អន្តរជាតិ
ឥណ្ឌូណេស៊ី គ្រោងជម្លៀសប្រជាជនចេញពីអ៊ីរ៉ាក់-អ៊ីរ៉ង់ ប្រសិនបើស្ថានការណ៍កាន់តែតានតឹង លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី Retno LP Marsudi។ រូបភាព៖ Jakarta Post
× បន្ទាប់ពីស្ថានការណ៍នៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែក្តៅគគុក រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីនៅថ្ងៃទី៨ ខែមករា បានបើកកិច្ចប្រជុំសម្របសម្រួល ជាមួយប្រតិភូជាន់ខ្ពស់របស់ឥណ្ឌូណេស៊ីប្រចាំនៅអ៊ីរ៉ង់ អ៊ីរ៉ាក់ និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីជជែកពីព្រឹត្តិការណ៍នៅក្នុងអ៊ីរ៉ាក់ អ៊ីរ៉ង់ និងផែនការជម្លៀសប្រជាជនចេញពីប្រទេសទាំងពីរនេះ។
ទំនាក់ទំនងរវាងអាមេរិក និងអ៊ីរ៉ង់កាន់តែតឹនតឹងឡើង ក្រោយពេលអ៊ីរ៉ង់បានវាយប្រហារមីស៊ីលបាលិស្ទិកជាង ១០គ្រាប់ដាក់បន្ទាប់ឈរជើងអាមេរិកនៅអ៊ីរ៉ាក់។ ហេតុការណ៍នេះ ត្រូវបានឥណ្ឌូណេស៊ី ទទូចឲ្យភាគីទាំងសងខាងអត់ធ្មត់ និងចូលតុចរចាជាមួយគ្នាជាជាងការប្រើប្រាស់អាវុធ ដើម្បីទប់ស្កាត់ស្ថានការណ៍នៅក្នុងតំបន់ កុំឲ្យក្តៅជាងនេះ។
បើទោះបីជាអំពាវនាវឲ្យភាគីអាមេរិក និងអ៊ីរ៉ង់ទប់កំហឹងក្តី រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno LP Marsudi នៅថ្ងៃទី៨ ខែមករា បានរៀបចំកិច្ចប្រជុំមួយជាមួយអ្នកតំណាងរបស់ខ្លួនប្រចាំនៅអ៊ីរ៉ង់ អ៊ីរ៉ាក់ និងក្រុមប្រឹក្សាសន្តិសុខ ដើម្បីជជែកពីបញ្ហាអ៊ីរ៉ង់ និងការរៀបចំផែនការជម្លៀសប្រជាជនរបស់ខ្លួន។
បើតាមអ្វីដែលលោកស្រី Retno ប្រាប់អ្នកកាសែត គម្រោងជម្លៀសប្រជាជនឥណ្ឌូណេស៊ី គឺធ្វើរួចរាល់តាំងពីសប្តាហ៍មុនមកម្លេះ ហើយកិច្ចប្រជុំសម្របសម្រួលជាមួយអ្នកតំណាងរបស់ខ្លួនមកពីប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ និងក្រុមប្រឹក្សាសន្តិសុខ គឺជាកិច្ចប្រជុំបង្កើតគម្រោងមួយ ដើម្បីដោះស្រាយពេលសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាកើតឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post ។
គម្រោងមួយនេះ គឺនិយាយពីការទំនុកបម្រុងប្រជាជន ដែលអាចរងផលប៉ះពាល់ខ្លាំង តម្រូវការចាំបាច់ និងច្រកសម្រាប់ជម្លៀសប្រជាជនផងដែរ។
ប៉ុន្តែយ៉ាងណា ប្រសិនបើសង្គ្រាមនៅអ៊ីរ៉ង់ ផ្ទុះឡើងមែន វានឹងពិបាកសម្រាប់ឥណ្ឌូណេស៊ី ក្នុងការជម្លៀសប្រជាជន ព្រោះប្រជាជនឥណ្ឌូណេស៊ីភាគច្រើនជានិស្សិត រស់នៅក្នុងទីក្រុងតេហេរ៉ង់ និងទីក្រុង Qom ហើយមានតែមនុស្សតែបីនាក់ប៉ុណ្ណោះរស់នៅតាមព្រំដែន។ នេះបើតាមការអះអាងអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅអ៊ីរ៉ង់។
សូមបញ្ជាក់ថា ប្រជាជនឥណ្ឌូណេស៊ី ប្រមាណជាជាង ៧០ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប្រជាជនឥណ្ឌូណេស៊ីនៅក្នុងអ៊ីរ៉ង់មានត្រឹមតែ ៤០៦នាក់ និងអ៊ីរ៉ាក់មានចំនួន ៨៥០នាក់ តែប៉ុណ្ណោះ។ មកទល់ពេលនេះ មានប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៣ មានផែនការជម្លៀសប្រជាជនចេញពីតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមាន ឥណ្ឌូណេស៊ី ថៃ និងហ្វីលីពីន ៕
Tag:
ឥណ្ឌូណេស៊ី
អ៊ីរ៉ាក់
អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com