អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាជ្ញាធរថៃ ត្រៀមជម្លៀសពលករខ្លួន បើជម្លោះអ៊ីរ៉ង់-អាមេរិកកាន់តែអាក្រក់
07, Jan 2020 , 1:21 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងនៅមុខអ្នកសារព័ត៌មាននាពេលកន្លងទៅ (AFP)
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងនៅមុខអ្នកសារព័ត៌មាននាពេលកន្លងទៅ (AFP)
ដោយ:
អាជ្ញាធរថៃ កំពុងរៀបចំជម្លៀសពលករខ្លួនដែលធ្វើការក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ប្រសិនបើទំនាស់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែអាក្រក់ខ្លាំងឡើង ក្រោយការស្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ ឧត្តមសេនីយ៍ Qassem Soleimani។



ពេលនេះ ការជម្លៀសពលរដ្ឋថៃ គឺជាចំណាត់ការបន្ទាន់មួយដែលបានរៀបចំឡើង។ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បញ្ជាក់បែបនេះ នៅថ្ងៃចន្ទ ៦ មករា ដោយសង្កត់ធ្ងន់ថា ចំណាត់ការនេះ អាចអនុវត្តទៅបានដោយពុំបាច់រង់ចាំបញ្ជារបស់លោកឡើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

«ប្រជាជនថៃដែលនៅទីនោះ(អ៊ីរ៉ង់និងអ៊ីរ៉ាក់)ទាំងអស់ ត្រូវតែមានសុវត្ថិភាព» ។ លោក ប្រាយុទ្ធ ប្រាប់អ្នកសារព័ត៌មានបែបនេះ ខណៈឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។  ទន្ទឹមនឹងការគិតគូរដល់សុខទុក្ខពលរដ្ឋថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ បញ្ជាក់ទៀតថា លោកកំពុងតាមដានយ៉ាងដិតដល់ចំពោះការវិវត្តន៍ក្នុងតំបន់មជ្ឈិមបូព៌ានេះ ក្រោយដ្រូនអាមេរិកមួយបានសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកម្លាំង Qud នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅព្រលានយន្តហោះអន្តរជាតិបាក់ដាដ កាលពីសុក្រសប្តាហ៍មុន។

អត្ថបទទាក់ទង
 
យោងតាមរបាយការណ៍របស់ក្រសួងការងារថៃ បច្ចុប្បន្ន ប្រជាជនថៃចំនួន ២៥៧ នាក់ កំពុងបម្រើការងារក្នុងប្រទេសអ៊ីរ៉ង់ និង ២៥ នាក់ផ្សេងទៀត ក្នុងប្រទេសអ៊ីរ៉ាក់ ។ ភាគច្រើននៃពលករថៃទាំងនោះ បម្រើការក្នុងភោជនីយដ្ឋាន កន្លែងម៉ាស្សា និងអាជីវកម្មលក់សាច់ត្រី ជាដើម។ តាម បាងកកប៉ុស្តិ៍ រដ្ឋមន្ត្រីការងារថៃ លោក Chatu Mongol Sonakul លើកឡើងដូច្នេះថា៖« យើងកំពុងរៀបចំខ្លួនជានិច្ចដើម្បីជម្លៀសពួកគេ ប្រសិនបើស្ថាការណ៍កាន់តែអាក្រក់ឡើង»។

ក្រសួងការបរទេសថៃ គូសបញ្ជាក់ថា ប្រទេសថៃ បានចូលរួមជាមួយសហគមន៍អន្តរជាតិ ដោយស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តភាពអត់ធ្មត់អតិបរមា និងបញ្ចៀសការប្រើកម្លាំងក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹង ព្រមទាំងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

Tag:
 ថៃ
  អ៊ីរ៉ង់
  សហរដ្ឋអាមេរិក
  អ៊ីរ៉ាក់
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com