កីឡាជាតិ
ជាតិ
កីឡាករ ឃួន ឡាបូរ៉ាវី បញ្ចប់អាជីពជាកីឡាករ ក្នុងវ័យ៣១ឆ្នាំ
× ខ្សែប្រយុទ្ធជើងចាស់របស់បឹងកេត ឃួន ឡាបូរ៉ាវី បានប្រកាសចូលនិវត្តពីអាជីពជាកីឡាករបាល់ទាត់ក្នុងវ័យ៣១ឆ្នាំ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបាល់ទាត់បឹងកេត។
ក្រោយប្រឡូកជាកីឡាករបាល់ទាត់អស់រយៈពេលជាង១០ឆ្នាំ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ កីឡាករ ឃួន ឡាបូរ៉ាវី ដែលមានវ័យត្រឹមតែ៣១ឆ្នាំ បានសម្រេចបញ្ចប់អាជីពជាកីឡាករ។ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងខ្សែប្រយុទ្ទក្លិបបឹងកេតរូបនេះឡើយ។
តែយ៉ាងណាកីឡាករមកពីខេត្តកំពង់ចាម ដែលប្រកបអាជីពបាល់ទាត់តាំងពីឆ្នាំ២០០៨រូបនេះ ទំនងជាមិនចាកឆ្ងាយពីវិស័យកីឡាបាល់ទាត់នោះទេ ព្រោះកន្លងមក ឡាបូរ៉ាវី ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា រូបគេនឹងទៅធ្វើជាគ្រូបង្វឹកយុវជនថ្នាល ក្រោមដំបូលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ឡាបូរ៉ាវី បានចូលប្រឡូកក្នុងក្លិបបាល់ទាត់អាជីពដំបូងជាមួយព្រះខ័នរាជស្វាយរៀងចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៤។ ក្រោយរួមរស់បានប្រមាណ៦ឆ្នាំ កីឡាកររូបនេះ បានផ្ទេរទៅចូលរួមជាមួយក្លិបបឹងកេតនៅឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៨។ ក្នុងអំឡុងពេលរួមរស់ជាមួយបឹងកេត រ៉ាវី បានជួយឲ្យក្លិបនេះលើកពានលីគកំពូលចំនួនពីរលើកនៅឆ្នាំ២០១៦ និង ២០១៧។
នៅដើមឆ្នាំ២០១៨ ខ្សែប្រយុទ្ធរូបនេះ បានចេញទៅប្រកបអាជីពនៅក្រៅប្រទេសជាលើកដំបូង ដោយចុះកិច្ចសន្យាលេងឲ្យក្លិបលំដាប់ទី៤ថៃ Surat Thani។ ប៉ុន្តែការចេញទៅប្រកបអាជីពនៅក្រៅប្រទេសនេះ រ៉ាវី មិនទទួលបានជោគជ័យនោះទេ ដោយរូបគេបានជាមួយក្លិបនេះវិញ ក្រោយរួមរស់បានពាក់កណ្តាលរដូវកាល។ បន្ទាប់មកកីឡាកររូបនេះ ក៏ត្រឡប់មកចូលរួមជាមួយក្លិបបឹងកេតសាជាថ្មីរហូតបំណាច់រដូវកាលឆ្នាំ២០១៩៕
Tag:
បាល់ទាត់
ឃួន ឡាបូរ៉ាវី
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com