ជាតិ
នយោបាយជាតិ
សប្តាហ៍ក្រោយ សម្តេច ហេង សំរិន ទៅចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅអូស្ត្រាលី
× សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨ (APPF) នៅក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យរដ្ឋសភា ដែលចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
សេចក្តីជូនដំណឹង អះអាងថា ក្រៅពីការចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្តេចប្រធានរដ្ឋសភា នឹងមានជំនួបទ្វេគីជាមួយប្រធានរដ្ឋសភាអូស្ត្រាលី និងថ្នាក់ដឹកនាំរដ្ឋសភានៃបណ្តាប្រទេសផ្សេងទៀត ក្នុងគោលបំណងពង្រីកចំណងមិត្តភាព។
APPF ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣មក ក្រោមគំនិតផ្តួចផ្តើមរបស់លោក Yasuhiro Nakasone អតីតនាយករដ្ឋមន្ត្រីជប៉ុន។ គោលបំណងនៃការបង្កើត APPF គឺដើម្បីប្រមូលផ្តុំសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួបប្រជុំប្រចាំឆ្នាំ រកដំណោះស្រាយរួមលើបញ្ហានានា និងជំរុញឲ្យមានសុខសន្តិភាពនិងការអភិវឌ្ឍទាំងក្នុងតំបន់និងសាកលលោក។
APPF មានសមាជិក២៧ប្រទេស។ សភាកម្ពុជា បានចូលជាសមាជិកនៅឆ្នាំ១៩៩៥ និងបានធ្វើជាម្ចាស់ផ្ទះរៀបចំ APPF លើកទី២៧ នៅឆ្នាំ២០១៩៕
Tag:
ហេង សំរិន
APPF
អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com