ជាតិ
សេដ្ឋកិច្ច
ក្រសួង​ប្រាប់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ថា បន្ត​ប្រើ​រូបមន្ត​ដដែល ក្នុងការ​កំណត់​តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​
09, Jan 2020 , 3:31 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា នៅតែ​បន្ត​គណនា​តាម​រូបមន្ត​កំណត់ដោយ​ប្រកាស​អន្តរក្រសួង ដូចដែល​កំពុង​អនុវត្ត​សព្វថ្ងៃ ដដែល​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​៩​ខែមករា​នេះ បាន​ជម្រាប​ដល់​ក្រុមហ៊ុន​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់​។​


 
​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា យោងទៅលើ​ស្ថានភាព​ទីផ្សារ​អន្តរជាតិ​បច្ចុប្បន្ន តម្លៃ​ប្រេងឥន្ធនៈ​អាចមាន​ការប្រែប្រួល មិនអាច​ព្យាករណ៍​បាន​។ ក្រសួង​បន្ថែមថា​៖«​ប៉ុន្តែ​ទោះបី​មានការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ​ក្ដី ក្រសួង​នឹង​គណនា​តម្លៃ​ប្រេង​ទៅតាម​ប្រកាស​របស់​អន្តរក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួង​រ៉ែ​និង​ថាមពល នូវ​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​សម្រាប់​រយៈពេល ១៥​ថ្ងៃ​ម្ដង ដូច​អ្វីដែល​យើង​បាន​ឯកភាពគ្នា​អនុវត្ត​កន្លងមក ដើម្បី​រួមចំណែក​ផ្ដល់​ស្ថិរភាព​សេដ្ឋកិច្ច​-​សង្គម​»​។​
 
​សព្វថ្ងៃ​ក្រសួង​គណនា​តម្លៃ​ប្រេង​លក់រាយ​រៀងរាល់​១៥​ថ្ងៃ​ម្ដង និង​ជូនដំណឹង​ជា​សាធារណៈ​។ នោះ​ជាត​ម្លៃ​អតិបរមា ដែល​ស្ថានីយ​ទាំងអស់​មិនអាច​លក់​លើ​ស​ពី​តម្លៃ​កំណត់​នេះ​បាន​។ ហើយ​មូលដ្ឋាន​គណនា គឺ​យោងទៅលើ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ និង​មាន​បូក​តម្លៃ​ពន្ធ​ផ្សេងៗ​។​
 
​គួរ​បញ្ជាក់ថា ការចេញ​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​នៅពេលនេះ គឺ​ស្រប​ពេលដែល​តម្លៃ​ប្រេងឥន្ធនៈ ត្រូវបាន​មើលឃើញថា​នឹងមាន​ការប្រែប្រួល ព្រោះ​បញ្ហា​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់ ហើយ​និង​ពាក់ព័ន្ធ​អ៊ីរ៉ាក់​ផងដែរ ដែល​ប្រទេស​ទាំងពីរ​នេះ​ជា​អ្នកផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​របស់​ពិភពលោក​៕

Tag:
 ប្រេងឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com