ជាតិ
ឱកាស​បាន​អាហារូបករណ៍ និង​កម្មវិធី​ផ្លាស់ប្តូរ​ការអប់រំ​រយៈ​ពេល​ខ្លី​នៅ​កាណាដា​
08, Jan 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ពី​កម្មវិធី​អាហារូបករណ៍ និង​ការផ្លាស់ប្ដូរ​ការអប់រំ​សម្រាប់​ការអភិវឌ្ឍ​ទៅ​សិក្សា​រយៈពេល​ខ្លី​នៅ​ប្រទេស​កាណាដា សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។

 
​កម្មវិធី​អាហារូបករណ៍​ដែលមាន​ឈ្មោះថា​«The Scholarships and Educational Exchanges for Development-SEED» បង្កើតឡើង​សម្រាប់​ផ្ដល់ឱកាស​ដល់​បេក្ខជន​មកពី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​។ 
 
«SEED Scholarships-For Mid-Career Professionals» ជា​ផ្នែក​ទី​១​នៃ​កម្មវិធី​អាហា​រូប​រណ៍ ដែលមាន​រយៈពេល​សិក្សា​ពី ១-៤​សប្ដាហ៍​។ ក្នុង​ផ្នែក​ទីមួយ​នេះ​អាហារូបករណ៍​ត្រូវបាន​ផ្ដល់ជូន​ចំនួន ៣០​កន្លែង​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ លើ​មុខជំនាញ​សិក្សា​ទាក់ទង​នឹង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០​។ សម្រាប់​ការជ្រើសរើស​ក្នុង​ផ្នែក​ទីមួយ​នេះ បេក្ខជន​ទាំងអស់​ដែលមាន​ចំណាប់អារម្មណ៍​អាចមក​ដាក់ពាក្យ​មុន​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០​។​
 
«SEED Scholarships-For Students» ជា​ផ្នែក​ទី​២​នៃ​កម្មវិធី​អាហារូបករណ៍​ដែលមាន​រយៈពេល​សិក្សា​ពី ៤-៨​សប្ដាហ៍ ហើយ​ត្រូវ​បានផ្ដល់​អាហារូបករណ៍​ជូន​ចំនួន ១២៥​កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។ អាហារូបករណ៍​ផ្នែក​ទី​២​នេះ ក៏ត្រូវ​បាន​សិក្សា​លើ​មុខជំនាញ​ទាក់ទង​នឹង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០​ផងដែរ​។ បេក្ខជន​ទាំងអស់​អាចដាក់​ពាក្យសុំ​អាហារូបករណ៍​នេះ​បាន​ដែល​ផុតកំណត់​ទទួល​ពាក្យ​ត្រឹម​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០​។​
 
​សូមបញ្ជាក់ថា បេក្ខជន​ទាំងអស់​ដែលមាន​បំណង​ចូលរួម​កម្មវិធី​អាហារូបករណ៍​នេះ ត្រូវបំពេញ​ពាក្យសុំ​រួច​ផ្ញើរ​ទៅកាន់​អ៊ី​ម៉ែ​ល [email protected] ឬ​ចង់ដឹង​ពី​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ EduCanada ៕

Tag:
 អាហារូបករណ៍​
  កាណាដា អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com