កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា(SECC) និងរដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំសិក្ខាសាលានៅឧត្តរមានជ័យ ដែលជាគោលដៅទី១៩ និងជាគោលដៅចុងក្រោយ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា។ ប្រធានបទនៃសិក្ខាសាលានេះគឺ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។
សិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ រៀបចំឡើងក្នុងបំណងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញត្តិ និងឱកាសវិនិយោគដល់សាធារណជន នៅទូទាំងប្រទេសកម្ពុជា។
លោក ជា បុល្លិកា បានផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តឧត្តរមានជ័យនេះ ហើយបានបង្ហាញពីស្ថានភាពបច្ចុប្បន្ន នៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក បុល្លិកា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន បង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
បន្ទាប់មក លោក ឃិន ញ៉ាណ បានផ្ដល់កិត្តិយស ប្រកាសបើកកម្មវិធីសិក្ខាសាលាជាផ្លូវការ និងបានលើកឡើង ពីសក្ដានុពលនៃខេត្តរបស់លោក និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាម រយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោក ឃិញ ញ៉ាណ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់របស់លោក ទៅលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា វានឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិនិយោគិន ដែលវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។
លោក Lawrence បាននិយាយថា៖ «ថ្ងៃនេះ គឺជាថ្ងៃដ៏អស្ចារ្យមួយ ដោយសារតែក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានធ្វើដំណើរ និងផ្ដល់ចំណេះជំនាញវិនិយោគដល់សាធារណជន នៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា យ៉ាងជោគជ័យ។ នេះ គឺជាប្រវត្តិសាស្ត្រដំបូង និងគួរឱ្យចាប់អារម្មណ៍មួយនៅកម្ពុជា។ មិនតែប៉ុណ្ណោះ យើងនឹងបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគក្នុងដែនដីសុវណ្ណភូមិនេះ ហើយវាគឺជាអ្វីដែលយើងបានធ្វើនៅពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេសនាពេលថ្មីៗនេះ»។
គិតចាប់ពីឆ្នាំ២០១៨មក ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត និងផ្ដល់ចំណេះជំនាញវិនិយោគ ដល់សិក្ខាកាមរាប់ពាន់នាក់រួចមកហើយ។
នៅលើឆាកអន្តរជាតិវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit ឆ្នាំ២០១៧ ពិព័រណ៍ London Summit ឆ្នាំ២០១៨ ពិព័រណ៍ London Summit ឆ្នាំ២០១៩ នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុងហុងកុង។ ក្រុមហ៊ុន ក៏មានដៃគូសហការអន្តរជាតិជាច្រើន នៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូណេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម។
(អត្ថបទពាណិជ្ជកម្ម)