អន្តរជាតិ
WHO៖ ជំងឺ​រលាក​សួត​នៅ​ចិន អាចពាក់ព័ន្ធ​ទៅនឹង​វីរុស​ថ្មី ដែល​អាច​ឲ្យ​កើត​ជំងឺ​SARS
09, Jan 2020 , 7:19 pm        
រូបភាព
ប្រជាជនចិនពាក់ម៉ាស់ ដើម្បីបង្ការជំងឺរលាកសួត។ រូបភាព៖ South China Morning Post
ប្រជាជនចិនពាក់ម៉ាស់ ដើម្បីបង្ការជំងឺរលាកសួត។ រូបភាព៖ South China Morning Post
​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី​៨ ខែមករា អះអាងថា ករណី​ជំងឺ​រលាក​សួត​នៅក្នុង​ប្រទេស​ចិន​ជាង ៥០​ករណី នាទី​ក្រុង Wuhan អាចមាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សួត​កម្រិតធ្ងន់ SARS និង MERS បាន​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​សង្ស័យ​របស់​អង្គការ​សុខភាព​ពិភពលោក​ប៉ុណ្ណោះ ព្រោះ​អ្នកជំនាញ ត្រូវការ​ព័ត៌មាន​ជាច្រើន​ទៀត​។​


 
​ជំងឺ​រលាក​ផ្លូវដង្ហើម​មួយ​ប្រភេទ បាន​ផ្ទុះឡើង​នាទី​ក្រុង Wuhan ចិន តាំងពី​ខែធ្នូ ឆ្នាំ​២០១៩ មក​ម្លេះ​។ រហូតមកដល់​ថ្ងៃទី​៥ មករា អាជ្ញាធរ​ចិន បាន​រកឃើញថា ជំងឺ​ប្រភេទ​នេះ មាន​ចំនួន ៥៩​ករណី ប៉ុន្តែ​វា​មិនមាន​ជា​ជំងឺ​រលាក​សួត​កម្រិតធ្ងន់ SARS ឬ​ជំងឺឆ្លង​ផ្សេងទៀត​នោះទេ​។ 
 
​យ៉ាងណាក៏ដោយ តាម​របាយការណ៍​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក ជំងឺ​រលាក​ផ្លូវដង្ហើម​នៅ​ចិន​បច្ចុប្បន្ន អាចមាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺ SARS និង MERS និង​ជំងឺឆ្លង​។ ប៉ុន្តែ​យ៉ាងណា​ដ៏​ដោយ អ្នកជំនាញ​ត្រូវការ​ព័ត៌មាន​ជាច្រើន​ទៀត​ទាក់ទង​ទៅនឹង​វីរុស​ប្រភេទ​ថ្មី​នេះ ដើម្បី​សន្និដ្ឋាន ថា​តើ​វីរុស​នេះ ដែល​អាច​បង្ក​ឲ្យ​បាត់បង់​ជី​វិ​តិ​ឬក៏​អត់​។ 
 
​វីរុស Coronaviruses គឺជា​ប្រភេទ​វីរុស​មេ ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា ទៅជា​ជំងឺ​រលាក​សួត​កម្រិតធ្ងន់ SASR និង MERS​។ ប៉ុន្តែ​ប្រភេទ​ខ្លះ​នៃ​វីរុស​នេះ គឺ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ហើយ​ប្រភេទ​ខ្លះទៀត គឺ​បង្ក​គ្រោះថ្នាក់​ខ្លាំង ដែល​អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​បាន​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ព័ត៌មាន​ដំបូង​ជុំវិញ​ជំងឺ​រលាក​សួត​នៅ​ចិន បានចង្អុលបង្ហាញ​ថា វីរុស​Coronaviruses អាចមាន​វីរុស​ថ្មី​មួយទៀត ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺ SARS និង MERS បាន​។​
 
​ជាការ​ពិត​ជំងឺ SARS គឺជា​ជំងឺ​រលាក​សួត​កម្រិតធ្ងន់​មួយ ដែល​កើតចេញពី​ភាគខាងត្បូង​ប្រទេស​ចិន នា​ខេត្ត​Guangdong ក្នុង​ឆ្នាំ​២០០៣​។ ជំងឺ​នេះ គឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​ក្អក ឬ​កណ្តាស់​។ ចំណែក MERS វិញ ក៏មាន​ស្ថានភាព​ជំងឺ​ដូច SARS​ដែរ ប៉ុន្តែ​ជំងឺ​MERS គឺ​ផ្ទុះឡើង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា នា​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នា​ឆ្នាំ​២០១២​។ 
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះ ក៏បាន​បញ្ជាក់ថា​អាជ្ញាធរ​ចិន បាន​ដឹកនាំ​ពិសោធន៍ និង​រក​វិធី​លុបបំបាត់ចោល​វីរុស Coronaviruses និង​ជំងឺ​ផ្សេងទៀត​ដែរ​។ បានន័យថា ចិន​មិនបាន​ទាត់ចោល​ឡើយ​ថា ជំងឺ​រលាក​សួត​នៅ​ទីក្រុង Wuhan អាចមាន​ផ្ទុក​វីរុស​ថ្មី​នេះ​។ 
 
​សូមបញ្ជាក់ថា ជំងឺ​រលាក​សួត SARS បាន​ផ្ទុះឡើង​ម្តង​ហើយ​នា​ប្រទេស​ចិន ក្នុង​ឆ្នាំ ២០០៣ ។ ពេលនោះ​ជំងឺ SARS បាន​រីក​សាយភាយ​យ៉ាង​លឿង​នៅក្នុង​ទីក្រុង​មួយចំនួន​របស់​ចិន ដែល​បង្ក​ឲ្យ​មនុស្ស​ចំនួន ៨០០០​នាក់​ឆ្លង់​ជំងឺ​មួយ​នេះ ហើយ​មនុស្ស​ចំនួន ៧៧៥ បាន​បាត់​បង់ជីវិត ៕

Tag:
 ចិន​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com