាំង​ទាក់ទាញ​បំផុត​របស់​អ៊ីរ៉ង់​។

​យ៉ាងណាមិញ នៅ​ថ្ងៃទី​៦ ខែមករា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ម៉ាក អេ​ស្ពើ បាន​បន្ទរ​តាម​លោក ត្រាំ ថា យោធា​អាមេរិក នឹងមិន​បំពាន​ច្បាប់​អន្តរជាតិ​ឡើយ ​ក្នុងករណី​វាយប្រហារ​លើ​ទីតាំង​វប្បធម៌​អ៊ីរ៉ង់​ដូច​លោក ត្រាំ គំរាម​នោះ​។ យ៉ាងណាមិញ លោក​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ឡើយ​។ នៅពេល​អ្នកសារព័ត៌មាន ​សួរ​លោក​អាច​បញ្ជា​ឲ្យ​វាយប្រហារ​ទីតាំង​បេតិកភណ្ឌ​ឬ​អត់​នោះ លោក​ឆ្លើយថា អាមេរិក​នឹង​អនុវត្តតាម​ច្បាប់​ស្ដីពី​ជម្លោះ​។

​ក្រោម​ច្បាប់​អន្តរជាតិ ក៏ដូចជា​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ សកម្មភាព​យោធា​លើ​ទីតាំង​វប្បធម៌ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ រដ្ឋបាល​លោក ត្រាំ ផ្ទាល់ ក៏បាន​គាំទ្រ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​លើ​បញ្ហា​នេះដែរ​។ ការ​គំរាម​របស់លោក ត្រាំ ដែល​ចង់​បើក​ប្រតិបត្តិការ​យោធា​លើ​អ៊ីរ៉ង់​នោះ គឺជា​រឿង​មិនត្រូវ​តាមច្បាប់​សុទ្ធសាធ​៕



Tag:
 UNESCO
  អ៊ីរ៉ង់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com