កីឡាករ​ឡាវ Phounsavath Ariya គ្រង​ជើងឯក​ការប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​កម្ពុជា​
កីឡាជាតិ
ជាតិ
កីឡាករ​ឡាវ Phounsavath Ariya គ្រង​ជើងឯក​ការប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​កម្ពុជា​
08, Jan 2020 , 7:59 am        
រូបភាព
​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​កម្ពុជា បានបញ្ចប់​ការប្រកួត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ និង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ចំពោះ​ដំណើរការ​រៀបចំ​។ ក្រោយ​ឆ្លងកាត់​ការប្រណាំង​៣​ថ្ងៃ​លើ​ចម្ងាយ​ផ្លូវ​ជាង​៤០០​គីឡូម៉ែត្រ ម្ចាស់​ជ័យលាភី​បាន​ទៅលើ​កីឡាករ​ឡាវ ដែល​ឈរ​ពីក្រោយ​ដោយ​កីឡាករ​ម៉ាឡេស៊ី និង​ហុងកុង​។ ចំណែក​កីឡាករ​កម្ពុជា​មិនបាន​ចំណាត់ថ្នាក់​នោះទេ តែ​លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​អះអាងថា បច្ចេកទេស​របស់​ពួកគេ​មានការ​កើនឡើង និង​ទទួលបាន​បទពិសោធ និង​បច្ចេកទេស​ថ្មីៗ​ជាច្រើន​ពី​ព្រឹត្តិការណ៍​នេះ​។​

 
​កីឡាករ​ឡាវ Phounsavath Ariya បាន​គ្រង​ជើងឯក​ក្នុងការ​ប្រកួតប្រណាំង​ក​ង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៣​ថ្ងៃ​លើ​ចម្ងាយ​ផ្លូវ​៤៥៤.៦​គីឡូម៉ែត្រ​ដោយ​ឆ្លងកាត់​ខេត្តកោះកុង កំពត និង​កែប​។ ចំណែក​កីឡាករ​ម៉ាឡេស៊ី Hohd Zariff Muhmad Nur Aiman ទទួលបាន​លេខ​២ និង​កីឡាករ​ហុងកុង Fung Ka Hoo បាន​លេខ​៣​។ 
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ការរៀបចំ ថា​បាន​ព្រឹត្តិ​ទៅដោយ​រលូន និង​មិនមាន​បញ្ហា​អ្វី​អាក្រក់​កើតឡើង​នោះទេ​។ ការប្រកួត​ទៀតសោត​មាន​ភាពស្វិតស្វាញ​ប្រកបដោយ​បច្ចេកទេស ក្រោម​ស្មារតី​ទទួលខុសត្រូវ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​កីឡាករ​ទាំងអស់​មានកា​រ​អធ្យាស្រ័យ​ខ្ពស់ ទោះបី​ពួកគេ​មកពី​ប្រទេស​ផ្សេងៗ​គ្នា​ក៏ដោយ​។ 
 
​ព្រឹត្តិការណ៍​កីឡាករ​ទេសចរណ៍​នេះ គឺ​សមិទ្ធផល​ទេសចរណ៍​ថ្មី​មួយទៀត ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​កម្ពុជា​ទៅកាន់​ពិភពលោក​។ នេះ​បើតាម​ការបន្ថែម​របស់​លោក ថោង ខុន ដែល​រំពឹងថា ក្រោយ​ព្រឹត្តិការណ៍​នេះ​នឹងមាន​ភ្ញៀវទេសចរ​កាន់តែច្រើន​មក​កម្សាន្ត​នៅ​កម្ពុជា​។ 


 
​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ បន្ថែមទៀតថា ព្រឹត្តិការណ៍​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រណាំង និង​ពង្រឹងសមត្ថភាព​កីឡាករ​កម្ពុជា សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ផងដែរ​។ ការលើកឡើង​បែបនេះ ដោយសារ​ក្នុងការ​ប្រកួត​នេះ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បានដាក់​កីឡាករ​កម្ពុជា​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ដែរ​។ 
 
​ទោះបី​កីឡាករ​កម្ពុជា​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ សម្រាប់​ការចូលរួម​លើកដំបូង​នេះ​ក៏ដោយ តែ​ពួកគេ​ទទួលបាន​បទពិសោធ និង​បច្ចេកទេស​ថ្មីៗ​ជាច្រើន ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​។ ដ្បិត​កីឡាករ​ជាង​២០០​នាក់​មកពី​២០​ប្រទេស ដែល​ចូលរួម​ប្រកួត​សុទ្ធសឹង​ជា​កីឡាករ​ប្រណាំង​កង់​អាជីព លំដាប់​ពិភពលោក​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ប៉ាន សូរ​ស័ក្តិ ប្រធាន​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​។   
 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​រូបនេះ​សង្កេតឃើញថា ទោះ​កីឡាករ​កម្ពុជា​មិន​ទទួលបាន​ចំណាត់ថ្នាក់ តែ​សមត្ថភាព​និង​បច្ចេកទេស​របស់​ពួកគេ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​មាន​ភាព​ទាក់ទាញ​។ ជា​លទ្ធផល​ក្នុងការ​ប្រកួត​នេះ​កីឡាករ​កម្ពុជា​៣​រូប ចាញ់​កីឡាករ​បរទេស​ដែល​ទទួលបាន​ចំណាត់ថ្នាក់ តែ​ជាង​៤០​វិនាទី​ប៉ុណ្ណោះ​។ 
 
​តាមរយៈ​បទពិសោធ​នៃ​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​នេះ ប្រមុខ​ដឹកនាំ​សហព័ន្ធ​ដែល​ទើប​តែងតាំង​កាលពីពេល​ថ្មីៗ​រូបនេះ បង្ហាញ​ការជឿជាក់​ខ្លាំង​លើ​សមត្ថភាព​កីឡាករ​កម្ពុជា​ថា នឹង​អាច​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​វៀតណាម ពិសេស​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 


 
​ទន្ទឹង​នឹង​បង្ហាញ​ក្តី​រំពឹង​លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ពី​ផែនការ​អភិវឌ្ឍ​វិស័យ​កីឡា​ប្រណាំង​ទោចក្រយាន​នៅ​កម្ពុជា​ថា លោក​នឹង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​ទៅ​ក្រៅប្រទេស និង​សុំ​ជំនួញ​បច្ចេកទេស​ពី​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ​។ «​យើង​កំពុង​ទំនាក់ទំនង​ជាមួយ​សហ​ព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ ដើម្បី​សុំ​ជំនួយ​បច្ចេកទេស ក៏ដូចជា​ឧបករណ៍​ផ្សេងៗ ដែល​បម្រើ​ឲ្យ​ការហ្វឹកហាត់ ដើម្បី​ជំរុញ​និង​អភិវឌ្ឍ​ចំណុច​ខ្វះខាត​របស់​យើង​។ យើង​មាន​ឆន្ទៈ​ប្រកួតប្រជែង តែ​ត្រូវ​ការជំរុញ​លទ្ធភាព​ឲ្យ​បាន​ខ្ពស់ ព្រោះ​កីឡា​ប្រណាំង​កង់​ឧបករណ៍​មានតម្លៃ​ខ្ពស់ និង​ការប្រកួតប្រជែង​ខ្លាំង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ាន សូរ​ស័ក្តិ​។ 
 
​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​កម្ពុ​ជាមាន​កីឡាករ​ប្រមាណ​២០០​នាក់​មកពី​២០​ប្រទេស​ចូលរួម​។ ការប្រកួត​ធ្វើឡើង​បី​ដំណាក់កាល ដែលមាន​ចម្ងាយ​ផ្លូវ​សរុប​ជាង​៤០០​គីឡូម៉ែត្រ​។ ដំណាក់កាល​ទី​១ ចេញដំណើរ​ពី​តំបន់​ទេសចរណ៍​តារា​សាគរ​ទៅ​ទី​រួម​ខេត្តកោះកុង ខណៈ​ដំណាក់កាល​ទី​២​ចេញដំណើរ​ពី​រង្វង់​មូល​សាយ​ភូ​ថង ឆ្ពោះទៅ​ភ្នំ​បូកគោ និង​ដំណាក់កាល​ទី​៣​ចេញពី​បូកគោ​មក​ទី​រួម​ខេត្ត​កែប ដោយ​ជិះ​៥​ជុំ​នៅ​ទីនោះ​។ 
 
​ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ក្រោយ​ជំនួយ​បច្ចេកទេស​ពី​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ​។ គោលបំណង​នៃ​ការរៀបចំ គឺធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​កម្ពុជា និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​។ ការពង្រឹង​សមត្ថភាព​កីឡាករ​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏​ជា​គោលបំណង​មួយ​ផងដែរ​៕   









Tag:
 ​ប្រណាំង​កង់​
  Phounsavath Ariya
© រក្សាសិទ្ធិដោយ thmeythmey.com