លោក ប៊ីវ ឆៃលាង ជាអ្នកនិពន្ធប្រលោមលោក អ្នកដឹកនាំរឿងល្ខោន និងជាសមិទ្ធករភាពយន្តដ៏ល្បីល្បាញរបស់កម្ពុជា កាលពីសម័យសង្គមរាស្ត្រនិយម។ លោកបានទទួលមរណភាព កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅក្រុងប៉ារីស ប្រទេសបារាំង ដោយជរាពាធ ក្នុងវ័យ៩០ឆ្នាំ។ លោកមានកូន៩នាក់ ក្នុងនោះស្រី៥នាក់ ប៉ុន្តែមិនមានអ្នកណាម្នាក់មានឧបនិស្ស័យខាងនិពន្ធដូចជារូបលោកនោះឡើយ។
ប្រលោមលោក រឿងល្ខោន និងភាពយន្ត របស់លោក ប៊ីវ ឆៃលាង បានរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកម្ពស់អក្សរសិល្ប៍ខ្មែរ ជាពិសេសកាលពីសម័យមុនសង្គ្រាម។ ស្នាដៃមួយចំនួនបានបាត់បង់ទាំងស្រុង រីឯខ្លះទៀតនៅសល់ស្លាកស្នាមខ្លះសម្រាប់ការស្រាវជ្រាវ។ ក្រុមព្រះសុរិយា ក៏បានបង្ហាញពីសា្នដៃភាពយន្តមួយចំនួនរបស់លោក ប៊ីវ ឆៃលាង ក្នុង Youtube ផ្លូវការរបស់ខ្លួនផងដែរ។
ឯកសារស្រាវជ្រាវរបស់លោក ឃីង ហុកឌី បានបង្ហាញថាលោក ប៊ីវ ឆៃលាង បាននិពន្ធប្រលោមលោក រឿងល្ខោន និងភាពយន្តបានជាង៤០ស្នាដៃ។ រីឯឯកសារស្រាវជ្រាវរបស់លោក វ៉ាន់ឌី កាអុន បានបញ្ជាក់ថា ស្នាដៃរបស់លោក ប៊ីវ ឆៃលាង ភាគច្រើនលើកឡើងជាពិសេសអំពីស្មារតីស្នេហាជាតិ ស្នេហាយុត្តិធម៌ និងពីចិត្តសប្បុរស។ សម្រាប់ប្រលោមលោកមួយចំនួន លោក ប៊ីវ ឆៃលាង តាក់តែងដោយផ្អែកតាមឯកសារមហាបុរសខ្មែរ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ។
ជាក់ស្តែងក្នុងខ្សែអាត់ជាសំឡេងជាង៥នាទី ដែលអត្ថាធិប្បាយដោយលោក វ៉ាន់ឌី កាអុន ក្នុងនាទីវិភាគអក្សរសិល្ប៍ខ្មែរ រឿង «ព្រះមកុដពេជ្រ» ដែលជាស្នាដៃរបស់លោក ប៊ីវ ឆៃលាង ឆ្នាំ១៩៥២ បានរៀបរាប់ពីការតស៊ូរស្វិតស្វាញរបស់តួអង្គ ជាពិសេសអំពីសេចក្ដីស្មោះត្រង់ចំពោះសាសនា ប្រទេសជាតិ និងព្រះមហាក្សត្រ។
លោក វ៉ាន់ឌី កាអុន បានបញ្ជាក់ទៀតថា នៅចន្លោះឆ្នាំ១៩៥២ដល់១៩៥៥ អ្នកអានប្រលោមលោកខ្មែរ បានចាប់អារម្មណ៍ជាពិសេស លើប្រភេទរឿង ការផ្សងព្រេង និងអាថ៌កំបាំងរបស់លោក ប៊ីវ ឆៃលាង។ លោកមានទេពកោសល្យខ្ពស់ក្នុងសិល្បៈនិទានរឿង។
បន្ទាប់ពីបាននិពន្ធរឿងល្ខោនមួយដែលមានចំណងជើងថា «ដំណក់ឈាមលើផ្កាកុឡាប» នៅឆ្នាំ១៩៥១ លោក ប៊ីវ ឆៃលាង បាននិពន្ធប្រលោមលោកមួយចំនួន ដោយយកសម័យអង្គរធ្វើជាក្របខណ្ឌ ឬផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានក្នុងឯកសារមហាបុរស ដូចជារឿង “ព្រះមកុដពេជ្រ” “រន្ទះពេជ្រ” “វីរបុរស” “វិទ្យាបុរស” “ព្រះចន្ទរាជា” “បក្សីចាំក្រុង” “ព្រះខ័នរាជ”ជាដើម។ ស្នាដៃទាំងឡាយនេះត្រូវបានបោះពុម្ពផ្សាយនៅចន្លោះឆ្នាំ១៩៥២-១៩៥៥។ ទន្ទឹមនឹងនេះអ្នកនិពន្ធលើកឡើងផងដែរអំពីការប្រយុទ្ធស្លាប់រស់រវាងសភាវល្អនិងសភាវអាក្រក់ ដូចជានៅក្នុងរឿង”ព្រះមកុដពេជ្រ”ជាដើម។
លោក តាន់ សៀរ ដែលត្រូវជាអតីតសិស្សក្នុងក្រុមរបាំរបស់លោក ប៊ីវ ឆៃលាង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា អ្នកនិពន្ធរូបនេះ កើតនៅឆ្នាំ១៩២៥ ប៉ុន្តែឯកសារទូទៅបង្ហាញថា លោកបានកើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៣០ នៅភូមិជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានឪពុកឈ្មោះ ប៊ីវ ឡៃលេង និងម្តាយឈ្មោះ សូ លិង។ លោកជាអ្នកនិពន្ធ ជាចាងហ្វាងផលិតកម្ម ឥន្ទ្រទេវី។ លោកបានបង្កើតសមាគមវប្បធម៌ ឥន្ទ្រទេវី ហើយលោកក៏ជាសហស្ថាបនិកបង្កើតសមាគមអ្នកនិពន្ធខ្មែរ ជាមួយមិត្តអ្នកនិពន្ធខ្មែរដទៃទៀតនៅឆ្នាំ១៩៥៦ និងធ្លាប់បានជាប់ឆ្នោតជាសមាជិកក្រុមអភិបាលចំនួន២លើក។
ពីឆ្នាំ១៩៥១ដល់១៩៦៧ លោកបាននិពន្ធ និងបោះពុម្ពផ្សាយប្រលោមលោកចំនួន១៨រឿង រួមទាំងរឿងល្ខោន។ ក្រោយពីបានក្លាយជាចាងហ្វាងផលិតកម្ម ឥន្ទ្រទេវីភាពយន្ត លោកបានយកប្រលោមលោកដែលជាស្នាដៃផ្ទាល់ ទៅថតជាខ្សែភាពយន្ត។
ក្រោយពីប្រទេសធ្លាក់ក្នុងរបបខ្មែរក្រហម គឺពីថ្ងៃទី២៩ខែមករា ឆ្នាំ១៩៧៦ លោកបានទៅរស់នៅប្រទេសបារាំង។ នៅប្រទេសបារាំង លោកបានចាប់ផ្ដើមសមាគមវប្បធម៌ “ឥន្ទ្រទេវី” ដោយមានក្រុមរបាំប្រជាប្រិយ និងបុរាណ ហើយបានសម្ដែងរហូតដល់ឆ្នាំ ១៩៩៣ បានចំនួន១១៤លើក ទាំងនៅក្នុងប្រទេសបារាំងនិងនៅអឺរ៉ុប ក្នុងមហោស្រពអន្តរជាតិ។ លោកបានបោះពុម្ពឡើងវិញ នូវស្នាដៃប្រលោមលោកដែលបានរកឃើញនៅបណ្ណាគារនានា ក្នុងប្រទេសបារាំងនិងនៅសហរដ្ឋអាមេរិក ហើយលោកនៅតែបន្តការតែងនិពន្ធបន្តទៀត។
ស្នាដៃអត្ថបទអក្សសិល្ប៍របស់លោក ប៊ីវ ឆៃលាង នៅឆ្នាំ១៩៥១ដល់ឆ្នាំ១៩៩៣ រួមមានរឿង
១ រឿង “ដំណក់ឈាមលើផ្កាកុលាប” ជាប្រភេទរឿងល្ខោន និពន្ធក្នុងឆ្នាំ១៩៥១នៅភ្នំពេញ។
២ រឿង “ព្រះមកុដពេជ្រ” ប្រលោមលោក និពន្ធឆ្នាំ១៩៥២ នៅភ្នំពេញ ហើយបោះពុម្ពនៅប៉ារីសឆ្នាំ១៩៨៩។
៣ រឿង “វិទ្យាបុរស” ប្រលោមលោក និពន្ធក្នុងឆ្នាំ១៩៥៤ នៅភ្នំពេញ។
៤ រឿង “ព្រះចន្ទរាជា” ជាប្រលោមលោក និពន្ធក្នុងឆ្នាំ១៩៥៥ នៅភ្នំពេញ។
៥ រឿង “បក្សីចាំក្រុង” ជាប្រលោមលោក និពន្ធឆ្នាំ១៩៥៥ នៅភ្នំពេញ។
៦ រឿង “ព្រះខ័នរាជ” ជាប្រលោមលោក និពន្ធឆ្នាំ១៩៥៥។
៧ រឿង “មហន្តរាយនៅរថភ្លើង” ជាប្រលោមលោក និពន្ធឆ្នាំ១៩៥៦។
៨ រឿង “រដ្ឋប្រហារ” ជាប្រលោមលោក និពន្ធឆ្នាំ១៩៥៦នៅភ្នំពេញ។
៩ រឿង “ជំទាវហិនហោច” ជារឿងល្ខោន និពន្ធឆ្នាំ១៩៥៦នៅភ្នំពេញ។
១០ រឿង “នារីបដិវត្តន៍” ជាប្រលោមលោក ឆ្នាំ១៩៥៧ នៅភ្នំពេញ។
១១ រឿង “ក្រពើនេនធន” ជាប្រលោមលោក ឆ្នាំ១៩៥៧នៅភ្នំពេញ។
១២ រឿង “នាងសក់ក្រអូប” ជាប្រលោមលោក ឆ្នាំ១៩៥៧នៅភ្នំពេញ។
១៣ រឿង “វិរកញ្ញា” ជាប្រលោមលោក ឆ្នាំ១៩៥៧នៅភ្នំពេញ។
១៤ រឿង “សិរីសួស្ដី និងអពមង្គល” ជាប្រលោមលោក ឆ្នាំ១៩៥៧នៅភ្នំពេញ។
១៥ រឿង “ឆ្នាំ១៩៥៨មើលក្រោយផង” ជាប្រលោមលោក ឆ្នាំ១៩៥៨នៅភ្នំពេញ។
១៦ រឿង “ឧទ្ទាមភ្នំរអាង” ជាប្រលោមលោក ១៩៥៨នៅភ្នំពេញ។
១៧ រឿង “ដែនដីគោកធ្លក” ជាប្រលោមលោក ឆ្នាំ១៩៥៨ នៅភ្នំពេញ។
១៨ រឿង “ព្រះនាងសោមា” ជាប្រលលោមលោក ឆ្នាំ១៩៥៨នៅភ្នំពេញ។
១៩ រឿង “ព្រះបាទហ៊ុនទៀន” ជាប្រលោមលោក ឆ្នាំ១៩៥៩ នៅភ្នំពេញ។
២០ រឿង “សេនាដៃដែក” ជាប្រលោមលោក ឆ្នាំ១៩៦២នៅភ្នំពេញ។
២១ រឿង “អន្លង់វាសនា” ជាប្រលោមលោក ឆ្នាំ១៩៦២នៅភ្នំពេញ។
២២ រឿង “ការកេត” ជាប្រលោមលោក ឆ្នាំ១៩៦៣ ភ្នំពេញ។
២៣ រឿង “កងកម្មកងកែវ” ជាប្រលោមលោក ឆ្នាំ១៩៦៤ បោះពុម្ពនៅប៉ារីស ឆ្នាំ១៩៨៨។
២៤ រឿង “ស្រមោលនាងអក្ខរា” ជាប្រលោមលោក ឆ្នាំ១៩៦៤នៅភ្នំពេញ។
២៥ រឿង “កាលណាផ្ការីក” ជាប្រលោមលោក ឆ្នាំ១៩៦៧ នៅភ្នំពេញ។
២៦ រឿង “បេះដូងម៉ែកណ្ដាលស្នេហ៍កម្ម” ជាប្រលោមលោក មាន២ភាគ ឆ្នាំ១៩៨៩ និពន្ធនៅប៉ារីស។
២៧ រឿង "បិសាចនៅព្រៃបង់បត់" ជាប្រលោមលោក ឆ្នាំ១៩៩៣ នៅប៉ារីស។
សម្រាប់ស្នាដៃក្នុងវណ្ណកម្មភាពយន្តឥន្ទ្រទេវីរួមមាន៖
១ រឿង “មើលក្រោយផង” ផលិតឆ្នាំ១៩៦២ តួសម្ដែងមាន ស ស៊ីយ៉ាវុទ្ធ ម៉ម ស៊ីផាន់។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។
២ រឿង “បុប្ផាទល់ដែន” ឆ្នាំ១៩៦៣ តួសម្ដែង ណុប ណែម ឌី សាវ៉េត ព្រាប សំបូរ។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។
៣ រឿង “កងកម្មកងកែវ” ឆ្នាំ១៩៦៤ តួសម្ដែង ជា យុទ្ធថន គឹម ណូវ៉ា អ៊ី គឹមសួ។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ កងកម្មកងកែវ(solo), ទ្រុងអនាថា(solo)។
៤ រឿង “អន្លង់វាសនា” ឆ្នាំ១៩៦៤ តួសម្ដែង មាស សំអែល ឌី សាវ៉េត។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។
៥ រឿង “កាលណាផ្ការីក” ១៩៦៥ តួសម្ដែង ជា យុទ្ធថន សោម វណ្ណសូដានី។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ កាលណាផ្ការីក(duo)។
៦ រឿង “នាងការកេត” (neang karaketh) ឆ្នាំ១៩៦៥ តួសម្ដែង ជា យុទ្ធថន សោម វណ្ណសូដានី។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ ជំនួញនាងការកេត(solo) នាងការកេត(solo)។
៧ រឿង “នាងសក់ក្រអូប” ឆ្នាំ១៩៦៦ តួសម្ដែង វណ្ណ វណ្ណៈ សោម វណ្ណសូដានី។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ កែវ បញ្ចពណ៌(duo) ទំនួញកែវបញ្ចពណ៌(duo)។
៨ រឿង “ស្រមោលអក្ខរា” ១៩៦៦ តួសម្ដែង គង់ សំអឿន Pich Kam Nhan Rath។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ បំណុលកម្ម(solo) ព្យុះកម្ម(solo)។
៩ រឿង “នាងកែវណាម៉ា” ឆ្នាំ១៩៦៧ (កំណែទី២)។ តួសម្ដែង វណ្ណ វណ្ណៈ សោម វណ្ណសូដានី។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។
១០ រឿង “នាងកាកី” ឆ្នាំ១៩៦៧ តួសម្ដែង វណ្ណ វណ្ណៈ ទិត្យ វិជ្ជរ៉ាដានី សូ ហ៊ាន យី គីលែន។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ ក្បួនកាកី(solo) សំណៅកាកី(solo)។
១១ រឿង “នាងពិម្ពាសជាតិ” ឆ្នាំ១៩៦៨ តួសម្ដែង គង់ សំអឿន សោម វណ្ណសូដានី។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ អ្នកម្ដាយ(solo) បំណុលកម្ម(duo)។
១២ រឿង “នាងច័ន្ទគ្រឿហ្វា” ឆ្នាំ១៩៦៩ តួសម្ដែង គង់ សំអឿន សោម វណ្ណសូដានី។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ សម្ផស្សចន្ទគ្រឿហ្វា (duo) សំណោកចន្ទគ្រឿហ្វា(solo) កម្រងផ្កាភួង(solo)។
១៣ រឿង “រតនាវង្ស” ឆ្នាំ១៩៧០ តួសម្ដែង គង់ សំអឿន ទិត្យ វិជ្ជរ៉ាដានី សោម វណ្ណសូដានី។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ ស្នេហារតនាវង្ស(duo) រតនាវង្ស សុគន្ធារស(solo)។
១៤ រឿង “ទាវឯក” ឆ្នាំ១៩៧២ តួសម្ដែង គង់ សំអឿន ទិត្យ វិជ្ជរ៉ាដានី យី គីលែន សេង បុទុម។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ ស្នេហាទុំទាវ(duo) វាំងនននាងទាវ(solo) សើចទាំងទឹកភ្នែក(solo) ចម្រៀងទាវឯក(duo) ចម្រៀងនោនិងពេជ្រ(duo)។
១៥ រឿង "ព្រះមហាមោគ្គលាន" ឆ្នាំ១៩៧៤ តួសម្ដែង គង់ សំអឿន ទិត្យ វិជ្ជរ៉ាដានី នី សេង បុទុម។ វណ្ណកម្មភាពយន្ត ឥន្ទ្រទេវី ចាងហ្វាងផលិតកម្ម ប៊ីវ ឆៃលាង។ កុលបុត្របំពេម្ដាយ(duo) និស្ស័យកម្មព្រះមហាមោគ្គលាន(solo) សម្រស់នាងបក្សី(duo) ចម្លើយនាងព្រាហ្មណី(duo)៕