អន្តរជាតិ
មេដឹកនាំ​អ៊ីរ៉ង់ ថា ការ​ផ្លោង​មី​ស៊ី​ល​ជាការ​ទះកំផ្លៀង​អាមេរិក ខណៈ​ប្រទេស​អឺរ៉ុប​ថ្កោលទោស​
08, Jan 2020 , 10:19 pm        
រូបភាព
មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមេណី ។ រូបភាពវេបសាយ Khamenei.ir
មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមេណី ។ រូបភាពវេបសាយ Khamenei.ir
​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ អា​យ៉ា​តូ​ឡា​ហ៍ អា​លី ខា​មេ​ណី (Ayatollah Ali Khamenei) ចាត់ទុក​ការបាញ់​មី​ស៊ី​ល​ដាក់​បន្ទាយទ័ព​អ៊ីរ៉ាក់​ដែល​ទ័ព​អាមេរិក​ឈរជើង ជាការ​ទះកំផ្លៀង​អាមេរិក​។ លោក ខា​មេ​ណី លើកឡើង​បែបនេះ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​យោធា​អ៊ីរ៉ង់​ផ្លោង​មី​ស៊ី​ល​បាលី​ស្ទិ​កជាង​១០​គ្រាប់​ចូល​មូលដ្ឋាន​យោធា​ពីរ​កន្លែង​របស់​អ៊ីរ៉ាក់​ដើម្បី​សងសឹក​ឲ្យ​ឧ​ត្ត​សេនីយ៍ Qassem Soleimani ។ ការបាញ់​នេះ ក៏​រង​ការរិះគន់​ខ្លាំង​ពី​ប្រទេស​តំបន់​អឺរ៉ុប​។​

 
​ត្រឹម​៥​ថ្ងៃក្រោយ​ការសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​កង​ឆ្មាំ​បដិវត្តន៍ Qassem Soleimani អ៊ីរ៉ង់ បាន​សងសឹក​វិញ​តាមរយៈ​ការបាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ដាក់​បន្ទាយ​ឈរជើង​របស់​អាមេរិក​នៅ​ទឹកដី​អ៊ីរ៉ាក់​។ នៅ​ថ្ងៃទី​៨ ខែមករា ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក អា​យ៉ា​តូ​ឡា​ហ៍ អា​លី ខា​មេ​ណី ដែល​ស្រក់​ទឹកភ្នែក​ពេល​បុណ្យសព​មេទ័ព​ដ៏​សំខាន់ ក៏​ចេញមុខ​និយាយ​ឌឺដង​ផ្លែផ្កា​ឲ្យ​អាមេរិក​ផងដែរ​។​
 
​ក្នុង​សុន្ទរកថា​ដែល​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ លោក ខា​មេ​ណី និយាយថា ការ​ទះ​មួយ​កំផ្លៀង​បាន​ធ្លា​ក់លើ​អាមេរិក​។ ការ​ទះ​មួយ​កំផ្លៀង គឺជា​អ្វីដែល​លោក ខា​មេ​ណី ចាត់ទុក​ជាការ​សងសឹក​ឲ្យ​មេទ័ព​របស់ខ្លួន​ដែល​បាត់បង់​ជីវិត​ក្នុងការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​កាលពី​ថ្ងៃទី​៣ ខែមករា​កន្លងទៅ​នៅ​ព្រលានយន្តហោះ​អ៊ីរ៉ាក់​។​
 
​បើតាម​មេដឹកនាំ​កំពូល​រូបនេះ ការសង​សឹក ជា​រឿង​ដែល​ត្រូវតែ​កើតឡើង តែ​ប្រតិបត្តិការ​ត្រឹម​ប៉ុណ្ណេះ មិនទាន់​សមស្រប​នឹង​ការធ្វើឃាត​មន្ត្រី​យោធា​អ៊ីរ៉ង់​ឡើយ​។ ក្នុងន័យនេះ លោក ខា​មេ​ណី ទំនងជា​ចង់​ផ្ញើ​សារ​ថា អ៊ីរ៉ង់ អាច​នឹង​ចាត់វិធានការ​ថែមទៀត​ប្រឆាំង​អាមេរិក​ដើម្បី​សងសឹក​ឲ្យ​សមល្មម​នឹង​ការបាត់បង់​មេទ័ព Soleimani ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ កាន់តែ​សំខាន់ មេដឹកនាំ​អ៊ីរ៉ង់​ចង់​ឲ្យ​អាមេរិក​ដកទ័ព​ចេញពី​មជ្ឈិមបូព៌ា​តែម្ដង​។​
 
​ងាក​ទៅ​តំបន់​អឺរ៉ុប​វិញ អង់គ្លេស អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប បាន​ថ្កោលទោស​អ៊ីរ៉ង់​យ៉ាងខ្លាំង​លើ​ការបាញ់​មី​ស៊ី​ល​នេះ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ Annegret Kramp-Karrenbauer ប្រាប់​ទូរទស្សន៍ ARD ថា អាល្លឺម៉ង់ ថ្កោលទោស​សកម្មភាព​បំពាន​របស់​អ៊ីរ៉ង់ ហើយ​វា​ជា​រឿង​ចម្បង​របស់​អ៊ីរ៉ង់​ក្នុងការ​បញ្ឈប់​ការ​រាលដាល់​ជម្លោះ​។ អ្នកស្រី​រដ្ឋមន្ត្រី​បន្តថា អាល្លឺម៉ង់ អាច​បន្ត​ដកទ័ព​ថែមទៀត​ចេញពី​អ៊ីរ៉ាក់​ផងដែរ ក្រោយ​ដកចេញ​១៣​នាក់​ហើយ​នោះ​។​
 
​អង់គ្លេស​ឯណោះ ក៏​នៅ​មិន​ស្ងៀម​ដែរ​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Dominic Raab ក៏​ថ្កោលទោស​ការវាយប្រហារ​លើ​បន្ទាយ​ដែលជា​មូលដ្ឋាន​របស់​សម្ព័ន្ធមិត្ត​ចម្រុះ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​។ ប្រមុខ​ការទូត​អង់គ្លេស ក៏​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​របាយការណ៍​ពាក់ព័ន្ធ​មាន​មនុស្ស​ស្លាប់ និង​ការប្រើប្រាស់​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ ក្រសួងការពារជាតិ​អង់គ្លេស​ចេញមុខ​ប្រកាសថា គ្មាន​យោធា​អង់គ្លេស​បាត់បង់​ជីវិត​ក្នុងការ​ការវាយប្រហារ​របស់​អ៊ីរ៉ង់​ឡើយ​។​
 
​ការវាយប្រហារ​ចុងក្រោយ​លើ​មូលដ្ឋាន​អាកាស​នៅ​អ៊ីរ៉ាក់​ដែល​ប្រើប្រាស់​ដោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​ចម្រុះ​រាប់ទាំង​យោធា​អឺរ៉ុប​ផង​នោះ ជា​ឧទាហរណ៍​មួយទៀត​នៃ​ការ​រាលដាល និង​ការកើនឡើង​ជម្លោះ​។ នេះ​ជា​ប្រតិកម្ម​របស់លោក Josep Borrell ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​៨ ខែមករា​។ លោក​ព្រមាន​ថា ស្ថានការណ៍​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​៕  

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  អឺរ៉ុប​
  អ៊ីរ៉ាក់​
© រក្សាសិទ្ធិដោយ thmeythmey.com