នៅហាងកាហ្វេដដែលដូចសព្វដង តែប្រធានបទខុសគ្នា។ នៅព្រឹកថ្ងៃពុធនេះ ស្លាកលេខរថយន្តពិសេស គឺជាប្រធានបទស្នូលនៅក្នុងការជជែកគ្នារវាងសំណាង និងសុធី នៅក្នុងវេទិកា Coffee Talks។ តម្លៃពិសេស លេខពិសេស សម្រាប់រថយន្តពិសេស និងរថយន្តធម្មតា។ ទាក់ទងរឿងនេះ សំណាង និង សុធី មានគំនិតផ្ទុយគ្នា ហើយជជែកគ្នាឡើងតឹងសសៃករៀងៗខ្លួន។
សំណាង៖ អា សុធី! អីគេអ្ហា! លេខពិសេសរថយន្តមានតម្លៃដល់រាប់ពាន់ម៉ឺនដុល្លារ? ជ្រុលពេកហើយ។ ជ្រុលពេកហើយ។ អញកំពុងក្រផងអ្ហា?
សុធី៖ អា សំណាង អ្ហែងជំនាញខាងរិះគន់តែម្តង។ បែបងើបពីដេក រិះគន់គេហ្មង។ មុននឹងអ្ហែងស្រែកដាក់គេដាក់ឯង អ្ហែងត្រូវចេះពិចារណាផង។ បើអ្ហែងក្រ ប្រើលេខធម្មតាទៅ អត់បញ្ហាទេ។ លេខធម្មតាមានតម្លៃធូរតើ។
សំណាង៖ អីគេអ្ហា! មកលក់លេខពិសេស រញ៉េរញ៉ៃ ថ្លៃកប់ពពក។ គំនិតរបស់ក្រសួងហ្នឹងអត់ត្រូវទេ។ ធ្វើឲ្យរញ៉េរញ៉ៃដើម្បីអី? បានការអី?
សុធី៖ អា សំណាង។ បើគេធ្វើ គេពិតជាមានហេតុផលរបស់គេហើយ។ អ្ហែងកុំជំនាញខាងរិះគន់គេពេកអ្ហា។ អញអត់ដឹងគំនិតដើមរបស់ក្រសួងទេ។ តែអញសាកល្បងគិតជំនួសក្រសួងដោយប្រាប់អ្ហែងថា លេខពិសេសនេះ គឺជាគំនិតច្នៃប្រឌិតថ្មី ជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ដែលមានធនធានចង់ធ្វើ។ បើលេខធម្មតា «ថោក»ធម្មតាតើ!។ លក់លេខពិសេសនេះ ក៏អាចជាផ្នែកមួយនៃការរកចំណូលជូនរដ្ឋដែរតើ? អញគិតថា ក្រសួងគិតត្រូវ ធ្វើត្រូវ ព្រោះបង្កើនចំណូល។ ទុកឲ្យគេធ្វើខ្លះផង អា សំណាង!។ កុំបង្អាក់ការធ្វើរបស់គេពេក។ បើអ្ហែងអត់លុយ កុំធ្វើ!។ អញអត់ធ្វើលេខពិសេសហ្នឹងណា៎!
សំណាង៖ អញនៅតែគិតថា ក្រសួងធ្វើនេះ មិនត្រឹមត្រូវទេ។ ក្រសួងជាស្ថាប័នរដ្ឋ ដូច្នេះ ក្រសួងមិនគួរធ្វើអាជីវកម្មទេ។
សុធី៖ អើ! ធ្វើអាជីវកម្ម តែយកលុយចូលរដ្ឋតើ? ចុះម៉េចវិញ?
សំណាង៖ អើ! យកលុយចូលរដ្ឋមែន។ តែការធ្វើយ៉ាងនេះ វាបង្កើតឲ្យមានអារម្មណ៍បែងចែកវណ្ណៈក្នុងសង្គមតាមរយៈលេខពិសេសថ្លៃរាប់ពាន់រាប់ម៉ឺន។ រីឯ លេខមិនពិសេសតម្លៃ«ថោក»។ អា ធី! សកម្មភាពដែលបង្កើតឲ្យមានអារម្មណ៍នេះ មិនល្អទេសម្រាប់សង្គមណា៎ អា ធី!។ វាថ្លៃពេកណា៎។
សុធី៖ អា សំណាង។ អញប្រាប់ហើយ ប្រាប់ទៀតថា បើថ្លៃកុំទិញ ព្រោះ វាមានអាលេខ«ថោក»ដែរតើ!
សំណាង៖ ថា អញយល់ហើយ។ តែអញនៅតែគិតថា វាមិនល្អទេដែលលក់លេខពិសេសរថយន្តថ្លៃយ៉ាងដូច្នេះ។
សុធី៖ អញពិតជាពិបាកពន្យល់អ្ហែងមែនថ្ងៃនេះ។ នេះជាសេរីភាពនៃការគិតរបស់អ្ហែងទេ។ អញមិនជំទាស់ទេ។ តែសូមឲ្យអ្ហែងទុកសេរីភាពឲ្យក្រសួងសាធារណៈការធ្វើការងាររបស់គេផងបានទេ? អា សំណាង! អញសុំអ្ហែងមួយបានទេ? ឈប់ទើសគេពេកទៅ!
សំណាង៖ អា ធី! អ្ហែងអត់យល់ពីតម្លៃនៃមតិចម្រុះសោះហ្មង។ មតិផ្ទុយ ឬមតិចម្រុះប្រៀបបានដូចជាសួនច្បារដែលមានផ្កាចម្រុះពណ៌។ សួនដែលមានផ្កាតែមួយប្រភេទមិនល្អទេ។ គំនិតក៏ដូចគ្នាដែរ កាន់តែច្រើន កាន់តែល្អ។
សុធី៖ អើ! បើច្រើន ហើយល្អ មិនអីទេ។ អញខ្លាចក្រែងតែគំនិតកាន់តែច្រើន កាន់តែវ៉ល់ៗតើ!។
នៅព្រឹកនេះ សំឡាញ់ទាំងពីរផឹកកាហ្វេមិនសូវឆ្ងាញ់ទេ ព្រោះតឹងសសៃកដាក់គ្នាខ្លាំងពេក។ ពួកគេទាំងពីរបានបែកគ្នាពីហាងកាហ្វេនៅម៉ោង៩ព្រឹកនៅថ្ងៃពុធនេះ ហើយសន្យាជួបគ្នានៅថ្ងៃក្រោយ៕