កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ ម្ចាស់ផ្ទះ​ថៃ ស៊ី​ក្រុម​ខ្លាំង​បា​រ៉ែ​ន ៥-០ ក្នុងជំនួប​បើកឆាក​
09, Jan 2020 , 2:48 pm        
រូបភាព
​ក្រុម​ម្ចាស់ផ្ទះ​ថៃ បាន​យកឈ្នះ​ក្រុម​ខ្លាំង​បា​រ៉ែ​ន​យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល ៥-០ ក្នុងជំនួប​បើកឆាក​ពូ​ល A នៃ​ការប្រកួត​ពានរង្វាន់ AFC U23 Championship ឆ្នាំ​២០២០ ប្រចាំ​តំបន់​អាស៊ី ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​ជាតិ Rajamangala ក្រុង​បាងកក នៅ​យប់​ថ្ងៃទី​៨ ខែមករា​។​


 
​ខ្សែប្រយុទ្ធ Suphanat Mueanta បាន​ជួយ​ក្រុម​អាយុ​ក្រោម​២៣​ថៃ នាំ​មុន​ក្រុម​ភ្ញៀវ​មុន​នៅ​នាទី​១២ ហើយ​លទ្ធផល ១-០ នេះ​នៅ​រក្សា​រហូតដល់​ចប់​វគ្គ​ទី​១​តែម្តង​។ ចូលដល់​វគ្គ​ទី​២ ខណៈពេល​ការប្រកួត​ទើប​ដំណើរការបាន​២​នាទី​ប៉ុណ្ណោះ កីឡាករ Supachok Sarachart ជា​អ្នកសម្រេច​គ្រាប់​ទី​២​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។​
 
​បើ​ទោះ​មានការ​វាយ​សម្រុក​ពី​ក្រុម​បា​រ៉ែ​ន​ក្តី ប៉ុន្តែ​ពួកគេ​មិនអាច​បំប៉ោង​សំណាញ់​ទី​របស់​ថៃ​បានឡើយ​។ ផ្ទុយទៅវិញ​ថៃ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​លោក Akira Nishino បាន​ប្រើ​យុទ្ធសាស្ត្រ​វាយបក​បាន​យ៉ាង​ល្អ​រហូត​សម្រេចបាន​ផ្លែផ្កា​ជា​គ្រាប់​ជា​បន្តបន្ទាប់​។​
 
​នៅ​នាទី​៧៩ Mueanta ខ្សែប្រយុទ្ធ​វ័យ​១៧​ឆ្នាំ បាន​បន្ថែម​គ្រាប់​ទី​២​របស់ខ្លួន និង​ជា​គ្រាប់​ទី​៣​របស់​ថៃ មុនពេល Jaroensak Wonggorn រកបាន​២​គ្រាប់​ម្នាក់ឯង​បន្ថែមទៀត​នៅ​នាទី​៨៩ និង​៩០​។​
 
​ជ័យជម្នះ​ដ៏​លើសលុប​នេះ បាន​ជួយ​ក្រុម​រហស្សនាម​ដំរី​ស​ង្គ្រា​ប់ U23 ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល A​។ អូស្ត្រាលី​ដែល​ប្រកួត​ស្មើ​ជាមួយ អ៊ីរ៉ាក់ ក្នុង​លទ្ធផល ១-១ ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់​។

 
 
AFC U23 Championship ឆ្នាំ​២០២០ ដែល​ថៃ​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃទី​៨ ដល់ ២៦ ខែមករា​នេះ មាន​ក្រុម​ពី​តំបន់​អាស៊ី​ចំនួន​១៦​ប្រកួតប្រជែង ដោយ​ចែកចេញជា​៤​ពូ​ល ពី A ដល់ D​។ ពូ​ល A មាន​ថៃ អ៊ីរ៉ាក់ អូស្ត្រាលី និង​បា​រ៉ែ​ន ពូ​ល B មាន ជប៉ុន កាតា អា​រ៉ា​ប៊ី​សា​អូឌីត និង​ស៊ី​រី ពូ​ល C មាន​ចិន អ៊ីរ៉ង់ កូរ៉េខាងត្បូង និង​អ៊ូ​ស​បេ​គី​ស្ថាន ពូ​ល D មាន​ហ្សកដានី កូរ៉េខាងជើង អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​វៀតណាម​។​
 
​អ៊ូ​ស​បេ​គី​ស្ថាន ជា​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៨ និង​ជា​ក្រុម​ត្រូវការពារ​ជើងឯក​សម្រាប់​ឆ្នាំ ២០២០ នេះ​។ វៀតណាម​ជា​ក្រុម​រងជើង​ឯក ក្រោយ​ប្រកួត​ចាញ់​អ៊ូ​ស​បេ​គី​ស្ថាន ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ រីឯ​កាតា​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣ តាមរយៈ​ការ​ឈ្នះ​កូរ៉េខាងត្បូង ១-០ កាលពី​ព្រឹត្តិការណ៍​មុន​៕



Tag:
 AFC U23 Championship
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com