ជាតិ
អ្នកបម្រើ ដែលមាន​គោរមងារ​ជា «​ឯកឧត្តម​»!
08, Jan 2020 , 3:44 pm        
រូបភាព
​ពលរដ្ឋ​ពី​ខេត្តតាកែវ​
​ពលរដ្ឋ​ពី​ខេត្តតាកែវ​
​លិខិតមិត្តអ្នកអាន

ដោយ៖
ហេង ពិចិត្រ​
 
«​មន្ត្រីរាជការ ជា​ខ្ញុំបម្រើ​ប្រជាពលរដ្ឋ មិនមែនជា​ចៅហ្វាយនាយ​របស់​ប្រជាពលរដ្ឋ​ឡើយ​»​។ នេះ​ជា​ពាក្យ​ដែល​ធ្លាប់​ឮ​ចេញពី​មាត់​របស់​ថ្នាក់ដឹកនាំ ដែល​និយាយ​ទៅកាន់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​។ ស្ដាប់ទៅ​ដូចជា​ពីរោះ និង​មាន​ខ្លឹមសារ ក្នុងន័យ​ថា ប្រទេស​នេះ​គឺ​ប្រជាពលរដ្ឋ​ជាធំ​។


 
​តែ​ការអនុវត្ត​ជាក់ស្ដែង​យ៉ាងម៉េច​ទៅ បើ​មន្ត្រី​ថ្នាក់ខ្ពស់​មាន​គោរមងារ​ជា​ឯកឧត្តម​។ នេះហើយ​ដែល​ហៅថា អ្នកបម្រើ​ដែលមាន​គោរមងារ​ជា​ឯកឧត្តម​។ តើ​គោរមងារ​ឯកឧត្តម ដ៏​ខ្ពង់ខ្ពស់​នេះ គួរ​បំពាក់​ទៅ​ឲ្យ​អ្នកបម្រើ ដែរ​ទេ​? ចម្លើយ គឺ​មិនគួរ​ទេ​។ 
 
​ក្នុងសង្គម​ខ្មែរ បើ​មាន​គោរមងារ​ឯកឧត្តម​នេះ គឺ​មានន័យថា មាន​អ្នកធំ​អ្នកតូច មាន​អ្នក​ខ្ពស់​អ្នកទាប​។ អ្នក​ខ្ពស់ គឺ​ឯកឧត្តម​នោះឯង ឯ​អ្នកទាប​គឺ​ប្រជាពលរដ្ឋ​តែម្ដង​។ 
 
​ក្នុង​ក្រសួង​របស់​រដ្ឋ ចាប់ពី​ថ្នាក់​អគ្គនាយក​ឡើងទៅ គឺមាន​គោរមងារ​ជា​ឯកឧត្តម​។ អគ្គនាយក​ជា​មន្ត្រីរាជការ​សាធារណៈ​សោះ មាន​គោរមងារ​ជា​ឯកឧត្តម ដូច​រដ្ឋមន្ត្រី​ដែរ​។ ប្រសិន​ត្រឹម​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​ក្នុង​ក្រសួង​នីមួយៗ មាន​គោរមងារ​ជា​ឯកឧត្តម ក៏​សម​ទំនង​ខ្លះ​ដែរ ព្រោះថា​រដ្ឋមន្ត្រី ជា​អ្នកមើលការខុសត្រូវ ឬ​ជា​តំណាង​ឲ្យ​វិស័យ​ណាមួយ ឧទាហរណ៍​វិស័យ​កសិកម្ម​។ 
 
​បើ​ងារ​ឯកឧត្តម ប្រើតែ​ជាមួយ​ឋានៈ​រដ្ឋមន្ត្រី ក៏បង្ក​ភាពងាយស្រួល​ផងដែរ​។ ឧទាហរណ៍​ថា​មានកម្ម​វិធី​អ្វីមួយ ដែល​រដ្ឋមន្ត្រី​ចូលរួម​ជា​អធិបតី​។ អ្នក​នៅក្នុង​កម្មវិធី​ក៏បាន​បញ្ចេញ​សំឡេង​ថា​…..​ឯកឧត្តម​អញ្ជើញ​មកហើយ​.... នោះ​អ្នក​ផ្សេងទៀត​ដឹង​យ៉ាងច្បាស់​ថា រដ្ឋមន្ត្រី​មកដល់​ហើយ​។​
 
​នេះ​គ្រាន់តែ​ជាហេតុ​ផល​មួយ​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​នៅ​អាច​ប្រើ​គោរមងារ​ឯកឧត្តម​បាន តែ​គេ​ក៏​អាច​លើក​ហេតុផល​ផ្សេង​ដើម្បី​ប្រឆាំង​ផងដែរ ពោលគឺ​សូម្បីតែ​រដ្ឋមន្ត្រី ក៏​មិនចាំបាច់​ប្រើ​គោរមងារ​ឯកឧត្តម​នោះដែរ​។​
 
​ឥឡូវ​និយាយ​ពី​អ្នកបម្រើ​នៅ​ថ្នាក់ក្រោម​ជាតិ ឬ​ថ្នាក់មូលដ្ឋាន​វិញ​ម្ដង​។ អភិបាលខេត្ត​មាន​គោរមងារ​ជា​ឯកឧត្តម​។ តើ​អ្នកនោះ​ធំ​ប៉ុណ្ណា​ទៅ​សម្រាប់​ប្រជាពលរដ្ឋ ដោយ​គេ​មាន​គោរមងារ​ជា​ឯកឧត្តម​ឯណោះ​? តើ​មិន​មានន័យថា អ្នកនោះ​ជា​បុគ្គល​ធំជាងគេ​ក្នុង​ខេត្ត ទេ​ឬ​? ខ្ញុំ​ជា​ពលរដ្ឋ​សម​ញ្ញ​ម្នាក់ ពេល​ជួប​អភិបាលខេត្ត មិនដឹង​ធ្វើ​ដូចម្ដេច​ទេ បើ​គេ​ធំ​យ៉ាងនេះ​? នេះ​មិនទាន់​និយាយ​ដល់​ថា​អភិបាលខេត្ត​នោះ​ប្រកាន់ខ្លួន សម្ញែង​ឫក សម្ញែង​អំណាច ព្រោះតែ​គោរមងារ​នេះ ហើយ​ថែមទាំង​ជា​អ្នក​កាន់​ខេត្ត​មួយ​ទាំងមូល​ទៀតផង​។​
 
​ពិត​ហើយ​ដែល​សម័យមុនៗ គេ​បើ​ពាក្យ​ចៅហ្វាយខេត្ត តែ​សម័យ​បច្ចុប្បន្ន​គេ​បាន​សម្រួល​មក​ប្រើពាក្យ​អភិបាលខេត្ត ប៉ុន្តែ​ដោយសារ​គោរមងារ​ជា​ឯកឧត្តម​នេះហើយ​អភិបាលខេត្ត​សព្វថ្ងៃ​គឺ​ដូចជា​ចៅហ្វាយខេត្ត​ពី​សម័យមុន​អ៊ីចឹង​។ សរុបមក​គួរ​ហៅ​ត្រឹម​លោក​អភិបាលខេត្ត មិនមែន​ឯកឧត្តម​អភិបាលខេត្ត​នោះទេ​។ 
 
​ក្នុង​អត្ថបទ​នេះ​លើក​យកតែ​អ្នកបម្រើ​ក្នុង​រចនាសម្ព័ន្ធ​ចំនួន​ពីរ​ប៉ុណ្ណោះ គឺ​ទី​១​ថ្នាក់ក្រោម​រដ្ឋមន្ត្រី  និង​ទី​២​អភិបាលខេត្ត ដែល​មិន​គួរប្រើ​គោរមងារ​ឯក​ឧ​ត្ត​ម​។​
 
​និយាយ​អំពី​ពាក្យ​ប្រើ​សម្រាប់​មន្ត្រីរាជការ​នេះដែរ​។ មន្ត្រីរាជការ​គឺជា​«​អ្នកផ្ដល់​សេវាសាធារណ​ជូន​ប្រជាពលរដ្ឋ​»​។ នេះ​ជា​ពាក្យសមរម្យ ទទួលយកបាន ពោលគឺ​មិនមែន​«​ចៅហ្វាយនាយ​» ហើយក៏​មិនមែន​«​ខ្ញុំបម្រើ​»​នោះដែរ​។ ហើយ​ពាក្យ​«​អ្នកផ្ដល់​សេវាសាធារណ​ជូន​ប្រជាពលរដ្ឋ​»​នេះ ក៏​ធ្លាប់​ត្រូវបាន​ថ្នាក់ដឹកនាំ​ខ្លះ​និយាយ​ជា​សាធារណៈ ឲ្យ​ប្រើពាក្យ​នេះដែរ ពោលគឺ​មិនគួរ​ប្រើពាក្យ​ចៅហ្វាយ ឬ​ខ្ញុំ​/​អ្នកបម្រើ​នោះទេ​។ បើ​ប្រើពាក្យ​អ្នកបម្រើ​សេវាសាធារណៈ ក៏​សមរម្យ​ជាង​ពាក្យ​អ្នកបម្រើ ឬ​ខ្ញុំបម្រើ​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕

Tag:
 ​លិខិត​មិត្ត​អ្នកអាន
© រក្សាសិទ្ធិដោយ thmeythmey.com