អន្តរជាតិ
អ្នកវិភាគ​ថា លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​ថៃ​ឆ្នាំ ២០១៩ ជា​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​
08, Jan 2020 , 7:59 pm        
រូបភាព
រូបភាពឯកសារ៖ បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ជនជាតិ​ថៃ​ម្នាក់ពាក់​កន្សែង​រូប​អតីត​នាយករដ្ឋមន្ត្រី​ថៃអ្នកស្រី Yingluck Shinawatra ពេល​ប្រមូល​ផ្តុំ​ពិធី​កាន់កាប់​ទីក្រុង​របស់​យោធា​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៨។
រូបភាពឯកសារ៖ បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ជនជាតិ​ថៃ​ម្នាក់ពាក់​កន្សែង​រូប​អតីត​នាយករដ្ឋមន្ត្រី​ថៃអ្នកស្រី Yingluck Shinawatra ពេល​ប្រមូល​ផ្តុំ​ពិធី​កាន់កាប់​ទីក្រុង​របស់​យោធា​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៨។
ដោយ: VOA
​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ៖ នៅពេលដែល​ក្រុម​ឧត្ដមសេនីយ៍​យោធា​ថៃ​កំពូលៗ​មួយចំនួន ដែល​បាន​ផ្ដួលរំលំ​រដ្ឋាភិបាល​ថៃ​កាលពី​ឆ្នាំ ២០១៤ ប្រកាសថា ការបោះឆ្នោត​ដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​នឹងធ្វើ​ឡើង​នៅ​ខែ​មិនា ឆ្នាំ ២០១៩ ដែល​បាន​កន្លងផុត​ទៅនេះ ពួកគេ​បាន​សន្យាថា​នឹងធ្វើ​ឲ្យ​ប្រទេស​ថៃ​វិល​មករក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ក្រោយពី​រដ្ឋាភិបាលយោធា​នេះ​បាន​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល ៥ ឆ្នាំ​មក​។​

 
៩ ខែក្រោយ​មក ការបោះឆ្នោត​ដែល​ពួកយោធា​នេះ​ធ្លាប់​អះអាងថា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ និង​ជាការ​បោះឆ្នោត​ដែល​ពួកគេ​បានឈ្នះ​ដោយ​មិន​យុត្តិធម៌​នោះ សម្រាប់​ប្រជាពលរដ្ឋ​ថៃ​ភាគច្រើន វា​ប្រៀបដូចជា​រឿង​ក្លែងក្លាយ​ដូច្នេះ​ដែរ​។​
 
​អ្នកវិភាគ​នយោបាយ និង​អង្គការសិទ្ធិមនុស្ស​នានា​បាន​ប្រាប់ VOA ថា ប្រទេស​ថៃ​មាន​ការវិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ការស្ដារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​តាំងពី​ការបោះឆ្នោត​មក នៅក្រោម​រដ្ឋាភិបាល​ដែលមាន​ទំនោរ​ទៅរក​ពួកយោធា​។ រដ្ឋាភិបាល​នេះ​បាន​រឹតបន្តឹង​លើ​អ្នកប្រឆាំង បាន​ត្រួស​ត្រាយផ្លូវ​ឲ្យ​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង និង​បាន​បង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ​តាម​អ៊ីនធឺណិត​។​
 
​លោក Titipol Phakdeewanich ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Ubon Ratchathani បានលើកឡើង​អំពី​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ដូច្នេះ​ថា​៖ «​ក្រុម​វរជន​ដដែល​នៅតែ​គ្រប់គ្រង​ប្រទេស ដូច្នេះ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​គឺជា​រដ្ឋាភិបាលយោធា​ក្នុង​ទម្រង់​ថ្មី​តែប៉ុណ្ណោះ​»​។​
 
​លោក​បាន​បន្ថែម​ក្នុង​សម្ដី​ដើម​ថា​៖ «​ខ្ញុំ​គិតថា ការណ៍​ដែល​ប្រទេស​ថៃ​ស្ថិតនៅក្នុង​ស្ថានការណ៍​បែបនេះ​គឺ​វា​អាក្រក់​ជាង​មុន​ទៅទៀត ដោយសារតែ​ប្រទេស​ថៃ​ត្រូវបាន​គេ​មើ​លម​កថា​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​តាមពិត​វា​មិនមែន​នោះទេ​។ វា​គឺ​ការយល់​ខុស​ដែលថា​ប្រទេស​ថៃ​មាន​ប្រជាធិបតេយ្យ ដោយសារតែ​ពួកយោធា​នៅតែ​គ្រប់គ្រង​ប្រទេស ហើយ​ពួកគេ​បាន​ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​គ្រប់គ្រង​លើ​អ្វីៗ​ទាំងអស់​»​។​
 
​លោក Titipol បាន​បន្ថែមថា ឆាក​សម្ដែង​នយោបាយ​បានចាប់ផ្ដើម​ឡើង​ដោយ​ការបោះឆ្នោត ដែល​រៀបចំឡើង​ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​មួយ ដែល​ពួកយោធា​បាន​ព្រាង​ឡើង​ក្រោយពី​ការធ្វើ​រដ្ឋប្រហារ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ធំៗ​ចុះខ្សោយ​នៅក្នុង​ការបោះឆ្នោត ជាពិសេស​គឺ​គណបក្ស​ភឿ​ថៃ ដែលជា​គណបក្សប្រឆាំង​នឹង​ពួកយោធា​។​
 
​បន្ទាប់ពី​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​បានបង្ហាញ​ថា គណបក្ស​ភឿ​ថៃ និង​សម្ព័ន្ធមិត្ត​គណបក្ស​នេះ​បានទទួល​សំឡេងឆ្នោត​គាំទ្រ​ច្រើន គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាលយោធា​បាន​កែប្រែ​លក្ខន្តិកៈ​សម្រាប់​ការបែងចែក​អាសនៈ​រដ្ឋសភា​តាម​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ភឿ​ថៃ​មិន​ទទួលបាន​សំឡេងឆ្នោត​ភាគច្រើន​នៅក្នុង​រដ្ឋសភា​។​
 
​លោក James Buchanan បេក្ខជន​ថ្នាក់បណ្ឌិត​នៃ​សាកលវិទ្យាល័យ City University of Hong Kong ដែល​ធ្វើការ​ស្រាវជ្រាវ​អំពី​នយោបាយ​ថៃ បាន​និយាយថា​៖ «​ពួកយោធា​ហាក់ដូចជា​បង្កើត​ក្បួនច្បាប់​ឡើង បន្ទាប់ពី​បានឃើញ​លទ្ធផល​បោះឆ្នោត​»​។​
 
​រដ្ឋធម្មនុញ្ញ​ដែល​ពួកយោធា​បាន​ព្រាង​ឡើង​ក៏​អនុញ្ញាត​ឲ្យ​ព្រឹទ្ធសភា​ដែល​តែងតាំង​ដោយ​ពួកយោធា ចូលរួម​ជាមួយនឹងរ​ដ្ឋ​សភា​ដែល​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។ សន្លឹកឆ្នោត​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​មានប្រៀប​យ៉ាង​ជោគជ័យ​នៅក្នុង​ការគាំទ្រ​បេក្ខជន​ដែល​ពួកយោធា​ចូលចិត្ត ដែល​នោះ​គឺ​លោក Prayut Chan-ocha ដែលជា​អតីត​ឧត្ដមសេនីយ៍​ដែល​ដឹកនាំ​ការធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ ២០១៤​។​
 
​មុន​ឈាន​ចូលដល់​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០១៩ កន្លងទៅនេះ ពួកយោធា​បាន​សន្យាថា​នឹង​លុបចោល​បទបញ្ជា​រាប់រយ ដែល​ខ្លួន​បានចេញ​នៅក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​អ្នកវិភាគ​នានា​បាន​និយាយថា ពួកយោធា​បាន​ទុក​បទបញ្ជា​មួយចំនួន​ដោយ​បញ្ចូល​ទៅក្នុង​ច្បាប់​ដែលមាន​ស្រាប់ ដែល​ក្នុងនោះ​មាន​ទាំង​ក្រឹត្យ​មួយ​ដែល​ផ្ដល់​អំណាច​ឲ្យ​ពួកយោធា​ឃុំឃាំង​មនុស្ស​រហូតដល់ ៧ ថ្ងៃ ដោយ​មិនចាំបាច់​មានការ​ចោទប្រកាន់​ផងដែរ​។​
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅពេលដែល​គណបក្សប្រឆាំង​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​គណបក្សកាន់អំណាច​មានការ​ភ្ញាក់ផ្អើល និង​ទទួលបាន​សំឡេងឆ្នោត​ល្មម​គ្រប់គ្រាន់​នៅក្នុង​ការអនុម័ត​សំណើ​ច្បាប់​មួយ​ដើម្បី​បង្កើត​គណៈកម្មាធិការ​ពិ​សេសមួយ​ដើម្បី​ពិនិត្យ​លើ​ក្រឹត្យ​ទាំងនោះ ប្រធានរដ្ឋសភា​បាន​អំពាវនាវ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ ដែល​បាន​ក្លាយទៅជា​ការបោះឆ្នោត​លើក​ទី​ពី​រលើ​សំណើ​ច្បាប់​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​។ លទ្ធផល​បោះឆ្នោត​លើក​ទី​ពីរ​នេះ​បាន​បង្ហាញថា សំណើ​ច្បាប់​នេះ​មិនត្រូវ​បានអនុម័ត​នោះទេ​ដោយសារតែ​ខ្វះ​សំឡេងគាំទ្រ​តិចតួច​តែប៉ុណ្ណោះ​។​
 
​លោក Titipol បាន​និយាយថា​៖ «​មិនមាន​ក្បួនច្បាប់​ពិតប្រាកដ​នោះទេ​នៅក្នុង​រដ្ឋសភា​។ រដ្ឋសភា​ត្រូវបាន​គ្រប់គ្រង​ដោយ​អ្នក​ដែលមាន​អំណាច​តែប៉ុណ្ណោះ​»​។​
 
​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយមក​បន្ទាប់ពី​ការបោះឆ្នោតជាតិ​របស់​ប្រទេស​ថៃ គេ​ឃើញ​មានការ​បង្ក្រាប​ហិង្សា​ជាច្រើន​កើតឡើង​លើ​អ្នក​រិះគន់​មិន​សំចៃមាត់​នានា​ចំពោះ​រដ្ឋាភិបាលយោធា​។ ការបង្ក្រាប​ទាំងនេះ​បានធ្វើ​ឡើង​ដោយ​ក្រុមមនុស្ស​ពាក់​ម៉ាស់​មុខ និង​មួក​ការពារ ដែលមាន​កាន់​ដំបងឆក់ និង​បំពង់​ទីប​។ សកម្មជន​នានា​បាន​បញ្ជាក់ថា ការបង្ក្រាប​ទាំងនេះ ដែលជា​ទូទៅ​ធ្វើឡើង​នៅ​កណ្ដាលថ្ងៃត្រង់ និង​នៅ​ទីសាធារណៈ គឺ​ក្នុង​គោលបំណង​ដើម្បី​បញ្ជូន​សារ​ថា​កុំ​ឲ្យ​មានការ​ប្រឆាំងនឹង​រដ្ឋា​ភិ​បាល​យោធា​។​
 
​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាលយោធា​បាន​បន្ត​រស់នៅ​ក្នុងការ​ភ័យខ្លាច​នៅ​បរទេស​។ នៅ​រវាង​ខែ​មិនា និង​ខែឧសភា ឆ្នាំ ២០១៩ សកម្មជន​ប្រជាធិបតេយ្យ​ថៃ ៣ នាក់ ដែល​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​នៅក្នុង​ប្រទេស​ឡាវ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​នៅពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​។ អ្នកប្រឆាំង​ម្នាក់ទៀត​ត្រូវបាន​គេ​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​ថៃ​វិញ​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់ថា​បាន​ដឹកនាំ​ការបះបោរ និង​ចូលរួម​ក្នុង​អង្គការ​សម្ងាត់​មួយ​។​
 
​គណបក្ស​អនាគត​ឆ្ពោះទៅមុខ ដែល​ទទួលបាន​ការគាំទ្រ​កើនឡើង​ខ្លាំង ទទួលបាន​ចំណាត់ថ្នាក់​ទី ៣ នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​មិនា ឆ្នាំ ២០១៩ ដោយសារតែ​អ្នក​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​នេះ គាំទ្រ​គោលនយោបាយ​ខ្លាំងក្លា​របស់​គណបក្ស​នេះ​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាលយោធា​។​
 
​ស្របពេល​នោះដែរ គណបក្ស​អនាគត​ឆ្ពោះទៅមុខ​នេះ​បាន​រង​ការវាយប្រហារ​ផ្លូវច្បាប់ ដែល​មេដឹកនាំ និង​អ្នកគាំទ្រ​របស់​ពួកគេ​ថា​មាន​លក្ខណៈ​នយោបាយ​។ តុលាការ​ធម្មនុញ្ញ​បាន​កាត់ទោស​លោក Thanathorn Juangroongruangkit ដែលជា​មេដឹកនាំ​គណបក្ស​នេះ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន ដោយសារតែ​លោក​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ នៅពេលដែល​លោក​ឈរឈ្មោះ​បោះឆ្នោត​។ តុលាការ​បាន​ដក​លោក​ចេញពី​តំណែង​ជា​សមាជិក​រដ្ឋសភា​។ តុលាការ​គ្រោង​នឹង​សម្រេច​នៅ​ខែមករា​នេះ​ថា​តើ​គួរតែ​រលាយ​គណបក្ស​ទាំងមូល​ចោល​ក្រោម​បទ​ចោទប្រកាន់ថា​មេដឹកនាំ​គណបក្ស​នេះ​ដឹកនាំ​ការបះបោរ ឬក៏​អត់​នោះ​។​
 
​លោក James Buchanan នៃ​សាកលវិទ្យាល័យ City University of Hong Kong បាន​និយាយថា​៖ «​ការរំលោភ​សិទ្ធិមនុស្ស​ទាំងនោះ​គឺ​កើតឡើង​នៅក្នុង​បរិបទ​ដែល​អ្នកមានអំណាច​មិន​ត្រូវបាន​តុលាការ​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ពួកគេ​នោះទេ​»​។​
 
​អ្នកវិភាគ និង​អ្នកតស៊ូ​មតិ​នានា​បាន​និយាយថា លំហ​បញ្ចេញមតិ​លើ​អ៊ីនធឺណិត​សម្រាប់​អ្នកប្រឆាំង​ក៏បាន​រួម​តូច​ជាង​មុន​ផងដែរ​។ ច្បាប់​សន្តិសុខ​តាម​អ៊ីនធឺណិត ដែល​រដ្ឋាភិបាលយោធា​ថៃ​បានអនុម័ត​មុនពេល​បោះឆ្នោត បាន​ចូល​ជា​ធរមាន​កាលពី​ខែឧសភា ឆ្នាំមុន​។ ច្បាប់​នេះ​ផ្ដល់​អំណាច​ថ្មី​ដ៏​ទូលំទូលាយ​ដល់​រដ្ឋាភិបាល​នៅក្នុង​ការតាមដាន​ទិន្នន័យ​តាម​អ៊ីនធឺណិត​។​
 
​កាលពី​ខែតុលា​ឆ្នាំមុន រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ហាង​កាហ្វេ​នានា​ដែល​ផ្ដល់​សេវា​អ៊ីនធឺណិត​ដោយ​មិន​គិតថ្លៃ​ដល់​អតិថិជន ឲ្យ​ចាប់ផ្ដើម​តាមដាន និង​រក្សាទុក​នូវ​ទិន្នន័យ​អំពី​សកម្មភាព​តាម​អ៊ីនធឺណិត​របស់​អ្នកប្រើប្រាស់​។ រដ្ឋាភិបាល​បាន​បើក​មជ្ឈមណ្ឌល​មួយ​ដើម្បី​តាមដាន និង​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​នៅលើ​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​នៅ​ខែ​បន្ទាប់​។​
 
​អ្នកស្រី Emilie Pradichit ប្រធាន​អង្គការ​មូលនិធិ Manushya របស់​ប្រទេស​ថៃ ដែលជា​អង្គការសិទ្ធិមនុស្ស​មួយ បាន​និយាយថា រដ្ឋាភិបាល​បាន​ប្រើ​ច្បាប់​ថ្មី និង​មជ្ឈមណ្ឌល​ថ្មី​នេះ​ជា «​អាវុធ​» ដើម្បី​បំបិទមាត់​អ្នក​រិះគន់ និង​រារាំង​ការប្រឆាំង​តាម​អ៊ីនធឺណិត ដូច​ទៅនឹង​វិធី​ដែល​រដ្ឋាភិបាលយោធា​បាន​ប្រើ​ច្បាប់​ប្រឆាំងនឹង​ការបះបោរ និង​ច្បាប់​បរិហារកេរ្តិ៍​ផងដែរ​។​
 
​អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ពួកគេ​ព្យាយាម​បង្ហាញ​ឲ្យ​ឃើញថា ពួកគេ​ផ្លាស់ប្ដូរ​ពី​រដ្ឋាភិបាលយោធា​ទៅជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ ដោយ​ការឈប់​ប្រើ​ច្បាប់​ទាំងនោះ ដែល​ត្រូវ​បានស្នើ​ឲ្យ​លុបចោល​ដោយ​សហគមន៍​អន្តរជាតិ​»​។​
 
​អ្នកស្រី​បាន​បន្តថា ជាការ​ពិត «​ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​»​។ អ្នកស្រី​បន្ថែមថា ប្រទេស​ថៃ​ឥឡូវនេះ​ឈានដល់​ដំណាក់កាល​នៃ​ការដឹកនាំ​ផ្ដាច់ការ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​អ្នកស្រី Narumon Pinyosinwat បាន​បដិសេធ​ការអះអាង​ដែលថា ប្រទេស​ថៃ​បរាជ័យ​នៅក្នុង​ការស្ដារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ នៅពេលដែល​គេ​សួរ​អ្នកស្រី​ដូច្នេះ​។​
 
​អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖ «​លទ្ធិប្រជាធិបតេយ្យ​នាពេល​បច្ចុប្បន្ននេះ​កំពុងដំណើរការ​ពេញលេញ ដូច្នេះ​ខ្ញុំ​គ្មាន​យោបល់​ណាមួយ​អំពី​អ្វីដែល​អ្នក​ទើបតែ​បាន​សួរ​នោះទេ ដោយសារតែ​វា​មិន​ពិត​»​។​
 
​អ្នកស្រី Narumon ក៏បាន​ច្រានចោល​ផងដែរ​នូវ​ការអះអាង​ដែលថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បាន​កែប្រែ​លក្ខខណ្ឌ​សម្រាប់​ការបែងចែក​អាសនៈ​រដ្ឋសភា បន្ទាប់ពី​លទ្ធផល​បោះឆ្នោត​ត្រូវបាន​ប្រកាស​។​
 
​មុនពេល​អ្នកស្រី​ដាក់​ទូរស័ព្ទ​ចុះ អ្នកស្រី​បាន​បដិសេធ​មិន​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត ឬក៏​សំណួរ​អំពី​ពាក្យបណ្ដឹង​ប្រឆាំងនឹង​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​។​
 
​កន្លងមក អាជ្ញាធរ​ថៃ​បាន​បដិសេធថា ពាក្យបណ្ដឹង​ប្រឆាំងនឹង​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​នេះ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ និង​បាន​បញ្ជាក់ថា ពួកគេ​ត្រូវការ​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត និង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ ដើម្បី​ចាប់​ជនឧក្រិដ្ឋ​ពិតប្រាកដ​។ អាជ្ញាធរ​ថៃ​ក៏បាន​បដិសេធ​ផងដែរ​ថា ពួកគេ​មិនដឹង​អំពី​ការបាត់​ខ្លួន​របស់​អ្នកប្រឆាំង​នោះទេ និង​បាន​បញ្ជាក់ថា ការវាយប្រហារ​លើ​សក​ម្ម​ជន​ប្រជាធិបតេយ្យ​ទាំងនេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com