កីឡាអន្តរជាតិ
អន្តរជាតិ
EFL៖ Man City ឈ្នះ Man Utd ៣-១ នៅ​ជើង​ទី​១ សង្ឃឹម​ខ្ពស់​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
08, Jan 2020 , 8:39 pm        
រូបភាព
​ម្ចាស់​ការពារ​ជើងឯក Manchester City បាន​យកឈ្នះ Manchester United ក្នុង​លទ្ធផល ៣-១ ក្នុងជំនួប​ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់​លំដាប់​ទី​៣​អង់គ្លេស EFL Cup រដូវ​កាល ២០១៩-២០​។


 
​នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​១ នៅ Old Trafford នា​យប់​ថ្ងៃទី​៧ ខែមករា ក្រុម​ភ្ញៀវ Man City បាន​បើក​ការ​វាយ​សម្រុក​លើ​ក្រុម​ម្ចាស់ផ្ទះ ដោយ​រកបាន​៣​គ្រាប់​មុន នៅ​វគ្គ​ទី​១​តែម្តង​។ ខ្សែបម្រើ Bernardo Silva ជា​អ្នកសម្រេច​គ្រាប់​ដំបូង​នៅ​នាទី​១៧ មុនពេល Riyad Mahrez ស៊ុត​គ្រាប់​ទី​២​នៅ​នាទី​៣៣​។ គ្រាប់​ទី​៣ ដែល Andreas Pereira កីឡាករ Man Utd ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​កើតឡើង​នៅ​នាទី​៣៩​។​
 
​យ៉ាងណាក៏ដោយ ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​២៥​នាទី ខ្សែប្រយុទ្ធ​ឆ្នើម Marcus Rashford រកបាន​មួយ​គ្រាប់​វិញ​។ ចប់​ការប្រកួត Man City ឈ្នះ Man Utd ក្នុង​លទ្ធផល ៣-១​។​
 
​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុម​មេឃ​ខៀវ​ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ មានឱកាស​ច្រើន​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​ដើម្បី​ការពារ​តំណែង​ជើង​ឯង​របស់ខ្លួន​នៅ​រដូវ​កាល​នេះ​ផង ដ្បិត​ជើង​ទី​២ ត្រូវធ្វើ​នៅ​ទឹកដី​ខ្លួន​។ 
 
​ដោយឡែក​មួយគូ​ទៀត ជាការ​ជួបគ្នា​រវាង Leicester City ទល់ Aston Villa នៅ​យប់​ថ្ងៃទី​៨ ខែមករា​នេះ សម្រាប់​ជំនួប​ជើង​ទី​១ វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ EFL Cup៕


Tag:
 EFL Cup
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com