ពីនេះ ពីនោះ
យុវជនខ្លះក្រ តែហ៊ាននិយាយពាក្យ Work-life balance
× «ជីវិតខ្លីណាស់ យើងត្រូវធ្វើឱ្យជីវិតយើងសប្បាយ។ ធ្វើការល្មមៗបានហើយ»។ នេះជាគំនិតយល់ឃើញរបស់យុវជនមួយចំនួន។ គំនិតបែបនេះក៏កំពុងក្លាយជានិន្នាការនៃការគិតរបស់យុវជនកាន់តែច្រើនដែរ។ និយាយដល់រឿងនេះ សុធីរ និងសំណាង មួម៉ៅ ផឹកកាហ្វេឡើងចត់។
សំណាង៖ Life is short. You have to enjoy yourself ។ ចុះបើជីវិតខ្លី ម៉េចក៏ពួកវាមិនគិតប្រឹងធ្វើអ្វីឱ្យមានប្រយោជន៍ ជាងអាធ្វើការលំៗ ច្បោលៗ នាំឱ្យតែគេឃ្នើសចិត្ត?
សុធីរ៖ អញទើសដូចអ្ហែងដែរ។ ហើយអញកាន់តែក្នាញ់ក្នុងចិត្តទៀត ពេលឃើញយុវជនមួយចំនួនក្រ មិនសូវមានលុយ រៀនទើបចប់មិនទាន់ធ្វើការងារអីជាដុំកំភួនផង វានិយាយពីតុល្យភាពជីវិតនិងការងារស្អីវានោះ។ អត់លុយហើយ អត់ចង់ធ្វើការ។ អត់ចង់ធ្វើការ តែចង់បានលុយ។ អញមិនយល់របៀបគិតរបស់ពួកវាសោះ។
សំណាង៖ អញថា ស្រុកយើងសម្បូរអ្នកនិយាយ តែខ្វះការពិភាក្សា។ យុវជនយើងខ្វះការលត់ដំផ្នែកគំនិត មិនសូវមានការបង្រៀនរបៀបគិតពិចារណា។ ពាក្យតុល្យភាពជីវិតនិងការងារនេះ គេនិយាយតែចំពោះមនុស្សចាស់ ឬមនុស្សដែលបានធ្វើការរាប់សិបឆ្នាំមកហើយ ហើយបានបង្កើតប្រយោជន៍ សមិទ្ធផលច្រើនរាប់មិនអស់។ ហើយដល់ពេលមួយ គេត្រូវរំឮកខ្លួនឯង អំពីសេចក្តីសុខខ្លះរបស់ខ្លួនឯង របស់គ្រួសារ។ ឯងឯណេះ ឱ្យតែមានឭទ្រឹស្តីមកពីណា ចម្លងគេយកមកសូត្រទាំងទទឹងទិស ហើយចង់អនុវត្តភ្លាមៗ។
សុធីរ៖ អ្ហែងនិយាយត្រូវ។ យុវជនមួយចំនួន ចាញ់បោកទ្រឹស្តី។ ពេលខ្លះពួកគាត់ជួបអ្នកមានទ្រព្យហូរហៀរ ហើយឮគេនិយាយថា «កុំធ្វើការច្រើនពេក ធ្វើធម្មតាៗ ហើយដើរលេង ជិះកង់ កម្សាន្តផងទៅ ទើបជីវិតមានន័យ»។ គ្រាន់តែឮអ៊ីចឹង យុវជនយើងខ្លះ លែងចង់ប្រឹងប្រែងធ្វើការហ្មង។ ពួកគាត់មិនដឹងថា តាមពិតអ្នកនិយាយថា ធ្វើការធម្មតាៗនោះ គេជិះកង់មួយ១ម៉ឺនដុល្លារ គេមានចម្ការម្រេច ចន្ទី គេមានដីធ្លី ក្រុមហ៊ុន ដែលគេកសាងដប់ ម្ភៃឆ្នាំហើយ។
សំណាង៖ ហ្នឹងហើយយុវជនសម័យឌីជីថល។ វាគិតថា បន្តិចទៀតប្រហែលបាយហោះចូលមាត់វាផងមិនដឹង?
សុធីរ៖ គ្មានស្អី Free ទេវ៉ើយ! ចង់ enjoy life ក៏ត្រូវមានលុយដែរ។ មានលុយកាន់ច្រើន ទើបបានសប្បាយខ្លាំង។ ដូច្នេះត្រូវប្រឹងធ្វើការ! អញមិនដែលឮ សិង្ហបុរី ម៉ាឡេស៊ី អប់រំពលរដ្ឋគេឱ្យធ្វើការតិចទេ។
© រក្សាសិទ្ធិដោយ thmeythmey.com