កីឡាអន្តរជាតិ
អន្តរជាតិ
AFC U23៖ Tien Linh ថា​ជោគជ័យ​របស់​វៀតណាម នឹង​ជំរុញ​ក្រុម​នៅ​ប្រទេសជិតខាង​
09, Jan 2020 , 8:19 pm        
រូបភាព
Nguyen Tien Linh ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម ហ៊ាន​អះអាងថា​ភាពជោគជ័យ​របស់​ក្រុម​ខ្លួន​សព្វថ្ងៃ នឹង​ជំរុញ​ទឹកចិត្ត​ប្រទេសជិតខាង​ឲ្យ​កាន់តែ​ប្រឹងប្រែង​ឡើង ដើម្បី​ភាព​រីកចម្រើន​វិស័យ​កីឡាបាល់ទាត់​របស់​ពួកគេ​។ Tien Linh និយាយ​ដូច្នេះ អំឡុង​រូបគេ​ទៅដល់​ប្រទេស​ថៃ ដើម្បី​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់ AFC U23 Championship ឆ្នាំ​២០២០​។​


 
​កាលពី​២​ឆ្នាំមុន ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​របស់​វៀតណាម ទទួលបាន​រងជើង​ឯក ពាន AFC U23 ដែល​រៀបចំ​នៅ​ប្រទេស​ចិន ក្រោយ​ចាញ់​អ៊ូ​ស​បេ​គី​ស្ថាន ២-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​ពីរ​ឆ្នាំក្រោយ ពោលគឺ​នៅ​ឆ្នាំ ២០២០​នេះ វៀតណាម​ទទួលបាន​កៅអី​ទៅ​ប្រជែង​ពាន​ប្រចាំ​តំបន់​អាស៊ី​នេះ​ជាថ្មី​។ ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ Tien Linh ដែល​ទើប​ជួយ​វៀតណាម​ឈ្នះ​មេដាយមាស​វិញ្ញាសា​បាល់ទាត់​បុរស ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ឆ្នាំ​២០១៩ បានបង្ហាញ​ការជឿជាក់​លើ​ក្រុម​របស់ខ្លួន​យ៉ាងខ្លាំង​ក្នុងការ​ប្រជែង​យកពាន AFF Cup នេះ​។
​សមិទ្ធផល និង​ភាពខ្លាំង​របស់​ក្រុម​ផ្កាយ​មាស​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ ដែល​រួមមាន​ការឈាន​ដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ AFC Asian Cup 2019 និង​ការ​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម​ជាដើម​នោះ សុទ្ធសឹង​ជា​ទុន​សម្រាប់​វៀតណាម​។​
 
«​បាល់ទាត់​វៀតណាម​បាន​ពង្រឹង​ស្ថានភាព​របស់ខ្លួន​ក្នុង​រយៈពេល ២ ឆ្នាំកន្លងមក ហើយក៏​បានបង្ហាញ​ពី​ការអភិវឌ្ឍ​ដ៏​គួរកត់សម្គាល់​ផងដែរ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​ជាស​ញ្ញា​ល្អ​មួយ​សម្រាប់​បាល់ទាត់​វៀតណាម​ក៏ដូចជា​បាល់ទាត់​ក្នុង​តំបន់​ដែល​កំពុងមាន​ភាពចាស់ទុំ​នាពេល​បច្ចុប្បន្ន​។ វឌ្ឍនភាព​ទាំងអស់នេះ ក៏​មានន័យថា​បាល់ទាត់​វៀតណាម​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​អន្តរជាតិ​បន្ថែមទៀត​ផងដែរ​»​។ នេះ​ជាការ​លើកឡើង​របស់ Tien Linh ខ្សែប្រយុទ្ធ​ក្រុម Becamex Binh Duong F.C នៃ​លី​គ​បាល់ទាត់​កំពូល​វៀតណាម​។​
 
Tien Linh ដែល​ស៊ុត​ពី​ចម្ងាយ ដើម្បី​ជួ​យស​ម្រើ​ជាតិ​ឈុត​ធំ​វៀតណាម​យកឈ្នះ​អេ​មី​រ៉ា​ត​អារ៉ាប់​រូ​ម​ក្នុង​វគ្គ​ជម្រុះ World Cup ២០២២ កន្លងមក​បន្ថែមថា ការរីកចម្រើន​របស់​បាល់ទាត់​វៀតណាម នឹង​ជួយ​ក្រុម​នៅ​អាស៊ីអាគ្នេយ៍​ទាំងអស់ មាន​កម្លាំងចិត្ត​ថែមទៀត​ដើម្បី​ខិតខំ​ឆ្ពោះទៅមុខ​ដល់​កម្រិត​ថ្មី​មួយ​នៅក្នុង​តំបន់​។​
 
«​សម្រាប់​ខ្ញុំ មុន​ពេលដែល​ខ្ញុំ​មាន​អាយុ​៣០​ឆ្នាំ ខ្ញុំ​ចង់​លេង​នៅក្នុង​ការប្រកួត​ជាច្រើន​។ មហិច្ឆតា​ធំ​បំផុត​របស់ខ្ញុំ​គឺ​លេង FIFA World Cup ជាមួយ​វៀតណាម​»​។​
 
U23 វៀតណាម​នឹងត្រូវ​បើកឆាក​ការប្រកួត​ដំបូង​ទល់នឹង​អេ​មី​រ៉ា​ត​អារ៉ាប់​រូ​ម ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D នៅ​ថ្ងៃ​សុក្រ​ទី​១០ ខែមករា វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច [​ម៉ោង​នៅ​ក​ម្ពូ​ជា​] នា​កីឡដ្ឋាន Buriram​។ ក្នុង​ពូ​ល D មាន​៤​ក្រុម​ដូចជា ហ្សកដានី កូរ៉េខាងជើង អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​វៀតណាម​៕
 

Tag:
 Nguyen Tien Linh
  វៀតណាម​
  AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com