កីឡាអន្តរជាតិ
អន្តរជាតិ
Super Cup៖ Kroos ទាត់​បាល់​ជ្រុង​បញ្ចូល​ទី​ជួយ Real ឈ្នះ Valencia ៣-១ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​
09, Jan 2020 , 10:34 am        
រូបភាព
Real Madrid បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Spanish Super Cup បន្ទាប់ពី​យកឈ្នះ Valencia ក្នុង​លទ្ធផល ៣-១​។ ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើឡើង​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​នេះ ខ្សែបម្រើ Toni Kroos បាន​បង្កើត​ភាព​អស្ចារ្យ​ដោយ​ទាត់​បាល់​ជ្រុង​បញ្ចូល​ទី​យ៉ាង​ល្អ​។​


 
Kroos ជា​អ្នករ៉ាប់រង​ការទា​ត់បាល់​ជ្រុង​ពី​ជ្រុង​ខាងឆ្វេង​នៅ​នាទី​១៥ ប៉ុន្តែ​រូបគេ​មិនបាន​លើក​បញ្ជូន​ឲ្យ​ដៃគូ​នោះទេ ដោយ​សម្រេច​ទាត់​បញ្ចូល​ទី​ខ្លួនឯង​តែម្តង ខណៈពេលដែល​អ្នកចាំទី​របស់ Valencia កីឡាករ Jaume Domenech មិនទាន់​ចូលទៅ​កាន់​ទីតាំង​របស់​ខ្លួន​ត្រឹមត្រូវ​។​

 
 
​គ្រាប់​បាល់​នាំមុខ​ដំបូង​របស់​ក្រុម​ស្តេច​ស​នេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ឡើយ​។ ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​ឆ្លៀតឱកាស​និង​ប្រើ​ទេពកោសល្យ​ផ្ទាល់ខ្លួន​ដើម្បី​ទាត់​បាល់​កោង​ប​ញ្ជូ​ល​ទី​ដ៏​អស្ចារ្យ​។​
 
Isco ជា​អ្នករក​គ្រាប់​បាល់​ទី​២ នៅ​នាទី​៣៩ មុនពេល Luka Modric បន្ថែម​គ្រាប់​ទី​៣​ឲ្យ​ក្រុម Real ដើម្បី​នាំមុខ ៣-០ មុន​នៅត្រឹម​នាទី​៦៥​។ នៅ​នាទី​៩០​ទៅហើយ កីឡាករ Daniel Parejo របស់ Valencia ទទួលបាន​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​១​គ្រាប់​វិញ​។ ចប់​ការប្រកួត Real ឈ្នះ Valencia ៣-១​។ 
 
​ដោយឡែក Barcelona នឹងត្រូវ​តតាំង​ជាមួយ Atletico Madrid ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ប្រព្រឹត្តទៅ​នៅ​រាត្រី​ថ្ងៃទី​៩ ខែមករា​នេះ នៅវេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ ក្រុម​ណា​ឈ្នះ នឹងត្រូវ​ឡើងទៅ​ជួប Real Madrid ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន Super Cup នៅ​ថ្ងៃអាទិត្យ​ទី​១២ ខែមករា ឆ្នាំ​២០២០​។​
 
​សូមបញ្ជាក់ថា ពាន Super Cup ទើប​ប្តូរទៅលេងនៅទឹកដីអារ៉ាប់​ប៊ី​សា​អូឌីត​នៅ​រដូវ​កាល​នេះ ដោយ​មាន​ក្រុម​​ពី​លី​គ​កំពូល​អេ​ស្ប៉ា​ញ​ចំនួន​៤​ប៉ុណ្ណោះ​ចូលរួម​ប្រកួតប្រជែង​។ ចំណោម​ក្រុម​ទាំង​៤ គឺ​ជ្រើស​យកតែ​ម្ចាស់​ជើងឯក Copa del Rey ក្រុម​ម្ចាស់​ជើងឯក La Liga និង​ក្រុម​បាន​ចំណាត់ថ្នាក់​ទី​២ និង​ទី​៣ កាលពី​រដូវ​កាល​មុន​៕


Tag:
 Spanish Super Cup
  Real Madrid
  Toni Kroos
© រក្សាសិទ្ធិដោយ thmeythmey.com