អន្តរជាតិ
ហ្វីលីពីន ចាប់ផ្តើមជម្លៀសប្រជាជនចេញពីអ៊ីរ៉ាក់ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ AP
× រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃទី៨ ខែមករា ចេញបញ្ជាឲ្យជម្លៀសប្រជាជនរបស់ចេញពីអ៊ីរ៉ាក់ ខណៈពេលស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងតានតឹងខ្លាំង។ ការជម្លៀសនេះ នឹងធ្វើឡើងតាមរយៈយន្តហោះយោធាជាច្រើនគ្រឿង និងនាវាយាមល្បាតមួយគ្រឿង។
តាមរយៈការកោះប្រជុំមន្ត្រីយោធានាថ្ងៃទី៦ ខែមករា ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានចេញបញ្ជាឲ្យកងទ័ពហ្វីលីពីនត្រៀមជើងព្រួល និងនាវា ដើម្បីជួយជម្លៀសប្រជាជនប្រជាជនចេញពីតំបន់មជ្ឈិមបូព៌ា។ ហេតុការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែក្តៅ បន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលជាង១០គ្រាប់លើបន្ទាយយោធាអាមេរិកមួយកន្លែង និងមូលដ្ឋានយោធារបស់សម្ពន្ធមួយកន្លែងទៀត នៅអ៊ីរ៉ាក់។
ការណ៍នេះ រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃទី៨ ខែមករា អះអាងថា ខ្លួន នឹងបញ្ជូនយន្តហោះយោធាទៅជាច្រើនគ្រឿង និងនាវាយាមល្បាតមួយគ្រឿង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana ប្រាប់អ្នកកាសែតថា រដ្ឋាភិបាលហ្វីលីពីន នឹងបញ្ជូនយន្តហោះដឹកសម្ភារយោធាយ៉ាងហោចណាស់ចំនួន ៣គ្រឿង និងនាវាយាមល្បាតចំនួន១គ្រឿង ដើម្បីជម្លៀសប្រជាជនហ្វីលីពីនដែលធ្វើការនៅក្នុងអ៊ីរ៉ាក់។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោក Eduardo Menez បានបញ្ជាក់ថា កម្រិតប្រកាសអាសន្ននៅទូទាំងអ៊ីរ៉ាក់ បានកើនឡើងរហូតដល់កម្រិតបួនហើយ ដែលស្ថានការណ៍នេះ ទាមទារឲ្យមានការជម្លៀសប្រជាជនហ្វីលីពីនចេញពីអ៊ីរ៉ាក់។ បើតាមអ្នកនាំពាក្យរូបនេះ ប្រជាជនហ្វីលីពីនទាំងអស់ អាចចាកចេញពីអ៊ីរ៉ាក់ដោយខ្លួនឯង តាមរយៈនិយោជក ឬតាមរយៈរដ្ឋាភិបាលហ្វីលីពីន។
ក្រៅពីបញ្ជូនកងកម្លាំងទៅជម្លៀសប្រជាជន លោកប្រធានាធិបតីហ្វីលីពីន ឌូទើតេ ក៏បានបញ្ជូនបេសកទូតពិសេសទៅអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ផងដែរ ដើម្បីឲ្យប្រទេសទាំងពីរជួយសម្រួលកុំឲ្យមានបញ្ហាអ្វីកើតឡើងចំពោះប្រជាជនហ្វីលីពីន ប្រសិនបើសង្គ្រាមកើតឡើងមែន។
ប្រជាជនហ្វីលីពីន ដែលធ្វើការនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺមានចំនួន ៦ពាន់នាក់។ ពួកគេភាគច្រើន ជាអ្នកបម្រើការតាមផ្ទះ និងជាបុគ្គលិករបស់ក្រុមហ៊ុនអន្តរជាតិនានា។ សូមបញ្ជាក់ថា ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមានតែពីរប្រទេសប៉ុណ្ណោះ ដែលមានវិធានការជម្លៀសប្រជាជនចេញពីតំបន់មជ្ឈិមបូព៌ា។ ប្រទេសទាំងពីរនោះមាន ហ្វីលីពីន និងថៃ ៕
Tag:
ហ្វីលីពីន
អ៊ីរ៉ង់
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com