ដើម្បី​គ្រួសារ De Rossi សម្រេច​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់ នៅ​អាយុ​៣៦​ឆ្នាំ​
កីឡាអន្តរជាតិ
អន្តរជាតិ
ដើម្បី​គ្រួសារ De Rossi សម្រេច​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់ នៅ​អាយុ​៣៦​ឆ្នាំ​
07, Jan 2020 , 3:49 pm        
រូបភាព
Daniele De Rossi វីរបុរស​ក្រុម AS Roma បាន​ចាក​ចេញពី​ក្រុម Boca Juniors នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អា​ហ្ស​ង់​ទីន និង​ប្រកាសចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់​អាជីព​តែម្តង​។ ហេតុផល​ចម្បង​នៃ​ការចូលនិវត្តន៍​នេះ ព្រោះ Rossi ចង់​នៅ​ជិត​ប្រពន្ធ​កូន​ឲ្យ​បាន​ច្រើន​។​


 
Boca បាន​នាំយក De Rossi ដោយ​គ្មាន​តម្លៃ​ផ្ទេរ​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​បុរស​ជនជាតិ​អ៊ីតាលី​រូបនេះ​ផុត​កិច្ចសន្យា​ជាមួយ Roma ជា​ក្រុម​ដំបូង​ដែល​រូបគេ​ប្រកប​អាជីព​អស់​រយៈពេល ១៨ រដូវ​កាល​។​
 
​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី វ័យ​៣៦​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​សម្រាប់​ក្រុម​យក្ស​ក្នុង​ក្រុង Buenos Aires តែ​ចំនួន​៦​ប្រកួត​ប៉ុណ្ណោះ ពោលគឺ​រូបគេ​បាន​លុបចោល​កិច្ចសន្យា​របស់ខ្លួន​ជាមួយ Boca ហើយ​វិលត្រឡប់​ទៅកាន់​ប្រទេស​អ៊ីតាលី​វិញ​ដើម្បី​ជួបជុំ​គ្រួសារ​។​
 
Rossi បាន​ពន្យល់​ពី​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៦ ខែមករា​ថា​៖«​គ្មាន​នរណាម្នាក់​នៅក្នុង​គ្រួសារ​របស់ខ្ញុំ​មាន​បញ្ហា​សុខភាព​ទេ​។ ខ្ញុំ​គ្រាន់តែ​ត្រូវការ​នៅ​ជាមួយ​កូនស្រី និង​ក្រុមគ្រួសារ​របស់ខ្ញុំ​។ នេះ​ជា​មូលហេតុ និង​ជា​ហេតុផល​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​នៅត្រឹម​អាយុ​នេះ​។ ខ្ញុំ​មាន​វ័យ ៣៦ ឆ្នាំ​ហើយ វា​មិន​ដូច​កាល​នៅ​២៥ ឆ្នាំ​ទៀត​នោះទេ​»​។​
 
De Rossi ដែល​បង្ហាញខ្លួន​ចំនួន ៦១៦​ប្រកួត​សម្រាប់ Roma បន្ថែមថា​នៅពេល​រូបគេ​ជូនដំណឹង​ដល់​ថ្នាក់លើ​ក្លិប Boca ពួកគេ​បានស្នើ​ឲ្យ Rossi  ចំណាយពេល​ពីរ​បី​ថ្ងៃ​ដើម្បី​គិតពី​ការចូលនិវត្តន៍​នេះ​ឡើងវិញ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្វីៗ​គឺ​មិនអាច​ផ្លាស់ប្តូរ​ឡើយ​។​
 
«​ខ្ញុំ​បាន​លេង​ឲ្យ​ក្រុម​ចំនួន​ពីរ​ដែល​ខ្ញុំ​ស្រឡាញ់​ក្នុង​អាជីព​។ អ្វីៗ​ទាំងអស់​នឹង​ស្ថិតក្នុង​ការចងចាំ និង​ក្នុង​បេះដូង​របស់ខ្ញុំ​។ ជីវិត​ជា​កីឡាករ​បាល់ទាត់​បានបញ្ចប់​ហើយ​»៕

Tag:
 Daniele De Rossi
  Boca Juniors
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com