លោក ត្រាំ ថា អុីរ៉ង់ ហាក់​ដកថយ​ពី​ការឈានទៅរក​សង្គ្រាម​ជាមួយ​អាមេរិក​
អន្តរជាតិ
លោក ត្រាំ ថា អុីរ៉ង់ ហាក់​ដកថយ​ពី​ការឈានទៅរក​សង្គ្រាម​ជាមួយ​អាមេរិក​
09, Jan 2020 , 9:57 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងជាសាធារណៈនៅសេតវិមានពីបញ្ហាអ៊ីរ៉ង់។ រូបភាព AFP
ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងជាសាធារណៈនៅសេតវិមានពីបញ្ហាអ៊ីរ៉ង់។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៨ ខែមករា បាន​ទាញ​អាមេរិក​ចេញពី​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ដោយបាន​ប្រកាស​មិន​វាយប្រហារ​សងសឹក​អ៊ីរ៉ង់​ឡើយ ទោះជា​អ៊ីរ៉ង់​បាញ់​មី​ស៊ី​ល​ដាក់​បន្ទាយទ័ព​អាមេរិក​ឈេ​ជើង​នៅ​អ៊ីរ៉ាក់​ក្ដី​។ ប៉ុន្តែ​អាមេរិក នឹងដាក់​ទណ្ឌកម្ម​ថែមទៀត​លើ​អ៊ីរ៉ង់​។ មិនមាន​យោធា​អាមេរិក រងគ្រោះ​ក្នុង​ការបាញ់​មី​ស៊ី​ល​នេះឡើយ ដោយ​មន្ទីរ​បញ្ច​កោណ​អះអាងថា ទទួលបាន​ព័ត៌មាន​ជាមុន ទើប​អាច​រៀបចំ​ការការពារ​ខ្លួន​បាន​បែបនេះ​។​

 
​ក្នុងការ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃទី​៨ ខែមករា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អះអាង​ជាថ្មី​ថា យោធា​អាមេរិក មិនមាន​របួស ឬ​បាត់​បង់ជីវិត​ក្នុងការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ដាក់​មូលដ្ឋានទ័ព​អ៊ីរ៉ាក់​ដែល​យោធា​អាមេរិក​ឈរជើង​ឡើយ​។ លោក ត្រាំ ទទួលស្គាល់ថា ការ​ផ្លោង​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ដែលមាន​គោលដៅ​សងសឹក​ឲ្យ​ឧ​ត្ត​ម​សេនីយ៍ Qassem Soleimani នោះ ពិតជា​បាន​បង្ក​ការខូចខាត​ខ្លះ​មែន​ក្នុង​បន្ទាយ​ទាំងពីរ​ដែល​រង​គ្រាប់​មី​ស៊ី​ល​។​
 
​ពី​សេត​វិមាន លោក ត្រាំ ដែល​ឈរ​អមដោយ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន ប្រមុខ​ការទូត រដ្ឋមន្ត្រី​ការពារជាតិ និង​ប្រមុខ​កងទ័ព​អាមេរិក​ផង​នោះ អះអាងថា អ៊ីរ៉ង់ ហាក់​ដកថយ​ពី​ការឈានទៅរក​ជម្លោះ​ពេញបន្ទុក ខណៈ​មី​ស៊ី​ល​ទាំង​ជាង​១០​គ្រាប់​នោះ មិនបាន​បង្ក​គ្រោះ​អ្វី​ឡើយ​។ ទំនង​ដោយសារ​ការយល់​ឃើញបែបនេះ លោក ត្រាំ មិន​បានចេញ​បញ្ជា​ឲ្យ​វាយបក​វិញ​ឡើយ តែ​ប្រកាស​ពី​ការដាក់ទណ្ឌកម្ម​ថ្មី​លើ​របប​ដឹកនាំ​ទីក្រុង​តេ​ហេ​រ៉ង់​។ 
 
«​ការពិត​ដែល​យើង​មាន​យោធា និង​យុទ្ធោបករណ៍​អស្ចារ្យ មិនមែន​មានន័យថា ត្រូវតែ​ប្រើ​ឡើយ​។ យើង​មិន​ចង់​ប្រើ​វាយ​ឡើយ​។ ភាពខ្លាំង​របស់​អាមេរិក ទាំង​យោធា និង​សេដ្ឋកិច្ច ជាការ​បំភ័យ​មួយ​ដ៏​ល្អ​បំផុត​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ដែល​ចាត់ទុក​អ្វីដែល​លោក​ហៅថា ការដកថយ​របស់​អ៊ីរ៉ង់ ជា​រឿង​ល្អ​សម្រាប់​ភាគី​ទាំងអស់ និង​សម្រាប់​ពិភពលោក​ផងដែរ​។ 
 
​សម្រាប់​មន្ទី​បញ្ច​កោណ​វិញ ប្រព័ន្ធ​ព្រមាន​ទុក​មុន មាន​ស្នាដៃ​ធំ​ក្នុង​ការបញ្ចៀស​គ្រោះថ្នាក់​លើក​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រព័ន្ធ​ព្រមាន​ទុក​មុននេះ បាន​ចាប់​សញ្ញា​មី​ស៊ី​ល ហើយក៏​ជូនដំណឹង​ឲ្យ​យោធា​ទាំងអស់​ជ្រក​នៅ​កន្លែង​សុវត្ថិភាព​។ លើសពីនោះ អ៊ីរ៉ាក់ ក៏​ទំនងជា​ផ្ដល់ព័ត៌មាន​ទាក់ទង​ការបាញ់​នេះ​ឲ្យ​យោធា​អាមេរិក​ផងដែរ ព្រោះ​អ៊ីរ៉ង់​ក៏បាន​ប្រាប់​អ៊ីរ៉ាក់​ជាមុន​ពី​គម្រោង​របស់ខ្លួន​ផងដែរ ទើប​អាមេរិក​អាច​ចាត់វិធានការ​បង្ការ​បា​ន​។  
 
​មេដឹកនាំ​អាមេរិក ក៏​ឆ្លៀត​និយាយ​ដល់​នុយក្លេអ៊ែរ​ផងដែរ​។ លោក ត្រាំ បានប្រកាស​ជាថ្មី​ថា នឹងមិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​មាន​នុយក្លេអ៊ែរ​ឡើយ​។ លោក បានទាមទារ​ឲ្យ​មហាអំណាច​ឯទៀត​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ឲ្យ​ដើរចេញ​ដូច​អាមេរិក ហើយ​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​មួយ​វិញ​។ ការ​ដើរចេញ​នេះហើយ ដែលជា​ផ្នែក​មួយ​នៃ​ភាព​តានតឹង​ដូច​សព្វថ្ងៃ បើទោះជា​រដ្ឋ​ហត្ថលេខី​ផ្សេងទៀត​យល់ថា អ៊ីរ៉ង់​បាន​អនុវត្តតាម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ក្ដី​។ ទីក្រុង​តេ​ហេ​រ៉ង់ បដិសេធ​ការចរចា​ណាមួយ​៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com