អន្តរជាតិ
នាយករដ្ឋមន្ត្រី មហា​ធៀ ចាត់ទុក​ឃាតកម្ម​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់ Soleimani ជា​រឿង «​អសីលធម៌​»
07, Jan 2020 , 10:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (AFP)
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (AFP)
ដោយ:
​នាក​យ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ទទូច​ឲ្យ​ប្រទេស​កាន់សាសនា​ឥស្លាម​រួបរួមគ្នា​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​ការគំរាមកំហែង​ពី​ខាងក្រៅ ។ ការអំពាវនាវ​របស់​មេដឹកនាំ​រូបនេះ ធ្វើឡើង​ក្រោយ​ចាត់ទុក​ការសម្លាប់​ពី​សំណាក់​អាមេរិក​លើ​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់ ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani ថា «​អសីលធម៌​»​។

 
​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​៧ ខែមករា លោក មហា​ធៀ មហាម៉ាត់ បញ្ជាក់ថា​៖«​វា​ដល់ពេល​ហើយ​ដែល​ប្រទេស​កាន់សាសនា​ឥស្លាម​គួរតែ​រួបរួមគ្នា​»​។ លោក បន្តថា​៖«​យើង​លែងមាន​សុវត្ថិភាព​តទៅទៀត​ហើយ​។​» ត្រង់ចំណុច​នេះ មេដឹកនាំ​វ័យ ៩៤​ឆ្នាំ​រូបនេះ សង្កត់ធ្ងន់ថា ប្រសិនបើ​នរណាម្នាក់​និយាយ​ប្រមាថ ឬ​និយាយ​អ្វីដែល​មនុស្ស​មួយចំនួន​មិន​ពេញចិត្ត​នោះ អ្នកនោះ បែរជា​អាច​បញ្ជូន​ដ្រូ​ន​វាយប្រហារ​ទៅវិញ ហើយ​ប្រហែលជា​បាញ់​លើ​លោក​ផង​។ លោក មហា​ធៀ ទំនង​ចង់​សំដៅ​ដល់​អាមេរិក​ដែល​ប្រើ​ដ្រូ​ន​បាញ់​មី​ស៊ី​ល​ដាក់​ឡាន​ដឹក​លោក Soleimani ។ 
​ក្រោយ​ដ្រូ​ន​អាមេរិក​មួយ​បានសម្លាប់​លោក​ឧ​ត្ត​ម​សេនីយ៍ Qasem Soleimani មេបញ្ជាការ​កម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​បា​ក់ដាដ កាលពី​សុក្រ​សប្តាហ៍​មុន វា​បង្កក្តី​ព្រួយបារម្ភ​នៅតាម​ព្រំដែន​ជម្លោះ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។ ទាក់ទិន​នឹង​រឿងនេះ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ អះអាងថា ទង្វើ​របស់​សហរដ្ឋអាមេរិក​នេះ គឺ​ប្រឆាំងនឹង​ច្បាប់​អន្តរជាតិ​។ 
 
​ដោយ​ប្រៀបធៀប​ការសម្លាប់​ឧ​ត្ត​ម​សេនីយ៍ Soleimani នឹង​ឃាតកម្ម​លើ​អ្នកកាសែត Jamal Khashoggi កាលពី​ឆ្នាំ​២០១៨ ដែលជា​អ្នក​រិះគន់​ខ្លាំងៗ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត លោក មហា​ធៀ បញ្ជាក់ថា ព្រឹត្តិការណ៍​ទាំងពីរ​នេះ បានកើត​ឡើង​ឆ្លង​ព្រំដែន​។ លោក​និយាយ​ដូច្នេះ​៖«​នេះ​ក៏​ជា​សកម្មភាព​ដទៃទៀត​ដែល​ប្រទេសមួយ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​សម្លាប់​មនុស្ស​នៅ​ប្រទេសមួយ​ផ្សេងទៀត​»​។  លោក​សង្កត់ធ្ងន់ថា ទង្វើ​ទាំងនេះ​គឺ​ផ្ទុយ​នឹង​សីលធម៌ ហើយ​ប្រឆាំង​ច្បាប់​អន្តរជាតិ​។ 
 
​សូមបញ្ជាក់ថា ចាប់តាំងពី​ឡើងកាន់តំណែង​មក លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ បាន​ព្យាយាម​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់ ទោះបី​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នេះ​ក៏ដោយ​ក្តី​។ បើតាម​ការប៉ាន់ស្មាន ពលរដ្ឋ​អ៊ីរ៉ង់​ប្រមាណ ១​ម៉ឺន​នាក់ កំពុង​រស់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​៕

Tag:
 ម៉ាឡេស៊ី​
  អ៊ីរ៉ង់​
  Soleimani
© រក្សាសិទ្ធិដោយ thmeythmey.com