ជាតិ
កម្ពុជា គ្មាន​ផែនការ​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ឡើយ ខណៈ​ជម្លោះ​អាមេរិក និង​អ៊ីរ៉ង់ កាន់តែ​ក្តៅ​
07, Jan 2020 , 3:10 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា មិនទាន់​មានផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​ចេញពី​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ឡើយ ដោយ​រង់​ចាំមើល​ស្ថានភាព​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង ដែល​កំពុង​ឡើងក​ម្ដៅ​ខ្លាំង ក្រោយ​មានការ​វាយប្រហារ​សម្លាប់​លោក​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani មេបញ្ជាការ​កម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​៣ មករា​។​


 
​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង បាន​និយាយថា រដ្ឋាភិបាល​កំពុង​តាមដាន​បញ្ហា​ជម្លោះ​រវាង​អាមេរិក និង​អ៊ី​រ៉ុង​នេះ ប៉ុន្តែ​គ្មាន​គម្រោង​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញពី​តំបន់​មជ្ឈិមបូព៌ា​នោះទេ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក កុយ គួ​ង បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មិនមាន​ពលរដ្ឋ​ច្រើន​ទេ ហើយក៏​មិនមាន​ផែនការ​ជម្លៀស​ពលរដ្ឋ​ចេញពី​កន្លែង​នោះដែរ ព្រោះ​យើង​មាន​ស្ថានទូត​យើង​ប្រចាំ​ប្រទេស​កូ​វ៉ែត និង​ស្ថានទូត​ខ្មែរ​ប្រចាំ​អេ​ហ្ស៊ី​ប កំពុង​យកចិត្តទុកដាក់​តាមដាន​បញ្ហា​នេះ ដើម្បី​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍​»​។​
 
​លោក កុយ គួ​ង មិន​ច្បាស់​ថា មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់ ដែល​កំពុង​រស់នៅ​ប្រទេស​អ៊ីរ៉ង់ និង​តំបន់​មជ្ឈិមបូព៌ា​ឡើយ ។​«​ខ្ញុំ​គ្រាន់តែ​ដឹងថា ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​យើង គាត់​ទៅ​រស់នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ច្រើនជាងគេ ភាគច្រើន​គាត់​ទៅ​រៀន​ផ្នែក​សាសនា និង​ជំនាញ​ផ្សេងៗ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ។ 
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ព័ត៌មាន​លម្អិត​ពី​តួលេខ​ពលរដ្ឋ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស ជាពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា​នេះ​បាន​នៅឡើយ​ទេ​។  
 
អត្ថបទទាក់ទង
 
​ស្រប​ពេលដែល​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់ កាន់តែ​អាក្រក់​នេះ ប្រទេស​នៅ​តំបន់​អាស៊ាន ដែល​ក្នុងនោះ​មាន​មេដឹកនាំ​ថៃ និង​ហ្វីលីពីន បាន​ចេញមក​ប្រកាស​ពី​គម្រោង​ជម្លៀស​ពលរដ្ឋ​ពួកគេ ចេញពី​តំបន់​មជ្ឈិមបូព៌ា​នេះ​។ ប្រជាជន​ហ្វីលីពីន​ចំនួន​៦​ពាន់​នាក់ មាន​វត្តមាន​នៅក្នុង​អ៊ីរ៉ាក់ និង​១,៦០០​នាក់​នៅក្នុង​អ៊ីរ៉ង់​។ ពួកគេ​ភាគច្រើន ជា​អ្នក​បម្រើការ​តាម​ផ្ទះ និង​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អន្តរជាតិ​នានា​។​
 
​ចំណែក​ប្រជាជន​ថៃ​ចំនួន ២៥៧ នាក់ កំពុង​បម្រើ​ការងារ​ក្នុងប្រទេស​អ៊ីរ៉ង់ និង ២៥ នាក់​ផ្សេងទៀត ក្នុងប្រទេស​អ៊ីរ៉ាក់ ។ ភាគច្រើន​នៃ​ពលករ​ថៃ​ទាំងនោះ បម្រើការ​ក្នុង​ភោជនីយដ្ឋាន កន្លែង​ម៉ាស្សា និង​អាជីវកម្ម​លក់​សាច់​ត្រី ជាដើម​។ មេដឹកនាំ​ប្រទេស​ទាំងពីរ កំពុង​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​ពលរដ្ឋ​ខ្លួន និង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់នៃ​ជម្លោះ​អាមេរិក និង​អ៊ីរ៉ង់ អនុវត្ត​ភាព​អត់ធ្មត់​អតិបរមា និង​បញ្ចៀស​ការប្រើ​កម្លាំង​ក្នុង​គោលដៅ​បន្ធូរបន្ថយ​ភាព​តានតឹង ព្រមទាំង​រក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​
 
​គួរ​បញ្ជាក់ថា ជម្លោះ​អាមេរិក និង​អ៊ីរ៉ង់ ដែល​កំពុង​កាន់តែ​អាក្រក់​នេះ កើតឡើង​ក្រោយពី​លោក Abu Mahdi al-Muhandis មេបញ្ជាការរង​របស់ Hashed និង​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani ប្រមុខ​កងកម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍ ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ផ្លូវអាកាស​របស់​អាមេរិក​នៅ​ព្រលានយន្តហោះ​ទីក្រុង​បា​ក់ដាដ កាលពី​ថ្ងៃទី​៣ ខែមករា ។ លោក Soleimani គឺជា​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អ៊ីរ៉ង់ ហើយ​ជាម​ន្ត្រី​ទទួលបន្ទុក​កិច្ច​នៅ​អ៊ីរ៉ាក់​ផងដែរ​។ ក្រៅពី​លោក Soleimani មនុស្ស​៦​នាក់​ផ្សេងទៀត ក៏បាន​បាត់បង់​ជីវិត​ក្នុងការ​វាយប្រហារ​នេះ ហើយ​រថយន្ត​ពីរ​គ្រឿង បាន​ឆេះ​ខ្ទេច​៕

Tag:
 ​កុយ គួ​ង​
  ជម្លោះ​អាវុធ​
  ម​ជ្ឈឹ​ម​បូព៌ា​
  អ៊ីរ៉ង
© រក្សាសិទ្ធិដោយ thmeythmey.com