កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ធ្វើបាន hat-trick លើកដំបូងនៅ Serie A ជួយ Juventus ឈរកំពូលតារាង
× ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួន ៣គ្រាប់ម្នាក់ឯង (hat-trick) ដើម្បីជួយក្រុម Juventus យកឈ្នះ Cagliari ក្នុងលទ្ធផល ៤-០។ នេះជាការធ្វើបាន hat-trick លើកដំបូងរបស់ Ronaldo ក្នុងក្របខណ្ឌ Serie A ចាប់តាំងពីរូបគេផ្លាស់ទៅទឹកដីអ៊ីតាលីនាដូវកាលមុន។
Ronaldo បានប្រជែងយកបាល់ពីខ្សែការ Ragnar Klavan របស់ Cagliari នៅដើមតង់ទី២នាទី៤៩ ដើម្បីសម្រេចទីគ្រាប់ដំបូងរបស់ខ្លួន មុនពេលទទួលបានការពិន័យប៉េណាល់ទី១១ម៉ែត្រដែលជាគ្រាប់ទី២នៅនាទី៦៧។
គ្រាប់បាល់ hat-trick របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំកើតឡើងក្រោយ Gonzalo Higuain ស៊ុតគ្រាប់បាល់ទី៣សម្រាប់ Juventus នៅនាទី៨១។ នៅក្រោយ១នាទីប៉ុណ្ណោះ Ronaldo បានសម្រេចគ្រាប់ទី៣របស់ខ្លួន ដែលនាំឲ្យសេះបង្កង់ឈ្នះ Cagliari ៤-០។
នេះជាការធ្វើបាន៣គ្រាប់លើកដំបូងរបស់ Ronaldo ក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី ចាប់តាំងពីរូបគេផ្លាស់ពី Real Madrid នាដើមរដូវកាលមុន។ នេះក៏ជាការធ្វើបាន hat-trick លើកទី៥៦របស់ម្ចាស់ពាន Ballon Do’r សម័យផងដែរក្នុងអាជីពកីឡាបាល់ទាត់របស់គេផងដែរ។
ជ័យជម្នះនេះ បានជួយម្ចាស់ជើងឯកចាស់ Juventus នៅរក្សាចំណាត់ថ្នាក់ទី១ ក្នុងតារាង Serie A បណ្តោះអាសន្ន ដោយរកបាន៤៥ពិន្ទុ ពីការប្រកួត១៨លើក ស្មើគ្នាជាមួយ Inter Milan ដែលឈរនៅលេខរៀងទី២ តែចាញ់គ្រាប់ស៊ុតក្រៅដី។
ក្នុងជំនួបសប្តាហ៍ទី១៨នេះដែរ Inter បានយកឈ្នះ Napoli ក្នុងលទ្ធផល ៣-១។ Romelu Lukaku រកគ្រាប់ឲ្យក្រុមរបស់លោក Antonio Conte ចំនួន ២គ្រាប់ម្នាក់ឯង ខណៈខ្សែប្រយុទ្ធ Lautaro Martinez រកបាន១គ្រាប់។ ១គ្រាប់របស់ Napoli ក្រោមការដឹកនាំរបស់អ្នកចាត់ការ Gennaro Gattuso សម្រេចបានដោយខ្សែប្រយុទ្ធ Arek Milik។
Lazio ឈរចំណាត់ថ្នាក់ទី៣ ដោយរកបាន៣៩ពិន្ទុ តាមពីក្រោយដោយ AS Roma ដែលមាន៣៥ពិន្ទុ។ Genoa, Brescia និង SPAL នៅតំបន់ត្រូវកាត់ចោល៕
Tag:
Cristiano Ronaldo
hat-trick
Juventus
© រក្សាសិទ្ធិដោយ thmeythmey.com