ជាតិ
សង្គមជាតិ
លោក ស៊ុន ចាន់ថុល ប្តេជ្ញាជួសជុលផ្លូវសំបុកមាន់យ៉ាងតិចឲ្យបាន៥០%ក្នុង១ខែ ក្រោយពលរដ្ឋរាយការណ៍ សកម្មភាពសកម្មភាពជួសជុលផ្លូវសំបុកមាន់ មួយកន្លែង នៅរាជធានីភ្នំពេញ។ រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ។
× ភ្នំពេញ៖ ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាចិត្តជួសជុលផ្លូវជង្ហុកសំបុកមាន់ឬផ្លូវខូច យ៉ាងតិចឱ្យបាន៥០ភាគរយ ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីមានការរាយការណ៍ពីប្រជាជនពលរដ្ឋ តាមរយៈកម្មវិធីថែទាំផ្លូវ(ROAD CARE mobile app)។ នេះជាលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ដោយបានអះអាងថា ពេលឃើញពលរដ្ឋរាយកាណ៍ពីផ្លូវសំបុកមាន់ មន្ត្រីជំនាញគឺត្រូវជុះជុលភ្លាម កុំទុកឱ្យលើសពី៣០ថ្ងៃ។
បើតាមលោក ស៊ុន ចាន់ថុល សព្វថ្ងៃមានមនុស្សចំនួន១៧,០០០នាក់ ដែលបានទាញយកកម្មវិធីRoad Care ដាក់ក្នុងទូរសព្ទទំនើបរបស់ខ្លួន សម្រាប់ប្រើប្រាស់។ តាមរយៈអ្នកប្រើប្រាស់នៃកម្មវិធីRoad Care នេះ បានរាយការណ៍ពីផ្លូវសំបុកដល់ក្រសួង ជាង២០០០ករណី។
រដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះបាននិយាយដូច្នេះ៖« ជាង២០០០ករណី អំពីផ្លូវសំបុកមាន់ដែលត្រូវជួសជុល។ ប៉ុន្តែក្នុង២០០០ករណីនោះ យើងជួសជុលបានតែ១៩ភាគរយទេ ដោយមានមួយចំនួនបញ្ជូនទៅអង្គភាពផ្សេង មួយចំនួនទៀតរៀបចំដាក់ក្នុងផែនការ...ជាដើម»។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកដំណើរការជាផ្លូវការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន។ រូបថត៖ ក្រសួងសាធារណការ។
ក្នុងពិធីសន្និបាតបូកសរុបរបាយការណ៍ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅទីស្តីការក្រសួងនាព្រឹកថ្ងៃទី៨ មករា លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្មវិធី Road Care mobile app ក្រៅពីអាចឱ្យពលរដ្ឋថតផ្លូវសំបុកមាន់បញ្ជូនឬរាយការណ៍ទៅកាន់អាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីជួសជុលឲ្យបានទាន់ពេលវេលាហើយនោះ ក្រសួងនឹងពង្រីកកម្មវិធីនេះបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋថតរថយន្តដែលដឹកទំនិញលើសទម្ងន់ រថយន្តដឹកទំនិញសំពេញសំពោង និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សូមជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ (ROAD CARE) នេះ កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០១៨។ ROAD CARE នេះ បង្កើតឡើង ដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋ អាចរាយការណ៍ពីផ្លូវដែលត្រូវជួសជុល មានជង្ហុកសំបុកមាន់បានទាន់ពេលវេលានិងងាយស្រួល ព្រមទាំងបង្ហាញពីទីតាំងភូមិសាស្ត្រច្បាស់លាស់៕
ផ្លូវសំបុកមាន់មួយកន្លែង នៅខេត្តព្រះសីហុន។ រូបថត៖ ទូច សុវណ្ណឌី។
Tag:
ផ្លូវសំបុកមាន់
Road Care
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com