អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ ស្នើ​ឲ្យ​ប្រជាជន​ងូត​តិចជាង​មុន ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​
09, Jan 2020 , 8:29 am        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ borneopost
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ borneopost
​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៧ ខែមករា បានស្នើ​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់​កាត់បន្ថយ​ការប្រើប្រាស់​ទឹកស្អាត ខណៈពេល​ប្រទេស​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​។ ទន្ទឹមគ្នានេះ លោកនាយក​រដ្ឋមន្ត្រី បាន សុំ​ឲ្យ​ប្រជាជន​ងូតទឹក​តិចជាង​មុន និង​បិទ​ក្បាល​រ៉ូ​ប៊ី​ណេ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្ការ​ការប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ​។


 
​នា​សប្តាហ៍​មុន អាជ្ញាធរ​ទឹកស្អាត​ទីក្រុង​បាងកក បាន​អះអាងថា ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​នាទី​ក្រុង​បាងកក បាន​ឡើង​ជាតិ​អំបិល ខណៈពេល​កម្រិត​ទឹកប្រៃ កំពុង​កើតឡើង​នៅក្នុង​ទន្លេ Chao Phraya​។ ជាពិសេស​ចាប់ពី​ខែវិច្ឆិកា ដល់​ចុងខែ​មេសា ជា​រៀងរាល់ឆ្នាំ ថៃ​តែងតែ​ខ្វះ​ទឹកសាប​ប្រើប្រាស់​ជាប្រចាំ​។ ខេត្ត​ចំនួន ១៤ នៅ​ភាគ​កណ្តាល ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ នឹង​ជួប​ការ​កង្វះ​ទឹក​ប្រើប្រាស់​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​នេះ នាយករដ្ឋមន្ត្រី​ថៃ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​រស់នៅ​ទីក្រុង និង​ស្រុក​ស្រែចម្ការ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ទាំងអស់គ្នា​។ លោក​ប្រា​យុទ្ធ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ « សូមអ្នក​ទាំងអស់គ្នា ជួយ​សន្សំ​ទឹក​។ បិទ​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក និង​ប្រើប្រាស់​ទឹក​តិចជាង​មុន​។ ក្នុងន័យនេះ លោក​បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​ទាំងអស់​កាត់បន្ថយ ការ​ងូតទឹក និង​ដុសធ្មេញ​រយៈពេល​មួយ​នាទី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ដោយសារ​ការ​ស្តុក​ទឹក​មាន​កម្រិត​តិច រដ្ឋាភិបាល​ថៃ ក៏បាន​អំពាវនាវ​ឲ្យ​កសិករ​ថៃ​ទាំងអស់ នៅក្នុង​ខេត្ត​មួយចំនួន តាម​ទន្លេ Chao Phraya កុំ​ឲ្យ​ប្រើប្រាស់​ទឹក​សម្រាប់​ដាំ​ដំណាំ​នា​រដូវប្រាំង​ផងដែរ​។ 
 
​សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​៧ ខែមករា បាន​យល់ព្រម​ប្រើប្រាស់​ថវិកា​ចំនួន ១០០​លាន​ដុល្លារ ដើម្បី​ជីក​អណ្តូង​ក្រោម​ដី ដើម្បី​មូ​ប​ទឹក​ចេញពី​ក្រោម​ដី​។ បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​បែបនេះ គឺធ្វើឡើង ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ក្នុង​រយៈពេល ២ ឬ​៣​ខែ​ខាងមុខ​ទៀត ៕

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com