ជាតិ
កម្ពុជា​បញ្ជូន​កូរ៉េខាងជើង​១៦​នាក់ ដែល​ធ្វើការ​ឲ្យ​បន​ល្បែង​អន​ឡាញ​ចិន ទៅ​ស្រុកកំណើត​វិញ
07, Jan 2020 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ( General Department of Immigration - GDI)
រូបពីហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ( General Department of Immigration - GDI)
​ភ្នំពេញ​៖ អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន ជនជាតិ​កូរ៉េខាងជើង​ចំនួន​១៦​នាក់ ដែល​លួច​ធ្វើការ​ងារ​ឱ្យ​ក្រុមហ៊ុន​ហ្គេម​អន​ឡាញ​របស់​ចិន​មួយកន្លែង នៅក្នុង​ខេត្តសៀមរាប​។ ជនជាតិ​កូរ៉េខាងជើង​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន កាលពី​សប្ដាហ៍​មុន ក្រោម​ហេតុផល​ថា ពួកគេ​បាន​លួច​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​។​


 
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក ជា គឹម​សាន បាន​និយាយថា ជនសង្ស័យ​ទាំងនេះ ធ្វើការ​ផ្នែក​មេកា​និក​សម្រាប់​ដំឡើង​កម្មវិធី​(Software) អន​ឡាញ​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ នៅក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ខេត្តសៀមរាប​។ លោក គឹម​សាន បាន​បន្ថែមថា ពួកគេ​បាន​ចូលមក​រស់នៅ​កម្ពុជា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ ប៉ុន្តែ​បែ​ជា​ពួកគេ​លួច​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ទៅវិញ​។ បើតាម​លោក គឹម​សាន ជនជាតិ​កូរ៉េខាងជើង​ទាំងនេះ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ទី​៣ មករា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​សមត្ថកិច្ច​ផាកពិន័យ ទៅលើ​ការប្រើប្រាស់​ទិដ្ឋាការ​មិន​ចំ​គោលដៅ និង​គ្មាន​ប័ណ្ណ​ការងារ ហើយ​បញ្ជូន​ចេញពី​កម្ពុជា​ទៀតផង​។​
 
​តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន NK News ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​នេះ បាន​ស្រង់​សម្តី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រូបនេះ យ៉ាង​ដូច្នេះ​ថា​៖«​យើង​បាន​បញ្ជា​ឱ្យ​ពួកគេ​(​ជនជាតិ​កូរ៉េខាងជើង​)​ចាក​ចេញពី​កម្ពុជា នៅត្រឹម​ថ្ងៃ​អង្គារ ទី​៧ មករា​នេះ​»​។​
 
​បើតាម​លោក ជា គឹម​សាន ការ​អនុ​វត​វិធានការ​លើ​ជនជាតិ​កូរ៉េខាងជើង​ទាំងនេះ ធ្វើឡើង​តែ​២​ទៅ​៣​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយពី​អង្គការសហប្រជាជាតិ តម្រូវឱ្យ​រដ្ឋ​ជា​សមាជិក​អង្គការ​ទាំងអស់ ចាប់បញ្ជូន​ជនជាតិ​កូរ៉េខាងជើង ដែល​កំពុងធ្វើការ​នៅក្នុង​រដ្ឋ​នីមួយៗ​ទៅ​ស្រុកកំណើត​វិញ​។ «​កូរ៉េខាងជើង​បាន​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អង្គការសហប្រជាជាតិ ដែល​បាន​ហាម​កូរ៉េខាងជើង​ដំណើរការ​ជំនួញ ឬ​ធ្វើការ​នៅក្នុង​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​។ ដូច្នេះ​ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ យើង​ត្រូវតែ​គោរព​តាម​ការសម្រេចចិត្ត​រប​ស់​អង្គការ​ពិភពលោក​មួយ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ដែល​ត្រូវបាន​ស្រង់​សម្ដី​ដោយសារ​ព័ត៌មាន NK News​។​
 
​ជាមួយគ្នានេះ​លោក ជា គឹម​សាន បាន​សង្កត់ធ្ងន់ថា ដ្បិត​ពួកគេ​ទាំងនេះ ត្រូវបាន​ឃាត់ខ្លួន​ពិតមែន ប៉ុន្តែ​ពួកគេ​មិនបាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ខុសច្បាប់​ផ្សេងទៀត​នោះទេ ពោលគឺ​ពួកគេ​គ្រាន់តែ​មក​រស់នៅ និង​ធ្វើការ​ខុសច្បាប់ នៅក្នុង​ក្រុមហ៊ុន​ល្បែង​អន​ឡាញ​ប៉ុណ្ណោះ​។ ដូច្នេះ​ទើប​សមត្ថកិច្ច​ត្រូវ​ចាប់​ឃាត់ខ្លួន និង​បញ្ជូន​ចេញ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សុំ​ព័ត៌មាន​លម្អិត​បន្ថែម ជុំវិញ​ករណី​ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងជើង​ទាំង​១៦​នាក់​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៧ មករា​។​
 
​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា សារមន្ទីរ 3D ឬ សារមន្ទីរ​សព្វទស្សន៍​អង្គរ «Angkor Grand Panorama» ដំបូងបង្អស់​នៅ​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េខាងជើង នៅក្នុង​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​បិទទ្វា​រ​។ Grand Panorama ដែលមាន​ទីតាំង​ស្ថិតនៅ​លើដី​ទំហំ​បួន​ហិកតា និង​មាន​ចម្ងាយ​ប្រមាណ​ជា​បី​គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ឆ្នាំ ២០១៥ ក្រោម​ការសាងសង់​រប​ស់​ក្រុមហ៊ុន​កូរ៉េខាងជើង និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​អប្សរា​ក្រោម​ទុនវិនិយោគ ២៤​លាន​ដុល្លារ​អាមេរិក​។ កន្លងមក​សារមន្ទីរ 3D ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា​នេះ បាន​ចូលរួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ចង់​ស្វែងយល់​ពី​វប្បធម៌ និង​អច្ឆរិយ​របស់​ខ្មែរ ជាមួយ​ការ​គ្រឿង​បរិក្ខា​ទំនើបៗ​ដែល​អាច​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ប្រាសាទបុរាណ និង​ប្រវត្តិ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​តាម​ជំនាន់​នីមួយៗ​តាមរយៈ​រូបភាព និង​វីដេអូ​ជា​ប្រភេទ 3D ។​
 
​ក្រោយមក​ភោជនីយដ្ឋាន​កូរ៉េខាងជើង ចំនួន​៦​ទៀត ដែលមាន​ទីតាំងនៅ​នៅ​រាជធានី​ភ្នំពេញ​៤​កន្លែង និង​សៀមរាប​២​កន្លែង​ទៀត ក៏បាន​បិទទ្វារ កាលពី​ថ្ងៃទី ២២​ខែធ្នូ ឆ្នាំ​២០១៩ ដែរ​។ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​លោក តុ​ប សុ​ភ័​ក្រ ធ្លាប់បាន​បញ្ជាក់ថា ការប្រកាស​បិទទ្វារ​នេះ គឺ​ស្របតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​តម្រូវឱ្យ​រដ្ឋ​ជា​សមាជិក​បញ្ឈប់​ប្រតិបត្តិការ​រកលុយ​រប​ស់ជន​ជាតិ​កូរ៉េខាងជើង​នៅក្រៅ​ប្រទេស​៕

Tag:
 កូរ៉េខាងជើង​
  ចិន​
  ល្បែង​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com