អន្តរជាតិ
ត្រាំ ប្រើ​«​សន្លឹក​បៀរ​អ៊ីរ៉ង់​»​ដែល​ធ្លាប់​ចោទ​អូ​បា​ម៉ា​ថា​នឹង​លេង​ដើម្បី​ឈ្នះឆ្នោត​?
07, Jan 2020 , 9:19 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក្នុងជំនួបនាពេលកន្លងទៅ (AFP)
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក្នុងជំនួបនាពេលកន្លងទៅ (AFP)
ដោយ:
​សា​រលើ​បណ្តេញ​សង្គម Twitter ក្នុង​ឆ្នាំ​២០១១​និង​២០១២ ដែល​លោក ដូ​ណា​ល់ ត្រាំ បានគិត​ទុក​ថា ប្រធានាធិបតី​អាមេរិក​ទី​៤៤ បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​បញ្ឆេះ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ដើម្បី​ជាប់ឆ្នោត​ជាថ្មី​នោះ ត្រូវបាន​គេ​ចែករំលែក​ព្រោងព្រាត​(viral) ក្រោយ​សហរដ្ឋអាមេរិក​បានធ្វើ​ឃាត​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​។ ទង្វើ​អាមេរិក​នេះ បាន​បង្ក​ភាព​តានតឹង និង​ការប្រឈមមុខ​កាន់តែខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​។

 
​លោក​ប្រធានាធិបតី ត្រាំ បានចេញ​បញ្ជា​ដោយផ្ទាល់​ឲ្យ​បើក​ការវាយប្រហារ​តាម​ដែនអាកាស​សម្លាប់​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani មេបញ្ជាការ​កម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​បា​ក់ដាដ កាលពី​សុក្រ​សប្តាហ៍​មុន​។ ប៉ុន្មាន​ម៉ោង​ក្រោយមក មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​បញ្ជាក់ថា ឧ​ត្ត​ម​សេនីយ៍ Soleimani ដែលជា​បងធំ​ទី​២​ក្នុងប្រទេស​អ៊ីរ៉ង់ បន្ទាប់​មេដឹកនាំ​កំពូល Ali Khamenei បានរៀបចំ​ផែនការ​យ៉ាងសកម្ម​វាយប្រហារ​មន្ត្រី​ទូត​អាមេរិក និង​ប្រជាជន​អាមេរិក​ក្នុងប្រទេស​អ៊ីរ៉ង់ និង​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​។ 
 
​ទោះបីជា​ភាពជោគជ័យ​របស់លោក ដូ​ណា​ល់​ត្រាំ ចំពោះ​ការវាយប្រហារ​នេះ​ក៏ដោយ​ក្តី អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាននាំគ្នា​ចែករំលែក​ការ​បង្ហោះ​ពីលើ​ក​មុន​របស់លោក​ត្រាំ ចន្លោះ​ឆ្នាំ​២០១១ និង​២០១២ នៅពេល​លោក អូ​បា​ម៉ា គឺជា​ប្រធានាធិបតី​អាមេរិក​។ កាលនោះ លោក ត្រាំ ដែលជា​សមាជិក​បក្ស​សាធារណរដ្ឋ​ម្នាក់ បាន​ថ្កោលទោស​គំនិត​ប្រើ​កម្លាំងយោធា​របស់​រដ្ឋបាល​អូ​បា​ម៉ា​ប្រឆាំង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ឈ្នះឆ្នោត​ឡើងវិញ​។ 
 
 
«​ក្នុង​គោលដៅ​ជាប់ឆ្នោត លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​បញ្ឆេះ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​»​។ លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បែបនេះ នៅលើ​បណ្ដាញ​សង្គម Twitter ចុះ​ថ្ងៃ ៣០ វិច្ឆិកា ឆ្នាំ​២០១១ ។ ចំណែក​សារ​មួយទៀត ដែល​បាន​បង្ហោះ​នៅ​ថ្ងៃទី ២២ តុលា ឆ្នាំ​២០១២ លោក ត្រាំ បានសរសេរថា​៖«​កុំ​អនុញ្ញាត​ឲ្យ លោក អូ​បា​ម៉ា លេង​សន្លឹក​បៀរ​អ៊ីរ៉ង់​ដែល​បញ្ឆេះ​សង្គ្រាម ក្នុង​គោលដៅ​ជាប់ឆ្នោត​ជាថ្មី​។ សូម​ប្រយ័ត្នប្រយែង សមាជិក​បក្ស​សាធារណរដ្ឋ​!»​។ 
 
​ក្រៅពី​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Twitter លោក ដូ​ណា​ល់ ត្រាំ ក៏​ធ្លាប់​និយាយ​តាមរយៈ​វីដេអូ​មួយ កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១១ ។  ក្នុង​វីដេអូ​ដែល​ថត​នៅផ្ទះ​របស់លោក​ផ្ទាល់ លោក បាន​និយាយថា​៖«​ប្រធានាធិបតី​យើង (​អូ​បា​ម៉ា​) នឹង​ចាប់ផ្តើម​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ព្រោះថា លោក​ពិតជា​គ្មាន​សមត្ថភាព​ចរចា​។ លោក​គឺ​ទន់ខ្សោយ និង​គ្មាន​ប្រសិទ្ធភាព​។ ដូច្នេះ​វិធីសាស្ត្រ​តែមួយគត់​ដែល​លោក​គិត​ឃើញ​ដើម្បី​អាច​ឲ្យ​លោក​ជាប់ឆ្នោត​ឡើងវិញ​បាន​នោះ គឺជា​ការ​បញ្ឆេះ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​»​។ 
 
 
​ទោះ​ក្រោយ​លោក អូ​បា​ម៉ា បាន​ជាប់ឆ្នោត​អាណត្តិ​ទី​២ លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​ចោទប្រកាន់​លោ​កថា​ចង់​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ។ ក្នុង​សារ​លើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃ​១៧ កញ្ញា ឆ្នាំ​២០១៣ លោក ត្រាំ បានសរសេរថា​៖«​ខ្ញុំ​គិតទុក​ថា ប្រធានាធិបតី អូ​បា​ម៉ា នៅពេល​ណាមួយ នឹង​វាយប្រហារ​អ៊ីរ៉ង់​ដើម្បី​ទុក​មុខ​ឲ្យ​ខ្លួនឯង​»​។​
 
 
​សូមបញ្ជាក់ថា ការរិះគន់​របស់លោក​ត្រាំ​លើ​គោលនយោបាយ​អ៊ីរ៉ង់​របស់លោក​អូ​បា​ម៉ា បាន​កើតឡើង​ខណៈដែល​កំណើន​ភាព​តានតឹង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដែល​កាលនោះ​រដ្ឋបាល​លោក អូ​បា​ម៉ា បាន​ព្យាយាម​ផ្អាក​សកម្មភាព​នេះ​។  អំឡុង​អាណត្តិ​ទី​២ លោក អូ​បា​ម៉ា​បាន​ផ្លាស់ប្តូរ​ជំហរ​ចំពោះ​អ៊ីរ៉ង់ ហើយ​ក្រោយមក លោក​បាន​ជោគជ័យ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ក្នុង​ឆ្នាំ​២០១៥ ដែល​ក្រុង​តេ​ហេ​រ៉ង់​បាន​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។​
 
​ចំណែក អំឡុង​រដ្ឋបាល​លោក​ត្រាំ​រយៈពេល​៣​ឆ្នាំ​មកនេះ ភាព​តានតឹង​ជាមួយ​រវាង​ក្រុង​វ៉ាស៊ីនតោន និង​តេ​ហេ​រ៉ង់ បាន​កើនឡើង​កាន់តែខ្លាំង ។ ហើយ​កាលពី​ឆ្នាំ​២០១៨ លោក ត្រាំ បាន​ដក​អាមេរិក​ដោយ​ឯកតោភាគី​ចេញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ព្រមទាំង​បានប្រកាស​ដាក់ទណ្ឌកម្ម​ជាថ្មី​។ បច្ចុប្បន្ន នៅ​ចំពោះមុខ​នយោបាយ​ក្នុងស្រុក លោក ត្រាំ កំពុង​ប្រឈមមុខ​នឹង​សវនាការ​ដកហូត​តំណែង (impeachment) ដែល​គ្រោង​រៀបចំឡើង​ក្នុង​ព្រឹទ្ធសភា នា​ចុង​ខែម​ករានេះ ហើយ​ព្រម​ជាមួយគ្នានេះ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ក៏​នឹង​រៀបចំឡើង​ផងដែរ នា​ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ​៕ 

Tag:
 អ៊ីរ៉ង់​
  សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ
  អូ​បា​ម៉ា​
  ការបោះឆ្នោត​២០២០
© រក្សាសិទ្ធិដោយ thmeythmey.com