អន្តរជាតិ
ឥណ្ឌូណេស៊ី បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ឃ្លាំមើល​នាវា​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង
08, Jan 2020 , 9:39 pm        
រូបភាព
លោកប្រធានាធិបតីចូកូ វីដូដូ អមជាមួយនាយអគ្គសេនាធិការយោធាឥណ្ឌូណេស៊ី លោកGatot Nurmantyo (ខាងឆ្វេង) និង មេបញ្ជាការកងទ័ពអាកាសAgus Supriatna (ខាងស្តាំ)។ រូបភាព៖ Reuters​
លោកប្រធានាធិបតីចូកូ វីដូដូ អមជាមួយនាយអគ្គសេនាធិការយោធាឥណ្ឌូណេស៊ី លោកGatot Nurmantyo (ខាងឆ្វេង) និង មេបញ្ជាការកងទ័ពអាកាសAgus Supriatna (ខាងស្តាំ)។ រូបភាព៖ Reuters​
​ទើបតែ​បញ្ជូន​នាវាចម្បាំង​ចំនួន​៤​គ្រឿង​បន្ថែម​ទៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រជុំ​កោះ​ណា​ទុ​ណា ដែល​ស្ថិតក្នុង​សមុទ្រ​ចិន​ខាងត្បូង ឥណ្ឌូណេស៊ី​នា​ថ្ងៃទី​៧ ខែមករា បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៤​គ្រឿង​ទៀត ដើម្បី​តាមឃ្លាំមើល​សកម្មភាព​ទូក​នេសាទ និង​នាវា​យាមល្បាត​របស់​ចិន ដែល​ចូលមកក្នុង​តំបន់​សមុទ្រ​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន​។


 
​បន្ទាប់ពី​នាវា​យាមល្បាត និង​ទូក​នេសាទ​របស់​ចិន​ចូលមកក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​នា​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៩​មក ទីក្រុង​ហ្សា​ការ​តា បាន​កោះហៅ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី​មក​បកស្រាយ​ពី​បញ្ហា​នេះ​។ ក្រៅពី​កោះហៅ​ភាគី​ចិន​មក​បំភ្លឺ​អំពី​ទូក​នេសាទ​របស់ខ្លួន​ចូលក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន ឥណ្ឌូណេស៊ី​ក៏បាន​ចាត់វិធានការ​ផ្សេងៗ​ផងដែរ ដើម្បី​ទប់ស្កាត់​នាវា​របស់​ចិន កុំ​ឲ្យ​រុល​ចូលមក​ជ្រៅ​ក្នុង​ដែនទឹក​ភាគ​ខាងជើង​របស់ខ្លួន​។ 
 
​វិធានការ​នោះ​មានដូចជា បទបញ្ជា​ឲ្យ​យោធា​ឥណ្ឌូណេស៊ី​ប្រុង​ជើងការ ការរៀបចំ​សម្ភារ​សឹក​ឲ្យ​រួចរាល់ ការដាក់​នាវាចម្បាំង​ចំនួន ៨​គ្រឿង​នៅក្នុង​តំបន់​តានតឹង និង​ការអនុញ្ញាត​ឲ្យ​ទូក​នេសាទ​ឥណ្ឌូណេស៊ី​ចូលទៅក្នុង​តំបន់​ភាគ​ខាងជើង​កោះ​ណា​ទុ​ណា​ជាដើម​។ 
 
​ទំនងជា​ចង់​គំរាម​ឲ្យ​នាវា​យាមល្បាត និង​ទូក​នេសាទ​ចិន ដកចេញ​ពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​ឲ្យ​កាន់តែ​ឆាប់រ​ហ័យ នា​ថ្ងៃទី​៧ ខែមករា ទីក្រុង​ហ្សា​ការ​តា បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចំនួន ៤​គ្រឿង ទៅ​ឃ្លាំមើល​នាវា និង​ទូក​នេសាទ​របស់​ចិន​។ បើតាម​អ្នកនាំពាក្យ​កងកម្លាំង​ជើង​អាកាស​ឥណ្ឌូណេស៊ី​លោក Fajar Adriyanto យន្តហោះ​ចម្បាំង​ប្រភេទ F-16 ចំនួន​៤​គ្រឿង ត្រូវ​បើក​ប្រតិបត្តិការ​របស់ខ្លួន ហោះហើរ​លើ​ប្រជុំ​កោះ​ណា​ទុ​ណា និង​តំបន់​ជុំវិញ​ប្រជុំ​កោះ​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​យ៉ាងណាក៏ដោយ ប្រតិបត្តិការ​យន្តហោះ​ចម្បាំង F-16 គ្រាន់តែ​ឃ្លាំមើល និង​ការពារ​ប្រជុំ​កោះ​ណា​ទុ​ណា​តែប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​យកទៅ​ប្រឈមមុខ​ជាមួយ​ទីក្រុង​ប៉េកាំង ឬ​បង្ក​សង្គ្រាម​ណាមួយ​ឡើយ​។​
 
​ជាការ​ឆ្លើយតប​ទៅនឹង​ភាព​តានតឹង​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​អះអាងថា ទីក្រុង​ប៉េកាំង បាន​បើក​កិច្ចចរចា​ការទូត​ជាមួយ​ទីក្រុង​ហ្សា​ការ​តា​ហើយ តាំងពី​ឧបទ្ទវហេតុ​ចុង​ក្រោយមក​ម្លេះ ហើយ​ភាគី​ទាំងសងខាង​គួរតែ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ជាជាង​ការប្រឈមមុខ​ដាក់គ្នា និង​បង្កជម្លោះ​ជាមួយគ្នា​។ 
 
​សូមបញ្ជាក់ថា ចិន​បានទាមទារ តំបន់​សមុទ្រ​ចិន​ខាងត្បូង​មួយ​ភាគ​ធំ តាមរយៈ​ផែនទី​គំនូស​ប្រាំបួន​ត្រេ​របស់ខ្លួន​។ ការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ប្រទេស​ជាច្រើន ដែលជា​សមាជិក​អាស៊ាន រួមមាន វៀតណាម ព្រយ​ណេ ហ្វីលីពីន និង​ម៉ាឡេស៊ី​ជាដើម​។ 

Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com