អគារ​មួយចំនួន​នៅ​ប៉ោយ​ប៉ែត សង់​ខុស​បច្ចេកទេស​និង​គ្មាន​ច្បាប់ ត្រូវ​ផ្អាក
ជាតិ
សង្គមជាតិ
អគារ​មួយចំនួន​នៅ​ប៉ោយ​ប៉ែត សង់​ខុស​បច្ចេកទេស​និង​គ្មាន​ច្បាប់ ត្រូវ​ផ្អាក
09, Jan 2020 , 10:58 am        
រូបភាព
រូបពីមន្ទីរដែនដីខេត្តបន្ទាយមានជ័យ
រូបពីមន្ទីរដែនដីខេត្តបន្ទាយមានជ័យ
ដោយ: ថ្មីៗ
​មន្ទីរ​ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តបន្ទាយមានជ័យ បាន​ផ្អាក​ការដ្ឋាន​សាងសង់​អគារ​មួយចំនួន ក្នុង​ក្រុង​ប៉ោយប៉ែត ក្រោយ​ពិនិត្យឃើញថា សង់​ខុស​បច្ចេកទេស​និង​គ្មាន​ច្បាប់​អនុញ្ញាត​។ មន្ទីរ​ដែនដី បាន​បង្ហោះ​ព័ត៌មាន​នេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០​។


 
​មន្ទីរ​ដែនដី រៀបរាប់​ពី​កំហុស​បច្ចេកទេស​ថា ការសាងសង់​អគារ​ទាំងនោះ គឺ​ពុំមាន​គម្រោង​ប្លង់ ដូចជា  ស្ថាបត្យកម្ម គ្រឿង​ផ្គុំ​សំណង់ មេកា​និក និង​ទឹក​-​ភ្លើង ជាដើម​។ មន្ទីរ​ដែនដី បន្តថា សូម្បី​អ្នកជំនាញ ឬ​ក្រុមហ៊ុន​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ ក៏​ពុំទាន់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដែរ ហើយ​ពុំមាន​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​ថែមទៀត​។ លើសពីនេះ ការដ្ឋាន​សាងសង់​ទាំងនោះ មាន​អ្នកស្នាក់នៅ ខណៈ​កំពុងដំណើរការ​សាងសង់ ទាំង​ដែល​គ្មាន​វិញ្ញាបនបត្រ​ធា​នា​រ៉ាប់រង​ការងារ​។ 
 
​មន្ទីរ​ដែនដី ប្រាប់ថា ម្ចាស់​សំណង់​ទាំងនោះ អាច​បើក​ការដ្ឋាន​សាង​ស់​ឡើងវិញ លុះត្រាតែ​បាន​បំពេញ​ចំណុច​ខ្វះខាត​ផ្នែក​បច្ចេកទេស និង​ត្រូវ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ជាមុនសិន​។ មន្ទីរ​ដែនដី បន្ថែមថា ម្ចាស់​សំណង់ ត្រូវ​រក​អ្នកជំនាញ ឬ​ក្រុមហ៊ុន ដែលមាន​អាជ្ញាប័ណ្ណ ទៅពិនិត្យ វិភាគ និង គណនា ដើម្បី​ធានា​សុវត្ថិភាព​សំណង់ ហើយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​ស្នាក់នៅ​ក្នុងការ​ដ្ឋា​ន​ជាដាច់ខាត​។ ម្យ៉ាងទៀត ម្ចាស់​សំណង់ ឬ​ក្រុមហ៊ុន​សាងសង់ ត្រូវមាន​វិញ្ញាបនបត្រ​ធា​នារ៉ាប់រង​។ 

​មន្ទីរ​ដែនដី បញ្ជាក់ថា ការផ្អាក​ការដ្ឋាន​សាងសង់​ខាងលើ គឺ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។ មន្ទីរ​ដែនដី អះអាងថា នឹង​បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្សេងទៀត​ជា​បន្តបន្ទាប់ លើ​ផ្នែក​បច្ចេកទេស និង​ផ្នែក​ច្បាប់ នៅ​គ្រប់​ក្រុង​-​ស្រុក​ទាំង​៩​ក្នុង​ខេត្តបន្ទាយមានជ័យ​។ 
 
​ត្រឹម​រយៈពេល​ប្រមាណ​៧​ខែ កម្ពុជា ជួប​សោកនាដកម្ម​ពី​ការបាក់​អគារ​កំពុងដំណើរការ​សាងសង់​ដល់​ទៅ​៣​លើក​។ អ្នកស្លាប់​និង​អ្នករបួស​ភាគច្រើន ជា​កម្មករសំណង់ និង​ជា​កូន​-​ប្រពន្ធ​របស់​កម្មករ​សំណង់​។​
 
​ករណី​ទី​១ បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​សម្លាប់​មនុស្ស​២៨​នាក់ និង​មាន​អ្នករបួស​២៦​នាក់​។ ករណី​ទី​២ បាក់​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​នៅ​ក្រុង​សៀមរាប កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩ ដោយ​សម្លាប់​មនុស្ស​៣​នាក់ និង​មាន​អ្នករបួស​១៣​អង្គ​/​នាក់​។ ករណី​ទី​៣ បាក់​អគារ​កម្ពស់​៦​ជាន់​នៅ​ក្រុងកែប នា​ដើមខែ​មករា ឆ្នាំ​២០២០​នេះ ដោយ​សម្លាប់​មនុស្ស​ដល់​ទៅ​៣៦​នាក់ និង​មាន​អ្នករបួស​២៣​នាក់​៕  

អគារខាងក្រោមនេះ ស្ថិតក្នុងក្រុប៉ោយប៉ែត ដែលត្រូវមន្ទីរដែនដីផ្អាក (រូបពីមន្ទីរដែនដីខេត្តបន្ទាយមានជ័យ)

 





















 

Tag:
 ​សំណង់​ខុស​បច្ចេកទេស
© រក្សាសិទ្ធិដោយ thmeythmey.com