អន្តរជាតិ
និយ័ត​ករ​អាកាសចរ​ណ៍​អាមេរិក ហាម​យន្តហោះ​អាមេរិក​ទាំងអស់​ហោះ​ពីលើ​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​
08, Jan 2020 , 7:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​រដ្ឋបាល​អាកាសចរ​សហព័ន្ធ​អាមេរិក (FAA) នៅ​ថ្ងៃទី​៧ ខែមករា ហាមឃាត់​ក្រុមហ៊ុន​អាកាសចរ​អាមេរិក​ទាំង​អស់ បញ្ឈប់​ការហោះហើរ​ក្នុង​ដែនអាកាស​អ៊ីរ៉ាក់ អ៊ីរ៉ង់ ឈូង​សមុទ្រ​អូ​ម៉​ង់ (Gulf of Oman) និង​ដែនទឹក​ចន្លោះ​អ៊ីរ៉ង់ និង​អា​រ៉ា​ប៊ី​សា​អូឌីត​។ បទបញ្ជា​នេះ ធ្វើឡើង​បន្ទាប់ពី​អ៊ីរ៉ង់ បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ១០​គ្រាប់ ទៅលើ​បន្ទាយ​ឈរជើងរ​បស់ទ័ព​អាមេរិក​នៅក្នុង​អ៊ីរ៉ាក់​។​


 
​នៅក្នុង​ប្រតិបត្តិការ​សឹក​មួយ អ៊ីរ៉ង់​បាន​វាយប្រហារ​បន្ទាយ​ឈរជើង​របស់​អាមេរិក និង​បន្ទាយ​របស់​សម្ព័ន្ធមិត្ត​អាមេរិក​ពីរ​ទៀត តាមរយៈ​ការ​ផ្លោង​មី​ស៊ី​ល​បាលី​ស្ទិ​ក​១០​គ្រាប់​។ ហេតុការណ៍​នេះ គឺ​ទំនងជា​ទង្វើ​សងសឹក​របស់​អ៊ីរ៉ង់​ទៅលើ​អាមេរិក ដែល​បាន​ធ្វើឃាត​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani មេបញ្ជាការ​កម្លាំង Qud នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។ 
 
​ដើម្បី​ការពារ​សុវត្ថិភាព​អ្នកដំណើរ និង​ជៀសវាង​ការវាយប្រហារ​ណាមួយ​ពី​អ៊ីរ៉ង់ រដ្ឋបាល​អាការ​ចរ​សហព័ន្ធ​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយ ហាមឃាត់​ក្រុមហ៊ុន​អាកាសចរ​អាមេរិក​ទាំង​អស់​មិន​ឲ្យ​ហោះហើរ​លើ​តំបន់​គ្រោះថ្នាក់​មួយចំនួន​។ នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ រដ្ឋបាល​អាកាសចរ​បានប្រកាសថា ក្រុមហ៊ុន​អាកាសចរ​ស៊ីវិល​អាមេរិក​ទាំងអស់ ត្រូវ​ហាមឃាត់​ប្រតិបត្តិ​ការហោះហើរ​របស់​ខ្លួន​នៅក្នុង​ដែនអាកាស​របស់ អ៊ីរ៉ាក់ អ៊ីរ៉ង់ លើ​ដែនទឹក​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស និង ឈូង​សមុទ្រ​អូ​ម៉​ង់​។ 
 
​សេចក្តីថ្លែងការណ៍​ខាងលើនេះ គឺធ្វើឡើង​បន្ទាប់ពី​អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កលើ​បន្ទាយ​ឈរជើង​របស់​អាមេរិក​ចំនួន ១០​គ្រាប់​។ បើតាម​ទិន្នន័យ​របស់ FlightRadar24 ក្នុងអំឡុងពេល​វាយប្រហា​រ​នេះ មាន​ជើងយន្តហោះ​អាមេរិក​បួន ឬ​ប្រាំ បាន​ហោះហើរ​នៅលើ​អ៊ីរ៉ង់ ហើយ​រដ្ឋបាល​អាកាសចរ​អាមេរិក បាន​ឃ្លាំមើល​យ៉ាង​ម៉ត់ចត់​លើ​ជើងហោះហើរ​ទាំងនោះ ដើម្បី​ប្រាកដថា មិនមាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ការធ្វើឃាត ឧ​ត្ត​ម​សេនីយ៍ Soleimani និង​ការ​ផ្លោង​មី​ស៊ី​ល​ជាច្រើន​គ្រាប់​របស់​អ៊ីរ៉ង់​នេះ បានធ្វើ​ឲ្យ​ទីភ្នាក់ងារ​អាកាសចរ​ជាច្រើន​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះថា​វា​គឺជា​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​សុវត្ថិភាព​អ្នកដំណើរ​តាម​យន្តហោះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សមាគម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​អន្តរជាតិ (IATA) និង អង្គការ​អាកាសចរ​ស៊ីវិល​អន្តរជាតិ (ICAO) បានរួម​គ្នា​បង្កើត​ក្រុមការងារ​សម្របសម្រួល​មួយ ដើម្បី​ប្រាកដថា​ព័ត៌មាន​គំរាមកំហែង​ណាមួយ ទៅលើ​យន្តហោះ​ស៊ីវិល​ត្រូវបាន​ចែករំលែក​ជាបន្ទាន់​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០១៨ រដ្ឋបាល​អាកាសចរ​សហព័ន្ធ​អាមេរិក បាន​ហាមឃាត់​ក្រុមហ៊ុន​អាកាសចរ​អាមេរិក​ទាំង​អស់​ហោះ​ក្រោម​កម្ពស់​៨​គីឡូម៉ែត្រ ដោយសារតែ​បារម្ភ​ពី​ការគំរាមកំហែង​របស់​អ៊ីរ៉ង់​។ បន្ថែម​ពីលើ​នេះ អាមេរិក បាន​ហាមឃាត់​ក្រុមហ៊ុន​អាកាសចរ​របស់ខ្លួន​ទាំងអស់​ហោះហើរ ក្នុង​ដែនអាកាស​អ៊ីរ៉ង លើ​ឈូង​សមុទ្រ​ពែ​ក្ស និង​ឈូង​សមុទ្រ​អូ​ម៉​ង់ ចាប់តាំងពី​អី​រ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូ​ន​អាមេរិក​មក​៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  អ៊ីរ៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com