កីឡាអន្តរជាតិ
អន្តរជាតិ
Mane ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក ដោយ​ប្រជែង​ឈ្នះ Salah និង Mahrez
08, Jan 2020 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
Sadio Mane ខ្សែបម្រើ​របស់​ក្រុម Liverpool ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៩ (African Player of the Year 2019) តាមរយៈ​ការយក​ឈ្នះ​សំឡេងឆ្នោត​លើ​មិត្ត​រួម​ក្រុម និង​ជា​ម្ចាស់​ជើងឯក​ចាស់ Mohamed Salah និង Riyad Mahrez របស់​ក្រុម Manchester City​។​

 
Mane ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អាហ្វ្រិក (CAF) បោះឆ្នោត​គាំទ្រ​ឲ្យ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ជា​លើកដំបូង​ក្នុង​អាជីព ក្នុង​កម្មវិធី​ប្រកាស​ជ័យលាភី​នាទី​ក្រុង Hurghada ប្រទេស​អេ​ហ្ស៊ី​ប នៅ​ថ្ងៃទី​៧ មករា​។​
 
​ខ្សែបម្រើ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់ វ័យ​២៧​ឆ្នាំ​រូបនេះ បាន​ជួយ​ក្រុម​រហ្សនាម​ហង្ស​ក្រហម លើក​ពាន​លំដាប់​កំពូល​អឺរ៉ុប Champions League កាលពី​រដូវ​កាល​មុន និង​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​៣០​គ្រាប់​ផងដែរ​។ សម្រាប់​រដូវ​កាល​នេះ Mane អាច​រកបាន​១៥​គ្រាប់​ហើយ ព្រមទាំង​ជួយ Liverpool នាំមុខ​ពិន្ទុ​ដាក់​ក្នុង​តារាង Premier League ចំនួន​១៣​ពិន្ទុ និង​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។​
 
«​ខ្ញុំ​ពិតជា​រីករាយ​និង​មាន​មោទកភាព​ដែល​បានឈ្នះ​ពានរង្វាន់​នេះ​។ បាល់ទាត់​គឺជា​ការងារ​របស់ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​វា​ណាស់​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមគ្រួសារ ក្រុម​ជម្រើសជាតិ បុគ្គលិក​សហព័ន្ធ​និង​ក្លិប Liverpool ។ នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​»​។ Mane បាន​រៀបរាប់​ពី​អារម្មណ៍​របស់ខ្លួន​ក្រោយ​ទទួលបាន​ពាន​នេះ​។​
 
​សម្រាប់ កីឡាករ​១១​នាក់​ល្អ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក (African best XI)៖
 
- អ្នកចាំទី​៖ Andre Onana (Ajax/​កា​មេ​រ៉ូ​ន​)
- ខ្សែការពារ​៖ Achraf Hakimi (Borussia Dortmund/​ម៉ា​រ៉ុ​ក​), Kalidou Koulibaly (Napoli/​សេ​ណេ​ហ្គា​ល់​), Joel Matip (Liverpool/​កា​មេ​រ៉ូ​ន​), Serge Aurier (Tottenham/​កូដ​ឌី​វ័រ​) 
- ខ្សែបម្រើ​៖ Riyad Mahrez (Manchester City/​អាល់​ហ្សេ​រី​), Idrissa Gana Gueye (Paris St-Germain/​សេ​ណេ​ហ្គា​ល់​), Hakim Ziyech (Ajax/​ម៉ា​រ៉ុ​ក​) 
- ខ្សែប្រយុទ្ធ​៖ Mohamed Salah (Liverpool/​អេ​ហ្ស៊ី​ប​), Sadio Mane (Liverpool/​សេ​ណេ​ហ្គា​ល់​), Pierre-Emerick Aubameyang (Arsenal/​ហ្គា​ប៊ុង​)៕
 

Tag:
 African Player of the Year
  Sadio Mane
© រក្សាសិទ្ធិដោយ thmeythmey.com