អន្តរជាតិ
បង់​ក្លា​ដែ​ស នឹង​ហាម​ប្រើ​ផលិតផល​ប្លា​ស្ទិ​ក​ក្នុងសណ្ឋាគារ​និង​ភោជនីយដ្ឋាន​
07, Jan 2020 , 2:47 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​តុលាការ​ជាន់ខ្ពស់​រប​ស់បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​៦ ខែមករា បានស្នើ​ឲ្យ​រដ្ឋាភិបាល ចេញ​វិធានការ​ហាមឃាត់​ការប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​តែមួយ​លើក​ហើយ​បោះចោល​នៅតាម​តំបន់ឆ្នេរ​សមុទ្រ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ក្នុង​រយៈពេល​មួយឆ្នាំ​ដើម្បី​ទប់ស្កាត់​ការ​បោះចោល​សំរាម​ប្លា​ស្ទិ​ក និង​ប្រយុទ្ធប្រឆាំង​ការបំពុល​បរិស្ថាន​។


 
​បើ​គ្មាន​ការប្រែប្រួល​ទេ រដ្ឋាភិបាល​ទីក្រុង​ដា​ក្កា ត្រូវដាក់​របាយការណ៍​របស់ខ្លួន ស្តីពី​ការទប់ស្កាត់​ការប្រើប្រាស់​ផលិត​ប្លា​ស្ទិ​ក​តែមួយ​លើក​ហើយ​បោះចោល ទៅ​តុលាការ​ជាន់ខ្ពស់​នៅ​ខែមករា ឆ្នាំ ២០២១​ខាងមុខ​។ ការដាក់​របាយការណ៍​ដែល​ធ្វើតាម​បញ្ជា​របស់​តុលាការ​បែបនេះ មាន​គោលដៅ​ប្រយុទ្ធប្រឆាំង​ការ​ចោល​សំរាម​ប្លា​ស្ទិ​កនៅ​ក្នុងប្រទេស​នៅតាម​តំបន់ឆ្នេរ សណ្ឋាគារ និង​តាម​ភោជនីយដ្ឋាន​ជាដើម​។ 
 
​តុលាការ​ជាន់ខ្ពស់ បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល ចេញ​វិធានការ​ចាប់បង្ខំ​យ៉ាង​តឹងរឹង​ជាទីបំផុត លើ​ការហាមឃាត់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក តាមច្បាប់រ​បស់បង់​ក្លា​ដែ​ស​។ នេះ​បើតាម​ការអះអាង​របស់​លោក Syeda Rizwana Hasan ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​មេធាវី​បរិស្ថានរ​បស់បង់​ក្លា​ដែ​ស​ប្រាប់​ទៅ​អ្នកកាសែត​។ 
 
​ការបញ្ជា​របស់​តុលាការ​ជាន់ខ្ពស់ គឺធ្វើឡើង​តាមរយៈ​ពាក្យបណ្តឹង​រប​ស់​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​១១ ដែល​បានដាក់​ទៅ​តុលាការ តាំងពី​ថ្ងៃទី​១៧ ខែធ្នូ​មក​ម្លេះ​។  ក្នុងនោះ​ក៏មាន​សមាគម​មេធាវី​បរិស្ថានរ​បស់បង់​ក្លា​ដែ​ស​ផងដែរ​។ 
 
​កាលពី​ឆ្នាំ​២០០២ ប្រទេស​ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ ក៏​ធ្លាប់បាន​ហាមឃាត់​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ម្តង​ហើយ ប៉ុន្តែ​ចំណាត់ការ​នេះ​ទទួលបាន​ជោគជ័យ​តែ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ 
 
​តាម​ការសិក្សា​របស់​អង្គការ​អភិវឌ្ឍន៍​សង្គម និង​បរិស្ថាន ក្នុង​មួយឆ្នាំៗ បង់​ក្លា​ដែល បាន​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​តែមួយ​លើក​ហើយ​បោះចោល មាន​រហូតដល់​ជិត ៩​ម៉ឺន​តោន​ឯណោះ ក្នុងនោះ​រួមមាន ថង់​ប្លា​សិ្ទ​ក បំពង់​បឺត ដប​ជ័រ កែវ​ជ័រ​ជាដើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ប្រទេស​ជាច្រើន​បាន​ចាក់សំរាម​ប្លា​ស្ទិ​ក​ចូលទៅក្នុង​សមុទ្រ​ប្រមាណ​ជា ១០០​លាន​។ ជុំវិញ​បញ្ហា​នេះ វា​បាន​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​របស់​ពិភពលោក​ទាំងមូល​។ ជាក់ស្តែង​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញថា​បរិមាណ​ថង់​ប្លា​ស្ទិ​ក​តូចៗ​ជាច្រើន មាននៅ​ក្នុង​ពោះ​ថនិកសត្វ ដូចជា​ត្រី​បា​ឡែ​ន​ជាដើម ៕

Tag:
 បង់​ក្លា​ដែ​ស​
  ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com