ធនាគារ ABA ដែលជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ប្រកាសនាថ្ងៃនេះថា ខ្លួនទទួលបានពាន «ធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ2019» ពីទស្សនាវដ្តី Asiamoney ដែលជាទស្សនាវដ្តីថ្នាក់តំបន់ របស់ Euromoney ដែលជាគ្រឹះស្ថានផ្សព្វផ្សាយហិរញ្ញវត្ថុអន្តរជាតិ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនធនាគារ ABA សម្រាប់ឥទ្ធិពលគ្របដណ្ដប់ផ្នែកឌីជីថល នៅក្នុងវិស័យធនាគារ, ការពង្រីកបណ្ដាញសាខា, និងបង្អែកដ៏រឹងមាំពីធនាគារជាតិកាណាដា។
អ្នកជំនាញពីទស្សនាវដ្តី Asiamoney កោតសរសើរយ៉ាងខ្លាំង ចំពោះសមិទ្ធផលរបស់ធនាគារ ABA ក្នុងការផ្លាស់ប្តូរអាជីវកម្មឌីជីថល, ការធ្វើទំនើបកម្មបណ្តាញឌីជីថលរបស់ខ្លួន, និងការអភិវឌ្ឍកម្មវិធី ABA Mobile ល្អផ្ដាច់គេដែលមានសេវាកម្ម និងមុខងារប្រកបដោយនវានុវត្តន៍ ដូចជា ការដកប្រាក់ពីម៉ាស៊ីន ATM មិនចាំបាច់ប្រើកាត, ការចេញកាតនិម្មិតសម្រាប់ការទូទាត់អនឡាញ និង QR, ការជំរុញការប្រើប្រព័ន្ធទូទាត់អនឡាញ PayWay សម្រាប់ពាណិជ្ជកម្មអេឡិកត្រូនិក, និងនវានុវត្តន៍មួយចំនួនទៀត។
«ធនាគារ ABA ចាប់យកឌីជីថលុបនីយកម្ម ច្រើនជាងធនាគារផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ ធនាគារឌីជីថល គឺជាផ្នែកឈានមុខនៃធុរកិច្ចរបស់ខ្លួន ហើយវាអាស្រ័យលើ ABA Mobile។ សេវា E-Cash ដែលអាចដកប្រាក់តាមម៉ាស៊ីន ATM ដោយមិនចាំបាច់ប្រើកាត មានការប្រើប្រាស់ចំនួន 370,000 ដងក្នុងឆ្នាំ២០១៨។ ភាពលេចធ្លោផ្សេងទៀតរបស់ធនាគារ រួមមាន មុខងារ ABA Pay សម្រាប់ការទូទាត់ដោយប្រើ QR និងមិនប្រើសាច់ប្រាក់ និងប្រព័ន្ធទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិក PayWay”»។ នេះបើយោងតាមនិពន្ធនាយករបស់ទស្សនាវដ្តី Asiamoney ដែលបញ្ជាក់ក្នុងសេចក្តីរាយការណ៍ស្តីពីធនាគារ ABA ។
និពន្ធនាយករបស់ទស្សនាវដ្តី Asiamoney ក៏បានបន្ថែមទៀតថា ធនាគារ ABA នៅតែបន្តបន្ថែមមុខងារថ្មីៗជាច្រើនទៀត ដោយថ្មីៗនេះបានបន្ថែមមុខងារផ្ទេរប្រាក់អន្តរជាតិ ខណៈដែលខ្លួនកំពុងចាប់ដៃគូជាមួយប្រព័ន្ធទូទាត់អន្តរជាតិ គឺ AliPay និង UnionPay ដើម្បីពង្រឹងប្រព័ន្ធទូទាត់តាម QR។
ដោយអនុវត្តយុទ្ធសាស្ត្រ «ឌីជីថលជាអាទិភាព» ABA បានក្លាយជាធនាគារឈានមុខគេ ក្នុងវិស័យធនាគារ ដោយសារតែវិធីសាស្ត្រផ្តោតសំខាន់លើអតិថិជនរបស់ធនាគារ និងការចាប់ផ្ដើមមុនគេ សម្រាប់សេវាធនាគារតាមទូរស័ព្ទដៃ។ ធនាគារ បានវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាថ្មីៗ ហើយជាលទ្ធផល ធនាគារមានសមត្ថភាពលើសគេ នៅក្នុងឌីជីថលុបនីយកម្មហិរញ្ញវត្ថុ។
លោក Zokhir Rasulov នាយកផ្នែកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍ថា៖«យើងមានភាពរីករាយ ដែលត្រូវបានប្រសិទ្ធនាម ជាធនាគារឌីជីថលឆ្នើមជាងគេនៅកម្ពុជា ក្នុងឆ្នាំ 2019 »។ ពានរង្វាន់នេះបង្ហាញថា យើងកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុដ៏ទំនើប ដែលផ្តោតលើអតិថិជនជាចម្បង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ និងអាជីវកម្មនានា របស់កម្ពុជា ដោយប្រើបច្ចេកវិទ្យា។ វាជាតថភាពមួយ ដែលថាកម្មវិធី ABA Mobile ជាជម្រើសទីមួយសម្រាប់រូបវន្តបុគ្គល និងអាជីវកម្មនានាភាគច្រើនបំផុតក្នុងប្រទេសកម្ពុជា ដោយសារតែសុវត្ថិភាព, សមត្ថភាព, និងបទពិសោធក្នុងការប្រើកម្មវិធីនេះ។ តែរយៈពេលមួយឆ្នាំ ចំនួនអតិថិជនប្រើកម្មវិធីទូរស័ព្ទរបស់យើង បានកើនឡើងលើសទ្វេដង។ យើងកំពុងបន្តប្រឹងប្រែង អភិវឌ្ឍផលិតផល និងកម្មវិធីឌីជីថលដទៃទៀត ដើម្បីធ្វើឲ្យជីវិតហិរញ្ញវត្ថុរបស់អតិថិជន កាន់តែមានភាពងាយស្រួលឡើង»។
ធនាគារ ABA មានទ្រព្យសកម្មសរុប 4.35 ប៊ីលានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019) និងបម្រើសេវាជូនអតិថិជនច្រើនជាង 730,000 នាក់ តាមរយៈបណ្តាញដ៏ទូលំទូលាយ ដែលមានសាខាចំនួន 77, ម៉ាស៊ីនស្វ័យសេវា ជាង 550, សេវាធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទដ៏ទំនើប។ ជំហរនាំមុខគេរបស់ធនាគារក្នុងវិស័យធនាគារឌីជីថល និងធនាគារតាមទូរស័ព្ទដៃ ព្រមទាំងកំណើនដ៏រឹងមាំគ្រប់ផ្នែក នៃធុរកិច្ចរបស់ខ្លួន បានធ្វើឲ្យធនាគារទទួលបានការដំឡើងចំណាត់ថ្នាក់ឥណទាន ដល់ «B+» ជាមួយទស្សនវិស័យ «ស្ថិរភាព» ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor’s (S&P) Global Ratings ក្នុងឆ្នាំនេះ។៕
(អត្ថបទពាណិជ្ជកម្ម)