ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាប់ពូជ​អ្វីខ្លះ​គួរ​ត្រូវបាន​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​?
26, Sep 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ដើរតួនាទី​យ៉ាងសំខាន់​ដើម្បី​រក្សាបាន​សុខភាព​កាន់តែ​ប្រសើរ​។ គ្រាប់ពូជ​មួយចំនួន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​គួរ​ត្រូវបាន​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គ្រាប់ពូជ​ដែល​អ្នក​គួរ​ទទួលទាន ៖
 
១. គ្រាប់ល្ង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ជាតិ​ដែក ម៉​ង់​កា​ណែ​ស ទង់ដែង និង​វីតាមីន B1 ដែល​សុទ្ធតែ​សំខាន់​ជួយ​រក្សាសុខ​ភាពល្អ​រឹងមាំ​។ លើសពីនេះទៅទៀត​គ្រាន់​ល្ង​ក៏មាន​ផ្ទុក​ជាតិ​សរសៃ sesamolin និង sesamin ដែល​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ គ្រប់គ្រង​សម្ពាធ​ឈាម និង​ការពារ​ថ្លើម​ផងដែរ​។​
 
២. គ្រាប់​ផ្លែ​ទទឹម​

​គ្រាប់​ផ្លែ​ទទឹម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក​និង​ជំងឺ​បេះដូង​។ ម្យ៉ាងវិញទៀត​គ្រាប់​ផ្លែ​ទទឹម​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ហើយ​រក្សា​សុខភាព​ស្បែក​និង​ក្រចក​។​
 
៣. គ្រាប់​ផ្កាឈូករ័ត្ន​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែលមាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ព្រមទាំង​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​ប៉ុន្មាន​ប្រភេទ​ផងដែរ​។​
 
៤. គ្រាប់​ទំពាំងបាយជូរ​
 
​ការទទួល​ទាន​ទំពាំងបាយជូរ​ទាំង​គ្រាប់​ក៏​ប្រសើរ​ចំពោះ​សុខភាព​រាងកាយ​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​គ្រាប់​ទំពាំងបាយជូរ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E​។​
 
៥. គ្រាប់​ល្ពៅ​

​គ្រាប់​ល្ពៅ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក ស័ង្កសី ជាតិ​ខ្លាញ់​សុខភាព​ល្អ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​សរសៃ និង​ប្រូតេអ៊ីន​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​ចាំបាច់​គួរ​រួមបញ្ចូល​គ្រាប់ពូជ​នេះ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com