ភ្នាក់ងារទិញដូរកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះលោក Mino Raiola ថាលោកឈប់ចរចានាំកីឡាករទៅកាន់ក្រុម Manchester United ទៀតហើយ។ មូលហេតុដែលភ្នាក់ងាររបស់ Paul Pogba អះអាងបែបនេះ ព្រោះលោកគិតថា កីឡាករល្អៗដែលទៅកាន់ក្លិបនេះនឹងត្រូវខូចកេរ្តិ៍ឈ្មោះមិនខាន។
កិច្ចព្រមព្រៀងជាមួយលោក Raiola មិនមែនជាស្ថានភាពរីករាយទេ ប៉ុន្តែការលើកឡើងរបស់លោកជុំវិញទម្រង់លេងរបស់ក្រុមបិសាចក្រហមនៅពេលនេះ គឺពិបាកក្នុងការប្រជែងជាមួយក្រុមផ្សេងខ្លាំងណាស់។
«បច្ចុប្បន្ននេះ ខ្ញុំនឹងមិននាំកីឡាករផ្សេងទៅកាន់ Man Utd ទៀតទេ ព្រោះពួកគេនឹងបំផ្លាញអ្នកទាំងអស់នោះ បើទោះបីកីឡាករមានសមត្ថភាពប្រហែល Maradona, Pele ឬ Maldini ក៏ដោយ។ សូម្បីតែ Paul Pogba ក៏ត្រូវការក្រុមមួយដូចនៅ Juventus ពីមុនដែរ»។ នេះជាការអះអាងរបស់លោក Raiola។
បុរស់សញ្ជាតិអ៊ីតាលីរូបនេះ ជាអ្នកចរចាឲ្យ Pogba ចាកចេញពី Juventus ដើម្បីទៅកាន់ Old Trafford កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃផ្ទេរថ្លៃបំផុតនៅអង់គ្លេស។ ប៉ុន្តែបើទោះជាមានវត្តមានខ្សែបម្រើក្រុមជម្រើសជាតិបារាំងវ័យ២៦ឆ្នាំនេះ ក៏ Man Utd មិនទាន់បង្ហាញភាពខ្លាំងអ្វីគួរកត់សម្គាល់នោះឡើយ។
ស្ថានភាពរបស់ Pogba ត្រូវបានគេវាយតម្លៃនឹងភ្នែកថា ជាកីឡាករដែលមានកម្រិតលេងមិនសមនឹងតម្លៃខ្លួន។ កំហុសគ្រប់យ៉ាងក្រោយការបរាជ័យរបស់ Man Utd ភាគច្រើនគឺដាក់បន្ទុកលើអតីតខ្សែបម្រើឆ្មើមរបស់ក្រុមរហស្សនាមសេះបង្កង់រូបនេះ។
«តើនេះជាកំហុស Pogba មែនទេ? កំហុគាត់ គឺត្រង់ថាគាត់មានទ្រព្យច្រើនជាងគេ និងមានប្រាក់បៀវត្សច្រើនជាងគេបន្តិច ប៉ុន្តែគាត់ពិតជាពូកែជាងគេ ហើយវាគ្មានអ្វីប្លែកទេសម្រាប់ Pogba។ បាល់ទាត់បានធ្វើគាត់ល្បីល្បាញនេះជាការពិត»។ Raiola បានការពារ Pogba ដូច្នេះ។
ទម្រង់លេងរបស់ Man Utd ធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពី Sir Alex Ferguson ចាកចេញកាលពីឆ្នាំ២០១៣។ រយៈពេល៦ឆ្នាំចុងក្រោយ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យមួយនេះ បានផ្លាស់ប្តូអ្នកចាត់ការចំនួន៤រូបមកហើយ។ លោក Ole Gunnar Solskjær ដែលដឹកនាំសព្វថ្ងៃបាននាំ Man Utd ឈរនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាង Premier League ដោយទទួលបាន៣១ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Liverpool ដល់ទៅ២៧ពិន្ទុ។
ក្រុមបិសាចក្រហមរដូវកាលនេះ គឺត្រឹមប្រជែងយកតំបន់ Top 4 ដើម្បីបានកៅអីលេងក្នុងក្របខណ្ឌកំពូលអ៊ឺរ៉ុប UEFA Champions League រដូវកាលក្រោយតែប៉ុណ្ណោះ៕