ជាតិ
អ្នកនិពន្ធ ប៊ី​វ ឆៃ​លាង ទទួលមរណភាព​ក្នុង​អាយុ​៩០​ឆ្នាំ ដោយ​បន្សល់ទុក​ស្នាដៃ​ជាច្រើន​
09, Jan 2020 , 7:39 pm        
រូបភាព
​លោក ប៊ី​វ ឆៃ​លាង ជា​អ្នកនិពន្ធ​ប្រលោមលោក អ្នកដឹកនាំ​រឿងល្ខោន និង​ជាស​មិទ្ធ​ករ​ភាពយន្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា កាលពី​សម័យ​សង្គមរាស្ត្រនិយម​។ លោក​បានទទួល​មរណភាព កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ដោយ​ជរាពាធ ក្នុង​វ័យ​៩០​ឆ្នាំ​។ លោក​មានកូន​៩​នាក់ ក្នុងនោះ​ស្រី​៥​នាក់ ប៉ុន្តែ​មិនមាន​អ្នកណាម្នាក់​មាន​ឧបនិស្ស័យ​ខាង​និពន្ធ​ដូចជា​រូបលោក​នោះឡើយ​។​

 
​ប្រលោមលោក រឿងល្ខោន និង​ភាពយន្ត របស់លោក ប៊ី​វ ឆៃ​លាង បានរួម​ចំណែក​យ៉ាងខ្លាំង​ក្នុងការ​លើកកម្ពស់​អក្សរសិល្ប៍​ខ្មែរ ជាពិសេស​កាលពី​សម័យ​មុន​សង្គ្រាម​។ ស្នាដៃ​មួយចំនួន​បាន​បាត់បង់​ទាំងស្រុង រីឯ​ខ្លះទៀត​នៅសល់​ស្លាកស្នាម​ខ្លះ​សម្រាប់​ការស្រាវជ្រាវ​។ ក្រុមព្រះ​សុរិយា ក៏បាន​បង្ហាញ​ពី​សា្ន​ដៃ​ភាពយន្ត​មួយចំនួន​របស់លោក ប៊ី​វ ឆៃ​លាង ក្នុង Youtube ផ្លូវការ​របស់ខ្លួន​ផងដែរ​។​
 
 
​ឯកសារ​ស្រាវជ្រាវ​របស់លោក ឃី​ង ហុក​ឌី បានបង្ហាញ​ថា​លោក ប៊ី​វ ឆៃ​លាង បាន​និពន្ធ​ប្រលោមលោក រឿងល្ខោន និង​ភាពយន្ត​បាន​ជាង​៤០​ស្នាដៃ​។ រីឯ​ឯកសារ​ស្រាវជ្រាវ​របស់លោក វ៉ាន់ឌី កា​អុន បាន​បញ្ជាក់ថា ស្នាដៃ​របស់លោក ប៊ី​វ ឆៃ​លាង ភាគច្រើន​លើកឡើង​ជាពិសេស​អំពី​ស្មារតី​ស្នេហា​ជាតិ ស្នេហា​យុត្តិធម៌ និង​ពី​ចិត្តសប្បុរស​។ សម្រាប់​ប្រលោមលោក​មួយចំនួន លោក ប៊ី​វ ឆៃ​លាង តាក់តែង​ដោយ​ផ្អែក​តាម​ឯកសារ​មហា​បុរស​ខ្មែរ និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​។​
 
​ជាក់ស្តែង​ក្នុង​ខ្សែអាត់​ជា​សំឡេង​ជាង​៥​នាទី ដែល​អត្ថាធិប្បាយដោយ​លោក វ៉ាន់ឌី កា​អុន  ក្នុង​នាទី​វិភាគ​អក្សរសិល្ប៍​ខ្មែរ រឿង «​ព្រះ​មកុដ​ពេជ្រ​» ដែលជា​ស្នាដៃ​របស់លោក ប៊ី​វ ឆៃ​លាង ឆ្នាំ​១៩៥២ បាន​រៀបរាប់​ពី​ការតស៊ូរ​ស្វិតស្វាញ​រប​ស់​តួអង្គ ជាពិសេស​អំពី​សេចក្ដី​ស្មោះត្រង់​ចំពោះ​សាសនា ប្រទេសជាតិ និង​ព្រះមហាក្សត្រ​។​
 
​លោក វ៉ាន់ឌី កា​អុន បានបញ្ជាក់​ទៀតថា នៅ​ចន្លោះ​ឆ្នាំ​១៩៥២​ដល់​១៩៥៥ អ្នកអាន​ប្រលោមលោក​ខ្មែរ បាន​ចាប់អារម្មណ៍​ជាពិសេស លើ​ប្រភេទ​រឿង ការ​ផ្សងព្រេង និង​អាថ៌កំបាំង​របស់លោក ប៊ី​វ ឆៃ​លាង​។ លោក​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​សិល្បៈ​និទានរឿង​។ 


 
​បន្ទាប់ពី​បាន​និពន្ធ​រឿងល្ខោន​មួយ​ដែលមាន​ចំណងជើង​ថា «​ដំណក់ឈាម​លើ​ផ្កា​កុឡាប​» នៅ​ឆ្នាំ​១៩៥១ លោក ប៊ី​វ ឆៃ​លាង បាន​និពន្ធ​ប្រលោមលោក​មួយចំនួន ដោយ​យក​សម័យអង្គរ​ធ្វើជា​ក្របខណ្ឌ ឬ​ផ្អែកលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែលមាន​ក្នុង​ឯកសារ​មហា​បុរស ដូចជា​រឿង “​ព្រះ​មកុដ​ពេជ្រ​” “​រន្ទះ​ពេជ្រ​” “​វីរបុរស​” “​វិទ្យា​បុរស​”  “​ព្រះ​ចន្ទ​រាជា​” “​បក្សី​ចាំ​ក្រុង​” “​ព្រះខ័ន​រាជ​”​ជាដើម​។ ស្នាដៃ​ទាំងឡាយ​នេះ​ត្រូវបាន​បោះពុម្ពផ្សាយ​នៅ​ចន្លោះ​ឆ្នាំ​១៩៥២-១៩៥៥​។ ទន្ទឹមនឹងនេះ​អ្នកនិពន្ធ​លើកឡើង​ផងដែរ​អំពី​ការប្រយុទ្ធ​ស្លាប់​រស់​រវាង​សភាវ​ល្អ​និង​សភាវ​អាក្រក់ ដូចជា​នៅក្នុង​រឿង​”​ព្រះ​មកុដ​ពេជ្រ​”​ជាដើម​។ 
 
 លោក តាន់ សៀរ ដែល​ត្រូវជា​អតីត​សិស្ស​ក្នុង​ក្រុម​របាំ​របស់លោក ប៊ី​វ ឆៃ​លាង  បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកនិពន្ធ​រូបនេះ កើត​នៅ​ឆ្នាំ​១៩២៥ ប៉ុន្តែ​ឯកសារ​ទូទៅ​បង្ហាញថា លោក​បានកើត​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​១៩៣០ នៅ​ភូមិ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដោយមាន​ឪពុក​ឈ្មោះ ប៊ី​វ ឡៃ​លេង និង​ម្តាយ​ឈ្មោះ សូ លិ​ង​។ លោក​ជា​អ្នកនិពន្ធ ជា​ចាងហ្វាង​ផលិតកម្ម ឥន្ទ្រ​ទេវី​។ លោក​បាន​បង្កើត​សមាគម​វប្បធម៌ ឥន្ទ្រ​ទេវី ហើយ​លោក​ក៏​ជា​សហ​ស្ថាបនិក​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ ជាមួយ​មិត្ត​អ្នកនិពន្ធ​ខ្មែរ​ដទៃទៀត​នៅ​ឆ្នាំ​១៩៥៦ និង​ធ្លាប់បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុម​អភិបាល​ចំនួន​២​លើក​។ 
 
​ពី​ឆ្នាំ​១៩៥១​ដល់​១៩៦៧ លោក​បាន​និពន្ធ និង​បោះពុម្ពផ្សាយ​ប្រលោមលោក​ចំនួន​១៨​រឿង រួមទាំង​រឿងល្ខោន​។ ក្រោយពី​បានក្លាយ​ជា​ចាងហ្វាង​ផលិតកម្ម ឥន្ទ្រ​ទេវី​ភាពយន្ត លោក​បាន​យក​ប្រលោមលោក​ដែលជា​ស្នាដៃ​ផ្ទាល់ ទៅ​ថត​ជា​ខ្សែភាពយន្ត​។​
 
​ក្រោយពី​ប្រទេស​ធ្លាក់​ក្នុង​របប​ខ្មែរក្រហម គឺ​ពី​ថ្ងៃទី​២៩​ខែមករា ឆ្នាំ​១៩៧៦ លោក​បាន​ទៅ​រស់នៅ​ប្រទេស​បារាំង​។ នៅ​ប្រទេស​បារាំង លោក​បានចាប់ផ្ដើម​សមាគម​វប្បធម៌ “​ឥន្ទ្រ​ទេវី​” ដោយមាន​ក្រុម​របាំ​ប្រជាប្រិយ និង​បុរាណ ហើយ​បាន​សម្ដែង​រហូតដល់​ឆ្នាំ ១៩៩៣ បាន​ចំនួន​១១៤​លើក ទាំង​នៅក្នុង​ប្រទេស​បារាំង​និង​នៅ​អឺរ៉ុប ក្នុង​មហោស្រព​អន្តរជាតិ​។ លោក​បាន​បោះពុម្ព​ឡើងវិញ នូវ​ស្នាដៃ​ប្រលោមលោក​ដែល​បាន​រកឃើញ​នៅ​បណ្ណាគារ​នានា ក្នុងប្រទេស​បារាំង​និង​នៅ​សហរដ្ឋអាមេរិក ហើយ​លោក​នៅតែ​បន្ត​ការ​តែង​និពន្ធ​បន្តទៀត​។​


 
​ស្នាដៃ​អត្ថបទ​អក្ស​សិល្ប៍​របស់លោក ប៊ី​វ ឆៃ​លាង នៅ​ឆ្នាំ​១៩៥១​ដល់​ឆ្នាំ​១៩៩៣ រួមមាន​រឿង 

១ រឿង “​ដំណក់ឈាម​លើ​ផ្កា​កុលាប​” ជា​ប្រភេទ​រឿងល្ខោន និពន្ធ​ក្នុង​ឆ្នាំ​១៩៥១​នៅ​ភ្នំពេញ​។ 
២ រឿង “​ព្រះ​មកុដ​ពេជ្រ​” ប្រលោមលោក និពន្ធ​ឆ្នាំ​១៩៥២ នៅ​ភ្នំពេញ ហើយ​បោះពុម្ព​នៅ​ប៉ារីស​ឆ្នាំ​១៩៨៩​។ 
៣ រឿង “​វិទ្យា​បុរស​” ប្រលោមលោក និពន្ធ​ក្នុង​ឆ្នាំ​១៩៥៤ នៅ​ភ្នំពេញ​។ 
៤ រឿង “​ព្រះ​ចន្ទ​រាជា​” ជា​ប្រលោមលោក និពន្ធ​ក្នុង​ឆ្នាំ​១៩៥៥ នៅ​ភ្នំពេញ​។ 
៥ រឿង “​បក្សី​ចាំ​ក្រុង​” ជា​ប្រលោមលោក និពន្ធ​ឆ្នាំ​១៩៥៥ នៅ​ភ្នំពេញ​។ 
៦ រឿង “​ព្រះខ័ន​រាជ​”  ជា​ប្រលោមលោក និពន្ធ​ឆ្នាំ​១៩៥៥​។ 
៧ រឿង “​មហន្តរាយ​នៅ​រថភ្លើង​” ជា​ប្រលោមលោក និពន្ធ​ឆ្នាំ​១៩៥៦​។ 
៨ រឿង “​រដ្ឋប្រហារ​” ជា​ប្រលោមលោក និពន្ធ​ឆ្នាំ​១៩៥៦​នៅ​ភ្នំពេញ​។ 
៩ រឿង “​ជំទាវហិនហោច​” ជា​រឿងល្ខោន និពន្ធ​ឆ្នាំ​១៩៥៦​នៅ​ភ្នំពេញ​។ 
១០ រឿង “​នារីបដិវត្តន៍​” ជា​ប្រលោមលោក ឆ្នាំ​១៩៥៧ នៅ​ភ្នំពេញ​។ 
១១ រឿង “​ក្រពើ​នេន​ធន​” ជា​ប្រលោមលោក ឆ្នាំ​១៩៥៧​នៅ​ភ្នំពេញ​។ 
១២ រឿង “​នាង​សក់​ក្រអូប​” ជា​ប្រលោមលោក ឆ្នាំ​១៩៥៧​នៅ​ភ្នំពេញ​។ 
១៣ រឿង “​វិ​រក​ញ្ញា​” ជា​ប្រលោមលោក ឆ្នាំ​១៩៥៧​នៅ​ភ្នំពេញ​។ 
១៤ រឿង “​សិរី​សួស្ដី និង​អពមង្គល​” ជា​ប្រលោមលោក ឆ្នាំ​១៩៥៧​នៅ​ភ្នំពេញ​។ 
១៥ រឿង “​ឆ្នាំ​១៩៥៨​មើល​ក្រោយ​ផង​” ជា​ប្រលោមលោក ឆ្នាំ​១៩៥៨​នៅ​ភ្នំពេញ​។ 
១៦ រឿង “​ឧទ្ទាម​ភ្នំ​រអាង​” ជា​ប្រលោមលោក ១៩៥៨​នៅ​ភ្នំពេញ​។ 
១៧ រឿង “​ដែនដី​គោកធ្លក​” ជា​ប្រលោមលោក ឆ្នាំ​១៩៥៨ នៅ​ភ្នំពេញ​។ 
១៨ រឿង “​ព្រះ​នាង​សោមា​” ជា​ប្រ​ល​លោម​លោក ឆ្នាំ​១៩៥៨​នៅ​ភ្នំពេញ​។​
១៩ រឿង “​ព្រះបាទ​ហ៊ុនទៀន​” ជា​ប្រលោមលោក ឆ្នាំ​១៩៥៩ នៅ​ភ្នំពេញ​។ 
២០ រឿង “​សេនា​ដៃ​ដែក​” ជា​ប្រលោមលោក ឆ្នាំ​១៩៦២​នៅ​ភ្នំពេញ​។ 
២១ រឿង “​អន្លង់​វាសនា​” ជា​ប្រលោមលោក ឆ្នាំ​១៩៦២​នៅ​ភ្នំពេញ​។ 
២២ រឿង “​ការកេត​” ជា​ប្រលោមលោក ឆ្នាំ​១៩៦៣ ភ្នំពេញ​។ 
២៣ រឿង “​កង​កម្ម​កង​កែវ​” ជា​ប្រលោមលោក ឆ្នាំ​១៩៦៤ បោះពុម្ព​នៅ​ប៉ារីស ឆ្នាំ​១៩៨៨​។ 
២៤ រឿង “​ស្រមោល​នាង​អក្ខរា​” ជា​ប្រលោមលោក ឆ្នាំ​១៩៦៤​នៅ​ភ្នំពេញ​។ 
២៥ រឿង “​កាលណា​ផ្កា​រីក​” ជា​ប្រលោមលោក ឆ្នាំ​១៩៦៧ នៅ​ភ្នំពេញ​។ 
២៦ រឿង “​បេះដូង​ម៉ែ​កណ្ដាល​ស្នេហ៍​កម្ម​” ជា​ប្រលោមលោក មាន​២​ភាគ ឆ្នាំ​១៩៨៩ និពន្ធ​នៅ​ប៉ារីស​។ 
២៧ រឿង "​បិសាច​នៅ​ព្រៃ​បង់បត់​" ជា​ប្រលោមលោក ឆ្នាំ​១៩៩៣ នៅ​ប៉ារីស​។ 


 
​សម្រាប់​ស្នាដៃ​ក្នុង​វណ្ណ​កម្ម​ភាពយន្ត​ឥន្ទ្រ​ទេវី​រួមមាន​៖ 
 
១ រឿង “​មើល​ក្រោយ​ផង​” ផលិត​ឆ្នាំ​១៩៦២ តួ​សម្ដែង​មាន ស ស៊ី​យ៉ា​វុ​ទ្ធ ម៉ម ស៊ី​ផាន់​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ 
២ រឿង “​បុប្ផា​ទល់ដែន​” ឆ្នាំ​១៩៦៣ តួ​សម្ដែង ណុប ណែម ឌី សា​វ៉េ​ត ព្រាប សំបូរ​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ 
៣ រឿង “​កង​កម្ម​កង​កែវ​” ឆ្នាំ​១៩៦៤ តួ​សម្ដែង ជា យុទ្ធ​ថន គឹម ណូ​វ៉ា អ៊ី គឹម​សួ​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ កង​កម្ម​កង​កែវ​(solo), ទ្រុង​អនាថា​(solo)​។ 
៤ រឿង “​អន្លង់​វាសនា​” ឆ្នាំ​១៩៦៤ តួ​សម្ដែង មាស សំអែល ឌី សា​វ៉េ​ត​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។​
៥ រឿង “​កាលណា​ផ្កា​រីក​” ១៩៦៥ តួ​សម្ដែង ជា យុទ្ធ​ថន សោម វណ្ណ​សូ​ដា​នី​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ កាលណា​ផ្កា​រីក​(duo)​។ 
៦ រឿង “​នាង​ការកេត​” (neang karaketh) ឆ្នាំ​១៩៦៥ តួ​សម្ដែង ជា យុទ្ធ​ថន សោម វណ្ណ​សូ​ដា​នី​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ ជំនួញ​នាង​ការកេត​(solo) នាង​ការកេត​(solo)​។​
៧ រឿង “​នាង​សក់​ក្រអូប​” ឆ្នាំ​១៩៦៦ តួ​សម្ដែង វណ្ណ វណ្ណៈ សោម វណ្ណ​សូ​ដា​នី​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។  កែវ បញ្ចពណ៌​(duo) ទំនួញ​កែវ​បញ្ចពណ៌​(duo)​។​
៨ រឿង “​ស្រមោល​អក្ខរា​” ១៩៦៦ តួ​សម្ដែង គង់ សំអឿន Pich Kam Nhan Rath​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ បំណុល​កម្ម​(solo) ព្យុះកម្ម​(solo)​។​
៩ រឿង “​នាង​កែវ​ណា​ម៉ា​” ឆ្នាំ​១៩៦៧ (​កំណែ​ទី​២)​។ តួ​សម្ដែង វណ្ណ វណ្ណៈ សោម វណ្ណ​សូ​ដា​នី​។  វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។​
១០ រឿង “​នាង​កាកី​” ឆ្នាំ​១៩៦៧ តួ​សម្ដែង វណ្ណ វណ្ណៈ ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី សូ ហ៊ាន យី គី​លែ​ន​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ ក្បួន​កាកី​(solo) សំណៅ​កាកី​(solo)​។​
១១ រឿង “​នាង​ពិម្ពា​ស​ជាតិ​” ឆ្នាំ​១៩៦៨ តួ​សម្ដែង គង់ សំអឿន សោម វណ្ណ​សូ​ដា​នី​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ អ្នក​ម្ដាយ​(solo) បំណុល​កម្ម​(duo)​។​
១២ រឿង “​នាង​ច័ន្ទ​គ្រឿ​ហ្វា​” ឆ្នាំ​១៩៦៩ តួ​សម្ដែង គង់ សំអឿន សោម វណ្ណ​សូ​ដា​នី​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ សម្ផស្ស​ចន្ទ​គ្រឿ​ហ្វា (duo) សំណោក​ចន្ទ​គ្រឿ​ហ្វា​(solo) កម្រងផ្កា​ភួង​(solo)​។​
១៣ រឿង “​រតនា​វង្ស​” ឆ្នាំ​១៩៧០ តួ​សម្ដែង គង់ សំអឿន  ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី សោម វណ្ណ​សូ​ដា​នី​។  វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ ស្នេហា​រតនា​វង្ស​(duo) រតនា​វង្ស សុគន្ធា​រស​(solo)​។​
១៤ រឿង “​ទាវ​ឯក​” ឆ្នាំ​១៩៧២ តួ​សម្ដែង គង់ សំអឿន ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី យី គី​លែ​ន សេង បុ​ទុម​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ ស្នេហា​ទុំ​ទាវ​(duo) វាំងនន​នាង​ទាវ​(solo) សើច​ទាំង​ទឹកភ្នែក​(solo) ចម្រៀង​ទាវ​ឯក​(duo) ចម្រៀង​នោ​និង​ពេជ្រ​(duo)​។​
១៥ រឿង "​ព្រះមហា​មោគ្គលាន​" ឆ្នាំ​១៩៧៤ តួ​សម្ដែង គង់ សំអឿន ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី នី សេង បុ​ទុម​។ វណ្ណ​កម្ម​ភាពយន្ត ឥន្ទ្រ​ទេវី ចាងហ្វាង​ផលិតកម្ម ប៊ី​វ ឆៃ​លាង​។ កុលបុត្រ​បំពេ​ម្ដាយ​(duo) និស្ស័យ​កម្ម​ព្រះមហា​មោគ្គលាន​(solo) សម្រស់​នាង​បក្សី​(duo) ចម្លើយ​នាង​ព្រាហ្មណី​(duo)៕


Tag:
 ប៊ី​វ ឆៃ​លាង​
  អ្នកនិពន្ធ​
  អក្សរសិល្ប៍​
  អក្សរសាស្ត្រ​
  ស្នាដៃ​
 ​និពន្ធ​
  ប្រលោមលោក​
  ភាពយន្ត​
 ​ល្ខោន
© រក្សាសិទ្ធិដោយ thmeythmey.com