អន្តរជាតិ
ឥណ្ឌូណេស៊ី បញ្ជូន​នាវាចម្បាំង​ទៅ​តទល់​នឹង​នាវា​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
07, Jan 2020 , 11:17 am        
រូបភាព
រូបភាព៖ Jakarta Globe
រូបភាព៖ Jakarta Globe
​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​៦ ខែមករា បាន​បញ្ជូន​នាវាចម្បាំង​ចំនួន ៤​គ្រឿង​បន្ថែមទៀត ទៅ​តំបន់​ប្រជុំ​កោះ ណា​ទុ​ណា (Natuna) ដែលជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន (EEZ) បន្ទាប់ពី​នាវា​យាមល្បាត​របស់​ចិន​នៅតែ​មានះ មិន​ព្រម​ចាក​ចេញពី​ដែនទឹក​មួយ​នេះ​។


 
​ទូក​នេសាទ និង​នាវា​យាមល្បាត​ចិន មាន​វត្តមាន​នៅក្នុង​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា តាំងពី​ខែ​មុន​មក​ម្លេះ ហើយ​នៅតែ​បន្ត​វត្តមាន​របស់​ឥណ្ឌូណេស៊ី​រហូតមកដល់​ពេលនេះ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ នៅ​ថ្ងៃទី​៣ ខែមករា   កងទ័ពជើងទឹក និង​កងទ័ព​ដែនអាកាស បានទទួល​បញ្ជា​ឲ្យ​ត្រៀម​អាវុធ និង​ត្រៀម​ជើង​ព្រួល​ឲ្យ​បាន​ស្រេច ដើម្បី​តទល់​ជាមួយ​នាវា​ចិន​។ 
 
​ដោយសារតែ​វត្តមាន​នាវា​ចិន និង​ទូក​នេសាទ​ចិន​នៅតែ​បន្ត​ក្នុង​តំបន់​នេះ ឥណ្ឌូណេស៊ី​បាន​បញ្ជូន​នាវាចម្បាំង​ទៅ​ចំនួន ៤​គ្រឿង​បន្ថែមទៀត ដើម្បី​តតាំង​ជាមួយ​នាវា​យាមល្បាត​របស់​ចិន ស្របពេល​ឥណ្ឌូណេស៊ី បានដាក់​នាវាចម្បាំង​៤​គ្រឿង​រួចមកហើយ ប្រចាំការ​នៅ​ទីនោះ​។ មេបញ្ជាការ​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី លោក Fajar Tri Rohadi ប្រាប់​ទូរទស្សន៍ Channel News Asia ថា នា​ថ្ងៃទី​៦ ខែមករា ឥណ្ឌូណេស៊ី​មាន​នាវាចម្បាំង​ចំនួន ៤​គ្រឿង​ប្រចាំការ​នៅ​កោះ​ណា​ទុ​ណា ហើយ​នៅ​ថ្ងៃទី​៧ ខែមករា នឹង​ឡើងដល់ ៨​គ្រឿង ជាមួយនឹង​កង​យោធា​ជាង ១០០​នាក់​ប្រចាំការ​នៅ​កោះ​ណា​ទុ​ណា​។ 
 
​ការបញ្ជូន​នាវាចម្បាំង​ដ៏​ច្រើន​បែបនេះ​ទៅកាន់​ប្រជុំ​កោះ​ណា​ទុ​ណា ធ្វើឡើង​បន្ទាប់ពី ឥណ្ឌូណេស៊ី​រកឃើញថា​មាន​ទូក​នេសាទ​ខុសច្បាប់​ចិន កំពុងមាន​វត្តមាន​ជាង ៣០​កន្លែង​ក្នុង​តំបន់​ប្រជុំ​កោះ​មួយ​នេះ ហើយ​នាវា​យាមល្បាត​ចិន ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ​។ ក្នុង​មួយកន្លែងៗ អាចមាន​ទូក​នេសាទ​ចិន​ចំនួន​ពីរ កំពុង​នេសាទ​។ 
 
​បើតាម​លោក​មេបញ្ជាការ Rohadi ឥណ្ឌូណេស៊ី បាន​ទាក់ទង​ជាមួយ​នាវា​យាមល្បាត​របស់​ចិន​រួចហើយ តាមរយៈ​វិទ្យុ​។ ក្នុងន័យនេះ លោក​មេទ័ព​ឥណ្ឌូណេស៊ី សង្ឃឹមថា​ទូក​នេសាទ​ខុសច្បាប់ និង​នាវា​យាមល្បាត​របស់​ចិន នឹង​ចាក​ចេញពី​តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា​ឆាប់ៗ ព្រោះ​វា​ជា​ដែន​អធិបតេយ្យ​របស់​ឥណ្ឌូណេស៊ី​។ 
 
​បើ​ទូក​នេសាទ និង​នាវា​យាមល្បាត​ចិន នៅតែ​មិន​ចាក​ចេញពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​នេះ​ទេ ឥណ្ឌូណេស៊ី នឹង​ចាត់វិធានការ​ដ៏​ឆ្លាត​វៃ និង​ច្បា​ល់​លាស់​មួយ​។ នេះ​បើតាម​ការអះអាង​របស់​លោក Rohadi​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា នឹង​ប្រើប្រាស់​វិធានការ​បែបណា​នោះទេ ដើម្បី​ចាប់បង្ខំ​ឲ្យ​ទូក​នេសាទ និង​នាវា​យាមល្បាត​ចិន​ឲ្យ​ចេញ​។ 
 
​សូមបញ្ជាក់ថា តំបន់​ប្រជុំ​កោះ​ណា​ទុ​ណា ក៏​ជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ កន្លងមក ចិន​បាន​អះអាងថា ខ្លួន​មាន​សិទ្ធិ​គ្រប់គ្រង​នៅលើ​តំបន់​មួយ​នេះ ដោយ​យោងតាម​ផែនទី​គំនូស​ប្រាំបួន​ត្រេ ខណៈ​ឥណ្ឌូណេស៊ី ដែលមាន​ទាំង​កងទ័ព​ឈរជើង​នៅ​ទីនោះ​ស្រាប់ បាន​អះអាងថា ណា​ទុ​ណា គឺជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ស្របតាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ ១៩៨២ (UNCLOS) ៕

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com